កសិករ​ខ្មែរ​កំពុង​រងគ្រោះ​ដោយសារ​ស្រូវ ដំឡូង​មី និង​កសិផល​ផ្សេងៗ​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​

ប្រជាកសិករ​ដែល​ប្រកប​របរ​ដាំដំឡូង​មី​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ប្រឈម​នឹង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ផល​ដំឡូង​មី​របស់​ពួកគាត់​ត្រូវ​ឈ្មួញ​បញ្ចុះតម្លៃ​នៅត្រឹម​១៥០​ទៅ​១៦០​រៀល​ក្នុង​១​គីឡូក្រាម ដែល​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ដំឡូង​មី​ស្រស់​មានតម្លៃ​ពី​៣០០​ទៅ​៤០០​រៀល​ក្នុង​១​គីឡូក្រាម​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាកសិករ​រាប់ពាន់​គ្រួសារ​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ប្រឈម​នឹង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ ហើយ​ពុំមាន​ថវិកា​សងបំណុល​ទៅ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​បានឡើយ​។ តាម​ការអះអាង​របស់​កសិករ​នៅ​ឃុំ​ជាំ​ក្រវៀន បាន​ឲ្យ​ដឹងថា ចំណូល​ពី​ការលក់​ដំឡូង​មី​នៅ​ឆ្នាំ​២០១៦​នេះ គ្រាន់តែ​ទូទាត់​ថ្លៃ​ជី ថ្លៃ​ថ្នាំ​សម្លាប់​សត្វល្អិត និង​កម្លាំង​ពលកម្ម​មិន​រួច​ផង ដូច្នេះ​ពួកគាត់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ជាបន្ទាន់ ធ្វើយ៉ាងណា​កុំ​ឲ្យ​តម្លៃ​ដំឡូង​មី​ស្រស់​ធ្លាក់ចុះ​ហួសហេតុ​ពេក​។

ចំណែក​ប្រជាកសិករ​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​ជាដើម កំពុង​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ក្នុងខណៈដែល​ឈ្មួញ​ដើរ​ប្រមូល​ទិញស្រូវ​ក្នុងតម្លៃ​យ៉ាង​ទាប​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការខាតបង់ ហើយ​ជំពាក់​បំណុល​គេ​គ្មានអ្វី​សង​ឡើយ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន​តម្លៃ​ស្រូវ​ផ្កាម្លិះ​ក្រអូប​ក្នុង​១​គីឡូក្រាម​ជាង​១០០០​រៀល ប៉ុន្តែ​នៅ​ឆ្នាំនេះ​គ្រាន់តែ​ប្រមូល​ផល​ដំបូង​ឈ្មួញ​បន្ទាប​តម្លៃ​នៅសល់​១​គីឡូក្រាម​៨៥០​រៀល​ឬ​អាច​ទាប​ជាង​នេះ ព្រោះ​មិនសូវមាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដូច​កាលពីមុន​ឡើយ​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ហើយ​រដ្ឋាភិបាល​គួរ​មានការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហាលំបាក​របស់​កសិក​រ​ផងដែរ​។

សម្រាប់​កសិករ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ដោយសារតែ​ផ្លែ​ល្ពៅ​និង​ត្រឡាច​របស់​ពួកគាត់​គ្មាន​ឈ្មួញ​ប្រមូល​ទិញ ហើយ​បើ​ទិញ​វិញ​គឺ​ត្រឹម​តម្លៃ​១៥០​ទៅ​២០០​រៀល​ក្នុង​១​គីឡូក្រាម​។ បច្ចុប្បន្ន​ផ្លែ​ល្ពៅ​និង​ត្រឡាច​របស់​កសិករ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន រាប់សិប​តោន​ត្រូវបាន​ទុកចោល​ឲ្យ​ស្អុយរលួយ​នៅតាម​មុខផ្ទះ ព្រោះ​គ្មាន​ឈ្មួញ​ដើរ​ទិញ​យកទៅលក់​នៅ​ប្រទេស​សៀម​ដូច​កាលពីមុន​ទៀត​។ កសិករ​នៅ​ឃុំ​ស្រយង់ បាន​រំលឹកថា​ពួកគាត់​គ្រួសារ​ខ្លះ​ចំណាយ​ទុន​រាប់លាន​រៀល​ដើម្បី​ដាំ​ល្ពៅ​និង​ត្រឡាច ដោយ​សង្ឃឹម​ទទួលបាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ព្រោះ​គ្មាន​ឈ្មួញ​ដើរ​ទិញ​នាំ​ចេញទៅ​ប្រទេស​ថៃ​ឡើយ​។ តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​គូលែន បាន​ឲ្យ​ដឹងថា កាលពី​ខែឧសភា និង​ខែមិថុនា ល្ពៅ​ក្នុង​១​គីឡូក្រាម​អាច​លក់បាន​២៥០០​ទៅ​៣០០០​រៀល ប៉ុន្តែ​ឥឡូវនេះ​នៅត្រឹម​១៥០​ទៅ​២០០​រៀល​ធ្វើ​ឲ្យ​អ្នកភូមិ​ត្រូវ​ប្រឈម​នឹង​ខាតបង់​គួរ​ឲ្យ​ព្រួយបារម្ភ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​សៀម​មិន​ទទួល​ទិញ​ល្ពៅ​ពី​ខែ្មរ​ទេ ហេតុនេះហើយ​ទើប​ផ្លែ​ល្ពៅ​ក្នុងស្រុក​គូលែន រាប់សិប​តោន​ត្រូវ​គរ​ចោល​ទុក​ឲ្យ​ស្អុយរលួយ ហើយ​កសិករ​កំពុង​អស់សង្ឃឹម​ក្នុង​ជីវភាព​រស់នៅ​៕

14322758_331979430473613_163075287379472222_n 14355800_331979423806947_7847886342574858700_n 3-94 2-113