យុទ្ធនាការតវ៉ា​​​ថ្ងៃច័ន្ទ​​​ពណ៌ខ្មៅ​​​ជាប់គាំង​​​នៅ​​​ត្រឹម​​​សប្តាហ៍ទី១៩

យុទ្ធនាការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” បានជាប់គាំងកាលពីម្សិលមិញ នៅពេលសកម្មជនមិនបានចេញតវ៉ាតាមដងផ្លូវ ហើយបាត់ពីក្រសែភ្នែករបស់សាធារណជនជាលើកដំបូងចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្ដើមកាលពី១៩សប្ដាហ៍មុនមក។ ចាប់តាំងពីខែឧសភាមក សកម្មជនមកពីតំបន់រងគ្រោះដោយសារការបណ្ដេញចេញនានាទូទាំងរាជធានីភ្នំពេញ តែងតែប្រមូលផ្ដុំគ្នា ឬហែក្បួនដើម្បីធ្វើការទាមទារចំណុចជាច្រើនចាប់ពីការដោះលែងមន្ត្រីសិទ្ធិមនុស្សមកពីអង្គការអាដហុក  ហើយតែងតែត្រូវបានអាជ្ញាធរកៀងប្រមូល  និងចាប់ខ្លួនពីបទបំពានបម្រាមលើយុទ្ធនាការនេះ។ កាលពីខែមុន អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដែលជាសកម្មជន ត្រូវបានចាប់ខ្លួន ខណៈក្រុមអ្នកតវ៉ាគ្រវីទង់របស់អង្គការសហប្រជាជាតិ ហើយដាក់បណ្ដាសារូបទីងមោងតំណាងឱ្យមន្ត្រីតុលាការ ហើយក្រោយមកត្រូវបានសម្រេចឱ្យជាប់ទោសពីបទ “ប្រមាថ” មន្ត្រី។ កាលពីម្សិលមិញ  យុទ្ធនាការនេះមានសកម្មភាពត្រឹមតែបង្ហោះសារតិចតួចតាមហ្វេសប៊ុកប៉ុណ្ណោះ។ អ្នកស្រី ភោគ សុភិន សកម្មជនមកពីសហគមន៍បុរីកីឡា ដែលត្រូវបានចាប់ខ្លួនជាច្រើនលើកអំឡុងយុទ្ធនាការនេះនិយាយថា ដើម្បីឲ្យការតវ៉ាតាមដងផ្លូវមួយមានប្រសិទ្ធភាព ត្រូវការអ្នកចូលរួមយ៉ាងតិច១០នាក់។ អ្នកស្រីបានចោទជាសំណួរថា “តើឱ្យយើងធ្វើយុទ្ធនាការលើបញ្ហាធំមួយម៉េចនឹងកើត ពេលមានមនុស្សតែពីរបីនាក់?  បើគេចាប់ពួកយើង គ្មានមនុស្សច្រើនដើម្បីតវ៉ាស្រែកឡូឡា  និងដាក់គំនាបអាជ្ញាធរឱ្យដោះលែងពួកយើងទេ”។ កញ្ញា សុង ស្រីលាភ សកម្មជនបឹងកក់បានអះអាងថា យុទ្ធនាការតវ៉ានេះដែលជាធម្មតាអ្នកចូលរួមពាក់អាវយឺតខ្មៅ មានសកម្មភាពតែតាមបណ្ដាញទំនាក់ទំនងសង្គមប៉ុណ្ណោះ គឺរយៈពេលមួយសប្ដាហ៍មកហើយ។ “យើងពាក់អាវខ្មៅ ហើយបង្ហោះតាមហ្វេសប៊ុក។ វាមិនខុសគ្នាអីប៉ុន្មានទេ ហើយវានៅតែជាសារចេញពីពួកយើង បើយើងគ្មានសកម្មជនច្រើន”។ ទោះបីជាពួកគេមិនបានប្រមូលផ្ដុំគ្មានជាសាធារណៈក្ដី ក៏សកម្មជនរូបនេះនិយាយថា ”យើងមិនដែលនៅស្ងៀមទេ ព្រោះយើងនៅតែមានឆន្ទៈ យ៉ាងហោចណាស់ក៏បង្ហោះតាមហ្វេសប៊ុកដែរ”។ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលធ្លាប់ចេញមុខខ្លាំងក្នុងយុទ្ធនាការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ  ប៉ុន្តែឈប់ចូលរួមការតវ៉ានេះវិញចាប់តាំងពីពេលនោះមក មានប្រសាសន៍ថា សកម្មជនមិនចាំបាច់ចេញទៅតវ៉ាតាមដងផ្លូវដដែលៗឡើយ។ លោកគូសបញ្ជាក់ថា ”យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមិនមានន័យថា យើងត្រូវប្រមូលផ្ដុំគ្នាគ្រប់ពេលទេ។ ពួកគាត់អាចប្រារព្ធវាបានតាមរយៈការថតរូបបង្ហោះតាមហ្វេសប៊ុក”៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. No part of […]

The post យុទ្ធនាការតវ៉ា​​​ថ្ងៃច័ន្ទ​​​ពណ៌ខ្មៅ​​​ជាប់គាំង​​​នៅ​​​ត្រឹម​​​សប្តាហ៍ទី១៩ appeared first on The Cambodia Daily.