​ស្ទើរមិនជឿ! ចង់យកម៉ូតូ ទៅប្រាប់កូន​ប្រសាថា «​ប្រពន្ធ​​​ឯង​មាន​​ណាត់​ប្រុស»

ខេត្តកណ្តាល ៖ ​រឿងគួរឱ្យហួស​ចិត្ត​បំផុត​ ដែល​បុរស​ជាឪពុក​ក្មេក​បានប្រើឧបាយកល ដើម្បីចង់បាន​ម៉ូតូ​របស់​កូនប្រសាប្រុស​យកទៅបញ្ចាំ​យកលុយ​ចាយ ក្រោយមក​ត្រូវ​តាម​ស្រាវជ្រាវរហូត​ចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី​១៤ កញ្ញា ២០១៦ ។

ប្រភព​ឱ្យ​ដឹងថា ជនសង្ស័យខាងលើ​​ឈ្មោះ​ភុំ ភ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ត្រូវជា​ឪពុក​ក្មេកជនរងគ្រោះ​) ជា​​កសិករ មាន​ទីលំនៅ​​ក្នុង​ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្តាល ​ក្នុងនោះត្រូវកម្លាំងដកហូត​វត្ថុ​តាង​​​ម៉ូតូ​​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌
ខ្មៅ ស៊េរី​ឆ្នាំ២០០៧ ​គ្មាន​ស្លាក​លេខ​ ។ ចំណែកជនរងគ្រោះ​ជាកូនប្រសាប្រុសឈ្មោះ​សឿ ជីម បានធ្វើការដាក់ពាក្យបណ្តឹង​​​ដល់​សមត្ថកិច្ច​ឱ្យ​ជួយអន្តរាគមន៍ ។

ប្រភពបន្តថា ​​មុនកើតហេតុ​ ជនសង្ស័យ​បាន​ប្រើ​ល្បិច​ដោយនិយាយ​ប្រាប់ឈ្មោះ​សឿ ជី​ម ជា​កូនប្រសាថា ​ប្រពន្ធ​​​ឯងមាន​​ណាត់​ប្រុស ​នៅ​ចំណុច​ទួល​តា​ជា ​​(ចម្ងាយ​ពី​ផ្ទះ១៥០ម៉ែត្រ) ​។ បន្ទាប់​មក ត្រូវ​​កូនប្រសា​រនោះ​ (ជរងគ្រោះ)​ បាន​​ជិះ​ម៉ូតូ​ទៅ​ទុក​កន្លែង​ដែលឪពុកក្មេកបានប្រាប់នោះ ។ រួចហើយ​​ក៏​ដើរ​សំដៅ​តាម​ទៅលប​​មើល​ប្រពន្ធ​ ប៉ុន្តែ​មិន​​បាន​ឃើញប្រពន្ធ​​នៅ​ជាមួយ​​ប្រុស​ណា​ទេ​ ​​ក៏​​ត្រឡប់​ទៅ​កន្លែង​​ទុក​ម៉ូតូ​វិញ​ ស្រាប់តែ​បាត់ម៉ូតូ​តែ​ម្តង ​។ នៅ​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ ​វេលា​ម៉ោង​០៨​ព្រឹក ​ឈ្មោះ​សឿ ជី​ម បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​​ក្រាំង​យ៉ូ​វ​។

បន្ទាប់ពីកម្លាំង​សមត្ថកិច្ច​ ​​ទទួល​បណ្តឹង​ភ្លាម ​ក៏​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ខាងលើ​ នាំមក​​សាកសួរ​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​មែន ដោយ​​យក​​ទៅ​បញ្ចាំ​​​គេ (មិន​ស្គាល់ឈ្មោះ​) នៅ​ភូមិ​កំពុង​ទ្រា ឃុំ​ស្អាង​ភ្នំ​បាន​ប្រាក់​ចំនួន600.000​រៀល រីឯ​ប្រាក់​​ខ្លួន​បាន​យក​ទៅ​ចាយ​អស់​ហើយ ។