អ្នក​វាយ​តម្លៃ​អចលនវត្ថុ​​កម្ពុជា​ នឹង​ឈប់​ពឹង​បរទេស​ជួយ​វាយ​តម្លៃ​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​សម្លឹង​ឃើញ​ថា មិន​យូរ​ទេ អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ឈប់​ពឹង​បរទេស​ឲ្យ​ជួយ​វាយ​តម្លៃ​លើ​អចលនវត្ថុ​ធំ​ៗ​ដូច​សព្វ​ថ្ងៃ​ទៀត។

 

អ្នក​វាយ​តម្លៃ​អចលនវត្ថុ​​កម្ពុជា​ នឹង​ឈប់​ពឹង​បរទេស​ជួយ​វាយ​តម្លៃ​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ

(លោក គីម ហ៊ាង ពាក់​ក្រវ៉ាត់កក្រហម)

ការ​សន្និដ្ឋាន​បែប​នេះ ដោយ​សារ​លោក​មើល​ឃើញ​ពី​អ្នក​វាយ​តម្លៃ ក្នុង​យុគសម័យ​នេះ​បាន​ទទួល​បទពិសោធន៍​ច្រើន​ពី​ក្រៅ​ប្រទេស ភាសា ចំណេះ​ធ្វើ រួម​ទាំង​ទ្រឹស្ដី។ ក្នុង​កិច្ច​ប្រជុំ​សមាជិក​ទូ​ទៅ​ប្រចាំ​ត្រី​មាស​ទី​៣ ​ឆ្នាំ​២០១៦ លោក​បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​នៅ​កម្ពុជា មិន​ទាន់​មាន​សញ្ញាបត្រ​ខាង​ផ្នែក​ដី​ធ្លី​មែន​ពិត តែ​អ្នក​វាយ​តម្លៃ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​អន្តរជាតិ​ស្គាល់​ច្រើន តាម​រយៈ ការ​ចូលរួម​សន្និសីទ​នៅ​ក្រៅ​​ប្រទេស ដែល​ខុស​ពី​មុន​អ្នក​វាយ​តម្លៃ​កម្ពុជា​មិន​សូវ​ចូល​រួម​កម្ម​វិធី​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ឧស្សាហកម្ម​ដី​ធ្លី​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។ ដូច្នេះ​អ្នក​វាយ​តម្លៃ​បាន​ធ្វើ​បទ​បង្ហាញ​ពី​ឧស្សាហកម្ម​ដី​ធ្លី​ដល់​អន្តរជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ច្រើន​ពី​សមត្ថភាព​កម្ពុជា។

 

ចំណុច​មួយ​ទៀត គឺ​ភាសា​អង់គ្លេស​អាច​ទំនាក់​ទំនង​បាន​ជា​សាកល។ ក្រៅ​ពី​នេះ​បទ​ពិសោធន៍​ដែល​អ្នក​វាយ​តម្លៃ​ក្នុង​ស្រុក​ទទួល​បាន​ពី​អ្នក​វាយ​តម្លៃ​បរទេស បូក​រួម​ជាមួយ​ចំណេះដឹង ចំណេះ​ធ្វើ​គឺ​អាច​គ្រប់​គ្រាន់។ ប៉ុន្តែ​រឿង​ចាំ​បាច់​បំផុត គឺ​អ្នក​វាយ​តម្លៃ​ត្រូវ​បង្កើន​ចំណេះ​យក​ទ្រឹស្ដី​ពី​ការ​វគ្គ​សិក្សា​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​វាយ​តម្លៃ។ ម្ល៉ោះ​ហើយ លោក គីម ហ៊ាង​​ព្យាករ​ថា​ ៖ “យ៉ាង​យូរ​ពីរ​ឆ្នាំ​ទៀត ការ​វាយ​តម្លៃ​ក្នុង​ស្រុក​ខ្មែរ​យើង​អាច​ចេះ​ទាំង​អស់​។ យើង​លែ​ង​ត្រូវ​ការ​ពឹង​បរទេស​ជួយ​ជា​បញ្ចេញ​យោបល់​លើ​ការ​វាយ​តម្លៃ​ទៀត​ហើយ​ តែ​ត្រូវ​ការ​គេ​ក្នុង​ផ្នែក​ផ្សេង​វិញ”៕

 

អ្នក​វាយ​តម្លៃ​អចលនវត្ថុ​​កម្ពុជា​ នឹង​ឈប់​ពឹង​បរទេស​ជួយ​វាយ​តម្លៃ​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ

អត្ថបទ៖ លឹម សុ​នា