សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជំរុញ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​គាប​សង្កត់​ផ្នែក​ប្រតិបត្តិ​សាសនា

តំណាង​ព្រះសង្ឃ​ខ្មែរក្រោម និង​មន្ត្រី​ជាន់​ខ្ពស់​សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ថ្មី ដែល​ជាប់​ឆ្នោត​នៅ​ខែ​វិច្ឆិកា ខាង​មុខ យកចិត្តទុកដាក់​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។ ការលើកឡើង​នេះ បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​មួយ​ស្តីពី «សេរីភាព​សាសនា​នៅ​វៀតណាម» កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា នៅ​វិទ្យាស្ថាន​ហាដ់សុន (Hudson Institute) នៃ​មជ្ឈមណ្ឌល​សេរីភាព​សាសនា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន។

អនុ​ប្រធាន​សហព័ន្ធ​ខ្មែរក្រោម​ពិភពលោក លោក ប្រាក់ សេរីវុឌ្ឍ ដែល​បាន​ចូលរួម​ជា​វាគ្មិន​មួយ​រូប​ក្នុង​វេទិកា​នោះ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​កញ្ញា ថា លោក​បាន​រៀបរាប់​ពី​ស្ថានការណ៍​ដ៏​លំបាក​របស់​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះសង្ឃ ដែល​រង​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង​ពី​អាជ្ញាធរ​វៀតណាម៖ «តាម​ផ្លូវ​សាសនា​គឺ​ពុំ​មាន​សេរីភាព​ទេ។ នៅ​តាម​វត្តអារាម​គេ​គាបសង្កត់​ខ្លាំង ព្រះសង្ឃ​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ទេ។ ខ្ញុំ​បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង មេត្តា​ចាប់​អារម្មណ៍​ចំពោះ​ទុក្ខ​វេទនា​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ធ្លាប់​បូជា​ជីវិត ការពារ​ជីវិត​របស់​ទ័ព​អាមេរិកាំង សម័យ​សង្គ្រាម​វៀតណាម។ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម នៅ​តែ​ធ្វើ​បាប សងសឹក ជា​ពិសេស​ជនជាតិដើម​ខ្មែរ​ក្រោម ដូច្នេះ​ត្រូវ​ជួយ​ពួក​យើងខ្ញុំ​ដែល​ស្មោះត្រង់​ជាមួយ​សហរដ្ឋ​អាមេរិក»

​លោក​បន្ត​ថា អតីត​ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាសនា លោក អេលៀត អាប្រាមស៍ (Elliott Abrams) បាន​ថ្កោលទោស​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែល​បាន​លុបចោល​វិញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​វៀតណាម និង​ដក​វៀតណាម ចេញ​ពី​បញ្ជី​ខ្មៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​វៀតណាម កាល​ពី​​ខែ​ឧសភា ឆ្នាំ​២០១៦៖ «គេ​យក​រឿង​នេះ​មក​និយាយ​ថា វៀតណាម​មិន​ទាន់​បើក​សេរីភាព​ពី​រឿង​ការ​គោរព​សាសនា​ទេ ហើយ​គេ​មាន​ភស្តុងតាង​គ្រប់គ្រាន់ មាន​អ្នក​ជាប់គុក ដូចជា​ព្រះសង្ឃ​ខ្មែរក្រោម។ ដូច្នេះ​ហើយ​គេ​យក​យោបល់​នេះ​ទៅ​និយាយ​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ថ្មី​នៃ​គណបក្ស​ទាំង​ពីរ គេ​ថា អ្នក​ណា​មួយ​ក៏ដោយ​នៅ​ពេល​ជាប់​ឆ្នោត​ហើយ ត្រូវ​ឲ្យ​សើរើ​បញ្ហា​វៀតណាម ឡើង​វិញ រឿង​ជិះជាន់ និង​ដាក់​វៀតណាម ក្នុង​បញ្ជី​ស្បែក​ខ្មៅ​វិញ»

​លោក ប្រាក់ សេរីវុឌ្ឍ បន្ត​ថា ក្នុង​វេទិកា​នេះ​ដែរ ព្រះតេជព្រះគុណ គឹម មឿន តំណាង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ក៏​មាន​ថេរដីកា​អំពី​ប្រវត្តិ​ព្រះអង្គ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម វាយ​ធ្វើ​បាប និង​ដាក់​ពន្ធនាគារ​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាង ១០០​នាក់ មក​ពី​ស្ថាប័ន​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​តំណាង​អង្គការ​ខាង​ផ្នែក​សាសនា​វៀតណាម និង​ម៉ុងតាញ៉ា ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។