លោកឌី រ័ត្នខេមរុណ ​៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ ​ជាសុខទុក្ខរបស់​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

រាជធានីភ្នំពេញ ៖ ​អភិបាលរងខណ្ឌមានជ័យ ​លោកឌី រ័ត្នខេមរុណ ​បានណែនំាដល់​ពលរដ្ឋក្នុងមូលដ្ឋានពិចារណា​អោយបាន​ច្បាស់​លាស់​ចំពោះការញុះញង់របស់បក្សប្រឆាំងឲ្យទៅ​ចូលរួមធ្វើមហាបាតុកម្មអហិង្សា​របស់គណបក្សសង្គ្រោះជាតិ​ ( CNRP ) ដែលតាមគម្រោងពួកគេនឹងធ្វើឡើង​នៅពេលឆាប់ៗខាងមុខនេះ ​ក្នុងគោលបំណងបង្កភាព​អន្តិសុខដល់នយោបាយជាតិ និងបាន​អំពាវនាវដល់ប្រជាពលរដ្ឋ​អោយទៅចុះឈ្មោះបោះឆ្នោត​អោយបានគ្រប់ៗគ្នា

ការថ្លែងរបស់លោកអភិបាលរងទៅកាន់ពលរដ្ឋ ​បានធ្វើឡើងនៅក្នុងពិធី​ចែកអំណោយមនុស្សធម៌​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហមកម្ពុជា​ ជូនពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារ ​រស់នៅក្នុងសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមាន​ជ័យ​ នាព្រឹកថ្ងៃទី១៤​ កញ្ញា ២០១៦ ។

ក្នុងឱកាសនេះដែរ​លោកអភិបាលរងខណ្ឌមានជ័យ​ ឌី រ័ត្នខេមរុណ ​ប្រធានអនុសាខាកាកបាទក្រហម​ប្រចាំខណ្ឌមានជ័យ បាន​មានប្រសាសន៍អោយដឹងថា​ «ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ ​គឺជាការមើលឃើញជាក់ស្តែង​ពីសុខទុក្ខលំបាក​របស់បងប្អូន ​ពីសំណាក់កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន ​រ៉ានី ​ហ៊ុនសែន ជាប្រធាន »។

លោកប្រធានអនុសាខាកាកបាទក្រហម​ខណ្ឌមានជ័យ​ក៍បានពំានំានូវក្តីនឹករលឹកយ៉ាងក្រៃលែង​ផងដែរ​​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន​ ជូនចំពោះប្រជាពលរដ្ឋក្រីក្រទំាង១០គ្រួសារ ។​ លោកឌី រ័ត្នខេមរុណ ​បន្ថែមថា​«ថ្វីត្បិតតែពេល​នេះ​សម្តេចមិន​មានវត្តមាននៅទីនេះពិតប្រាកដមែន​ ប៉ុន្តែចិត្តរបស់សម្តេចតែងឋិត​នៅក្បែរបងប្អូនជានិច្ច ​ដែលលោកតែងតែ​ក្រើន​រំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ​ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើ​ប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ​ចាស់ជរា អ្នកកើតជំងឺរុំារៃ ​ជាពិសេសជនមានផ្ទុកមេរោគអេដស៍ ​គឺមិនត្រូវមើលរំលងជាដាច់ខាត​ ព្រោះសុខទុក្ខរបស់​ពលរដ្ឋកម្ពុជា គឺជា​សុខទុក្ខ​របស់​សម្តេចកត្តិព្រឹទ្ធិបណ្ឌិត​ ប៊ុនរ៉ានី ​ហ៊ុនសែន ​ដូចគ្នា »។

អំណោយដែលត្រូវបានចែកជូន​ក្នុងមួយគ្រួសារៗទទួលបាន ​អង្គរមួយបាវទម្ងន់៣០គីឡូក្រាម ​ទឹកត្រី១យួរ​ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ​ ស្ករស០១គីឡូ ​ទឹកដោះគោ២កំប៉ុង​ មីយើង០១កេស ​ឃីត១ឈុត ( មុង ភួយ ក្រមា ) ​និងថវិកា៣ម៉ឺនរៀល ៕