ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង រាលដាល​កាន់តែខ្លាំង​ដោយសារ​សមត្ថកិច្ច​មិន​បង្ក្រាប​

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរ​ក្រុង​បាត់ដំបង ក៏ដូចជា​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​ល្បែងភ្នាល់​បាល់ទាត់​ត្រូវគេ​បើក​លេង​កាន់តែច្រើន ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​។ ម្ចាស់ផ្ទះ​បើក​អ៊ី​ន​ធឺ​ណេ​ត​បង្កប់​ល្បែងស៊ីសង​បាន​ឲ្យ​ដឹងថា ពួកគេ​បង់​ខែ​ឲ្យ​សមត្ថកិច្ច​ជាប្រចាំ​ទើប​អាច​ដំណើរការ​យ៉ាង​រលូន​ចៀស​ផុតពី​ការបង្ក្រាប​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រែក​មហាទេព និង​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ បាន​ឲ្យ​ដឹងថា​ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ត្រូវបាន​គេ​បើក​លេង​ជាច្រើន​កន្លែង ជាពិសេស​នៅ​ជុំវិញ​សណ្ឋាគារ​ហូ​លី​ដេ​។ ម្ចាស់ផ្ទះ​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បានបញ្ជាក់​ច្បាស់​ថា ពួកគេ​បង់ប្រាក់​ប្រចាំខែ​ដល់​សមត្ថកិច្ច​ជាច្រើន​នាក់ គឺ​គ្រប់​លំដាប់ថ្នាក់​ទើប​គ្មាន​សមត្ថកិច្ច​មក​បង្ក្រាប ហើយ​ពួកគេ​ថែមទាំង​មាន​បញ្ជី​ឈ្មោះ​សមត្ថកិច្ច​ដែល​មក​យកលុយ​ដាក់​ខែ​ជាប្រចាំ​ទៀតផង​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរពិនិត្យមើល​ល្បែងស៊ីសង​ដែល​កំពុង​រាលដាល​នៅក្នុង​សង្កាត់​ស្វាយប៉ោ​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​។ ផ្ដើមចេញពី​ល្បែងស៊ីសង​នោះ​ហើយ ទើប​នៅក្នុង​ក្រុង​បាត់ដំបង​បច្ចុប្បន្ន មាន​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាងច្រើន​ដូចជា អំពើចោរកម្ម លួច​ប្លន់ និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។

ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្វាយប៉ោ បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើក​ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ គឺ​អ្នកខ្លះ​ជា​កូន​ឧកញ៉ា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​។ ដោយសារតែ​អ្នកបើក​ល្បែងស៊ីសង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​នគរបាល​សង្កាត់​ស្វាយប៉ោ ក៏ដូចជា​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ហ៊ាន​ប៉ះពាល់​ព្រោះ​ខ្លាច​របូត​ស័ក្ដិ​ពីលើ​ស្មា​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ករណី​ល្បែងស៊ីសង​ដែល​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​នៅ​ក្រុង​បាត់ដំបង​ជាបន្ទាន់ ព្រោះ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឡើយ​៕

images

លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង img-20160913-wa0083 img-20160913-wa0084