កម្ពុជា​ស្នើ​ចិន​នាំ​ចូល​ផលិតផល​កម្ពុជា​ដោយ​មិន​កំណត់​កូតា និង​មិន​ជាប់​ពន្ធគយ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ដល់​ភាគី​ចិន​បន្ត​ជំរុញ​ការ​នាំ​ចូល​នូវ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន ដោយ​មិន​កំណត់​ចំនួន​កូតា និង​មិន​ជាប់​ពន្ធគយ តាម​រយៈ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ធ្វើការ​ពិភាក្សា​ជាមួយ​គ្នា ។ នេះ​បើ​តាម​ខ្លឹមសារ​ក្នុង​ជំនួប​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន ចាង កាវ​លី កាលពី​ល្ងាច​ថ្ងៃ​ទី​៩ កញ្ញា កន្លង​មក ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ង​ស៊ី ប្រទេស​ចិន។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ ក្នុង​គោលបំណង​ចង់​ចូលរួម​បន្ត​កសាង​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន និង​រវាង​អាស៊ាន​-​ចិន ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។ ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ស្តី​ពី​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ចិន លើក​ទី​១ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ កញ្ញា ដើម្បី​កៀងគរ​វិនិយោគិន​ចិន​ខេត្ត​ក្វា​ង​ស៊ី មក​បណ្តាក់ទុន​វិនិយោគ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ពី​គម្រោង​អាទិភាព​នានា​ដែល​រដ្ឋាភិបាល​ចិន បាន​ផ្តល់​ជូន​ដល់​ភាគី​កម្ពុជា រួម​ទាំង​ជំនួយ​ឥត​សំណង​មាន​ទឹកប្រាក់​៣​ពាន់​៦០០​លាន​យន់​របស់​រដ្ឋាភិបាល​ចិន​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន ក៏​បាន​ឯកភាព​គ្នា​លើ​យន្តការ​អន្តររដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិភាក្សា​គ្នា​លើ​ការ​អនុវត្ត​គម្រោង​នានា ដែល​ភាគី​កម្ពុជា​បាន​ស្នើ​ទៅ​កាន់​ភាគី​ចិន តាម​រយៈ​គោលនយោបាយ​វិ​ថី​មួយ ផ្លូវ​មួយ ដើម្បី​អនុវត្ត​លើ​អនុស្សរណៈ​មួយ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ៕