ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី ឆ្លៀត​និយាយ​រឿង​សិទ្ធិមនុស្ស​នៅ​អង់គ្លេស​ក្នុង​ដំណើរ​ទៅ​អាមេរិក​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-14-2016, 10:18 am         266

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី ឆ្លៀត​និយាយ​រឿង​សិទ្ធិមនុស្ស​នៅ​អង់គ្លេស​ក្នុង​ដំណើរ​ទៅ​អាមេរិក​លោក​ស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ស្វាគមន៍​ដំណើរទស្សនកិច្ច​របស់​លោក​ស្រី Suu Kyi។ រូបថត Getty Images​ក្នុង​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ឈប់​សំចត​នៅ​ទឹកដី​អង់គ្លេស ជាទី​លោកស្រី​ធ្លាប់​រៀនសូត្រ និង​រស់នៅ​កាលពី​អតីត​។ នៅ​អង់គ្លេស ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ក៏​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ក៏ដូចជា​ប្រមុខ​ការទូត​ប្រទេស​នេះ ខណៈដែល​បញ្ហា​សិទ្ធិមនុស្ស ជា​របៀបវារៈ​សំខាន់​នៃ​ទស្សនកិច្ច​របស់លោក​ស្រី ស៊ូ​ជី នៅ​អង់គ្លេស​។

​មេដឹកនាំ​ដឹកនាំ de Facto (​មេដឹកនាំ​មានអំណាច​ពិតប្រាកដ​) មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស លោកស្រី Theresa May ក្នុង​ដំណើរ​លើកដំបូង​ទៅកាន់​អង់គ្លេស ក្នុងនាម​ជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​។ លើ​ទឹកដី​អតីត​អាណានិគម​របស់ខ្លួន មេដឹកនាំ​ទាំងពីរ ក៏បាន​លើកឡើង​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ប្រឈម​នានា ក្នុងពេល​អន្តរកាល​នៃ​ការផ្លាស់ប្ដូរ​ពី​ការដឹកនាំ​បែប​យោធា​ទៅកាន់​ប្រជាធិបតេយ្យ​។​

​បន្ទាប់ពី​ជំនួប​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់ថា លោកស្រី May និង​លោកស្រី ស៊ូ​ជី យល់ស្រប​គ្នា​លើ​ការបង្កើត​សង្គម​ថ្មី​មួយ​សម្រាប់​ប្រជាជន​ទាំងអស់គ្នា តាមរយៈ​ការបង្កើត​ការងារ ការទទួលបាន​ប្រព័ន្ធ​សុខាភិបាល​ដែលមាន​គុណភាព ក៏ដូចជា​ការកែទម្រង់​ប្រព័ន្ធ​អប់រំ​ផងដែរ​។ ជាមួយគ្នានេះ ក្រុង​ឡុង​ដ៍ ក៏​ត្រៀម​ផ្ដល់ជំនួយ​បន្ថែមទៀត​ឲ្យ​មី​យ៉ាន់​ម៉ា ដើម្បី​អភិវឌ្ឍ​ប្រទេស រួមទាំង​កញ្ចប់​ទឹកប្រាក់​១១៨​លាន​ផោន​ដែរ​។​

​កា​រិ​យា​ល័​លោកស្រី Theresa May បន្តទៀតថា នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏បាន​លើកឡើង​ពី​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​របប​យោធា​ដែល​ដឹកនាំ​មី​យ៉ាន់​ម៉ា អស់​ពេល​ជាង​កន្លះ​សតវត្សរ៍​មក​នោះ​។ ប៉ុន្តែ​បន្ទាប់ពី​ការចាកចេញ​របស់​យោធា លោកស្រី ស៊ូ​ជី ដែល​បក្ស​លោកស្រី​ឈ្នះឆ្នោត​នោះ មិនអាច​ធ្វើជា​ប្រធានាធិបតី​បានទេ ដ្បិត​មានការ​រារាំង​ពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា នៅមុន​ចាកចេញ​ទៅកាន់​អាមេរិក លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ ក៏ ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Boris Johnson ដើម្បី​ពិភាក្សា​ទំនាក់ទំនង ប្រទេស​ទាំងពីរ ដែល​ក្នុងនោះ​បញ្ហា​នៅ​រដ្ឋ Rakhine ក៏ត្រូវ​លើកឡើង​មក​ដែរ​។ ប្រមុខ​ការទូត​អង់គ្លេស បាន​ស្វាគមន៍​ការបង្កើត​គណៈកម្មការ​ផ្ដល់​ប្រឹក្សា​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​រដ្ឋ Rakhine ដែល​ដឹកនាំ​ដោយ​អតីត​ប្រមុខ​អង្គការសហប្រជាជាតិ Kofi Annan​។  

​យ៉ាងណាក្ដី គណៈកម្មការ​ផ្ដល់​ប្រឹក្សា​នេះ មិនបាន​ទ​ទូល​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​របស់ Rakhine ឡើយ ដោយសារ​មាន​វត្តមាន​ជនបរទេស​នោះ​។ ជាក់ស្ដែង​នោះ ក្នុង​ដំណើរ​ទៅកាន់​រដ្ឋ​ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ លោក Kofi Annan ត្រូវ​ទទួល​ការស្វាគមន៍​ដោយ​បាតុកម្ម​តវ៉ា ដែល​ប្រឆាំង​វត្តមាន​ជនបរទេស​នៅក្នុង​ការដោះស្រាយ​ជម្លោះ​រវាង​ជន​មូស្លីម​ភាគតិច និង​សហគមន៍​ពុទ្ធសាសនិក​ភាគច្រើន​៕