កម្ពុជា​ថ្កោលទោស​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​​​កូរ៉េ​ខាង​ជើង

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ កញ្ញា ​២០១៦ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ជា​ភាសា​អង់គ្លេស​មួយ (​កោះសន្តិភាព​បកប្រែ​ក្រៅផ្លូវការ​) ​ថា កម្ពុជា​បាន​សម្ដែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦ ដែល​ជា​ការ​គំរាមកំហែង​ដល់​ដំណោះស្រាយ​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​អាច​ធ្វើ​ឲ្យ​កាន់តែ​អាក្រក់​ឡើង​ពី​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ដែល​​កំពុង​កើត​មាន​ស្រាប់ ។

សេចក្តីថ្លែងការណ៍​បាន​លើក​ឡើង​ថា កម្ពុជា​សូម​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​ហៅ​ការ​សាក​នោះ​ថា ជា​ការ​បំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ការ​សាកល្បង​អាវុធ​នុយ​ក្លែ​អ៊ែ​របស់​កូរ៉េ​ខាងជើង​ក្នុង​ស​ប្ដា​ហ៍​នេះ​។

សេចក្តីថ្លែងការណ៍​ដដែល​បន្ដ​ថា កម្ពុជា​គាំទ្រ​ឧបទ្វីប​កូរ៉េ​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​មួយ​នេះ​មាន​សន្ដិភាព និង​ស្ថិរភាព ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សមាជិកសមាគម​កូរ៉េ​ខាងត្បូង​ប្រមាណ​៤៥​នាក់ កាល​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ម្សិលមិញ​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្នាក់​ការ​សមាគម​របស់​ខ្លួន​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បន្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ដែល​ធ្វើ​ឡើង​ម្តង​ហើយ​ម្តងទៀត​។

បាតុកម្ម​តវ៉ា​ដែល​មាន​បដា​និង​រូបថត​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងជើង​នេះ បាន​ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ និង​ប្រទេស​មហាអំណាច ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ការ​បន្ត​អភិវឌ្ឍន៍​អាវុធ​នុយ​ក្លេ​អ៊ៃ​រ កម្ទេច​អាវុធ​នុយក្លេអ៊ែរ និង​គិតគូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស ព្រោះ​មិនមែន​តែ​ប្រទេស​កូរ៉េ​ខាងត្បូង​ទេ​ដែល​ប៉ះពាល់​ពី​ការ​សាកល្បង​នេះ តែ​ក៏​មាន​ប្រទេស​ដទៃ​ទៀត​បាន​រង​ផល​ប៉ះពាល់​ដែរ ។

លោក Chei Ck.Absalom ប្រធាន​សមាគម​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា នៅ​រសៀល​នោះ​ថា សមាជិកសមាគម​ប្រមាណ​៤៥​នាក់​បាន​មក​តវ៉ា​នា​ពេល​នេះ​ជា​សារ​មួយ​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​មហាអំណាច​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​បន្ត​សាកល្បង​អាវុធ​ប្រល័យ​លោក​របស់​កូរ៉េ​ខាងជើង ដែល​រហូត​ដល់​ពេល​នេះ​មាន​ចំនួន​៥​ដង​មក​ហើយ ។

លោក​ប្រធាន​សមាគម​រូប​នេះ​បាន​បញ្ជាក់​ថា មាន​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​កំពុង​ស្នាក់​នៅ​កម្ពុជា​ប្រមាណ​ជា​២​ម៉ឺន​នាក់​សុទ្ធ​សឹង​ជា​បុគ្គ​លិក ក្រុមហ៊ុន​ឯកជន អ្នកជំនួញ​ និង​អ្នក​ផ្តល់​សេវាកម្ម​នានា ​ដែល​ជា​សមាជិកសមាគម ហើយ​អ្នក​ដែល​មក​ធ្វើ​បាតុកម្ម​នា​ពេល​នេះ​គឺ​តំណាង​ឲ្យ​អ្នក​ទាំងនោះ ។ លោក​ថា​៖ « ពលរដ្ឋ​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត ក៏​ធ្វើការ​តវ៉ា​ដូច​គ្នា​នេះ​ដែរ ដូច​ជា​នៅ​សហរដ្ឋអាមេរិក ជាដើម ដូច​គ្នា​នឹង​កម្ពុជា ពួក​គេ​នឹង​តវ៉ា​បែប​នេះ​» ។

លោក​ប្រធាន​សមាគម​បាន​លើក​ឡើង​ថា អ្នកចូលរួម​បាតុកម្ម​មាន​ចំនួន​តិច​មែន តែ​វា​ជា​សារ​មួយ​ដល់​ពិភពលោក​ទាំងមូល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​សាកល្បង​អាវុធ​ប្រល័យ​មនុស្ស​របស់​ប្រទេស​កូរ៉េ​ខាងជើង​បែប​នេះ​បន្ត​ទៀត ។ លោក​បន្ដ​ថា សហរដ្ឋអាមេរិក ចិន ជប៉ុន និង​សូ​វៀត ត្រូវ​តែ​មាន​សកម្មភាព​ទប់ស្កាត់​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េរ​ខាងជើង ឲ្យ​ខាង​តែ​បាន ។

លោក​សង្កត់ធ្ងន់​ថា ៖ « វា​មិនមែន​តែ​ប៉ះពាល់​ដល់​កូរ៉េ​ខាងត្បូង​ឬ​ឧបទ្វីប​កូរ៉េ​ខាងត្បូង​នោះ​ទេ គឺ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា ចិន ជប៉ុន និង​រុ​ស្ស៊ី ក៏​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​ដែរ »  ៕