​អាជ្ញាធរ​ស្រុក​ព្រះស្តេច និង​ស្រុក​ពាម​រក៍ រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​គ្មាន​សមត្ថភាព​គ្រប់គ្រង​ភាពអនាធិបតេយ្យ​រថយន្ត​ដឹក​ដី និង​ដឹក​ថ្ម

សកម្មភាព​អនាធិបតេយ្យ​របស់​ក្រុម​រថយន្ត​ដឹក​ថ្ម និង​ដឹក​ដី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រះស្តេច និង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា បានកើត​ឡើង​យូរ​មកហើយ​តែ​អាជ្ញាធរ​ស្រុក​ទាំងពីរ និង​មន្ទីរជំនាញ​របស់​ខេត្តព្រៃវែង មិនបាន​ចាត់វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។ ការដែល​អាជ្ញាធរ​ស្រុក​ព្រះស្តេច និង​ស្រុ​ពាម​រក៍ រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​គ្មាន​សមត្ថភាព​គ្រប់គ្រង​ភាពអនាធិបតេយ្យ​នៃ​រថយន្ត​ដឹក​ដី និង​ដឹក​ថ្ម ក៏​ព្រោះតែ​មន្ត្រី​អាជ្ញាធរ​មួយចំនួន​បានទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ទើប​មន្ត្រី​ជំនាញ​មិន​ហ៊ាន​អនុវត្តន៍​តាមច្បាប់ ដើម្បី​ទប់ស្កាត់​អំពើ​ល្មើសច្បាប់​របស់​ក្រុម​ឈ្មួញ​។​

​ក្នុងពេលដែល​សព្វថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នោះ ប្រជាពលរដ្ឋ​បាន​សង្កេតឃើញ​សកម្មភាព​រថយន្ត​ឈ្មួញ​រកស៊ី​ដឹក​ដី ដឹក​ថ្ម កើតមាន​យ៉ាង​គគ្រឹកគគ្រេង​បើក​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​១​ស្ថិតនៅក្នុង​ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ហើយ​ឆ្លងស្ពាន​ស្ទឹង​ស្លូត ដោយ​ដឹក​អាចម៍ដី និង​ថ្មយក​មកចាក់​លក់​នៅតាម​ដីឡូត៍​នានា នៅ​ទីប្រជុំជន​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​ដោយ​សេរី ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ដី និង​ថ្ម បាន​ដឹក​ខុស​បច្ចេកទេស ហើយ​ថែមទាំង​មាន​ជ្រុះ​ដី និង​ថ្ម មកលើ​ដងផ្លូវ​ព្រោងព្រាត ដែល​បង្កឱ្យមាន​បែក​ល្បាប់​ធ្វើ​ឲ្យ​ផ្លូវ​រអិល និង​ខូច​សោភ័ណភាព​ទៀតផង តែ​មន្ត្រី​ជំនាញ​មិន​ខ្វល់ខ្វាយ​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជា​ពល​ដ្ឋ​បាន​រិះគន់ថា បើសិន​ប្រជាពលរដ្ឋ​ជិះ​រថយន្ត ឬ ម៉ូតូ មិន​ពាក់មួក អត់​កញ្ចក់​ជាដើម គឺថា​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ធ្វើការ​ផាកពិន័យ​ឱ្យ​បង់ប្រាក់​តាមច្បាប់​គ្មាន​យោគយល់​ឡើយ តែបើ​ធៀប​ជាមួយ​រថយន្ត​របស់​ក្រុម​ឈ្មួញ​ដឹក​ដី​និង​ថ្ម​ទាំងអស់នោះ បែរជា​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​រួចខ្លួន​បាន​យ៉ាង​ស្រួល​ទៅវិញ ។ ប្រភព​ដែល​បាន​បញ្ជាក់ថា រថយន្ត​របស់​ឈ្មួញ​ដឹក​ថ្ម និង​ដឹក​ដី បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​តែម​ន្ត្រី​ជំនាញ​មិន​ហ៊ាន​ផាកពិន័យ​ឡើយ ហើយ​ថែមទាំង​ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​ទាំងនោះ​ទៀតផង ដែល​បញ្ហា​បែបនេះ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ពាម​រក៍ និង​ស្រុក​ព្រះស្តេច មានការ​រិះគន់​កាន់តែខ្លាំង​ឡើងៗ ថា​សមត្ថកិច្ច​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​៕

pic246 pic247