រថយន្ត​របស់​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព នៅតែ​បន្ត​ដឹកឈើ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​

ប្រភពពី​សមត្ថកិច្ច​នៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​រថយន្ត​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព នៅតែ​បន្ត​ដឹកឈើ​ឆ្លងកាត់​ខេត្តក្រចេះ​យ៉ាង​រលូន គឺ​មិនទាន់​ផ្អាក​សកម្មភាព​ដូច​អ្វីដែល​ឧកញ៉ា ទ្រី ភាព ធ្លាប់បាន​អះអាង​នាពេល​កន្លងមក​នោះទេ​។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ បាន​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​១​គ្រឿង​នៅ​ចំណុច​ទល់មុខ​ស្នាក់ការ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្សា​រ​ដើម្បី​ត្រួតពិនិត្យ​។ ក៏ប៉ុន្តែ​ក្រោយពេល​ដឹងថា​រថយន្ត​យី​ឌុប​ដឹកឈើ​នោះ​ជា​របស់​ក្រុមហ៊ុន​ទ្រី​ភាព ទើប​លោក បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ សម្រេច​ដោះលែង​ភ្លាមៗ​តែម្តង​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​រហូតមក​ដល់ពេលនេះ រថយន្ត​ដែលមាន​ស្លាក​សញ្ញា​ក្រុមហ៊ុន​ទ្រី​ភាព តែងតែ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូលមក​ខេត្តក្រចេះ​ជា​ញឹកញាប់ ជាពិសេស​នៅពេល​យប់​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ បាន​បញ្ជាក់ថា​រថយន្ត​យី​ឌុប​ដែល​ត្រូវ​ឃាត់​កាលពី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​០៩ ខែកញ្ញា​នោះ មានច្បាប់​អនុញ្ញាត​ដឹកឈើ​១៨​ម៉ែត្រគូប ក៏ប៉ុន្តែ​គេ​ផ្ទុក​ប្រមាណ​ជាង​៣០​ម៉ែត្រគូប ហើយ​ពុំមាន​នរណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មានការ​ញញើត​យ៉ាងខ្លាំង​ចំពោះ​ឥទ្ធិពល​របស់​មេ​ឈ្មួញ ទ្រី ភាព ហើយ​កន្លងមក​សមត្ថ​កិច្ច​មួយចំនួន​សុខចិត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ផលប្រយោជន៍​តិចតួច​។

មជ្ឈដ្ឋាន​មួយចំនួន​បាន​កត់សម្គាល់ថា កន្លងមក​មាន​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​មួយចំនួន​ត្រូវបាន​លោក បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ឃាត់ទុក​ឆែកឆេរ​ហើយ​បើ​រកឃើញថា ផ្ទុក​ឈើ​លើស​ចំណុះ​លើសពី​ច្បាប់​អនុញ្ញាត​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការផាកពិន័យ​ជាមិនខាន​។ ក៏ប៉ុន្តែ​សម្រាប់​រថយន្ត​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព ទោះបី​ដឹកជញ្ជូន​លើស​ច្បាប់​កំណត់ ផ្ទុក​លើស​ទម្ងន់ ធ្វើ​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន​យ៉ាងណាក៏ដោយ ក៏​មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មិនតែប៉ុណ្ណោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ លោក ទ្រី សុភ័ក្ត្រ ពុំមាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​តួនាទី​របស់ខ្លួន​នោះទេ គឺ​គេ​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​បង់លុយ ចំណែក​ឈ្មួញ​បង់លុយ​តាម​ការកំណត់​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ ទៅ​ស្រុក​យួន​យ៉ាង​រលូន​៕

pic247 pic246-copy pic246