ក្រុម U-19 កម្ពុជា ត្រូវ​ការ​ឈ្នះ U-19 ឡាវ ម៉ោង​៤​ល្ងាច​នេះ ដើម្បី​បន្ដ​​ក្ដី​សង្ឃឹម​ទៅ​វគ្គ ១/២ នៃ​ពាន AFF U-19

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជន U-19 ឡាវ នាវេលាម៉ោង ៤​ល្ងាច​នេះ​នៅ​ក្នុង​ពូល B នៃ​ពាន​រង្វាន់ AFF U-19 Championships 2016 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ការប្រកួតនេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវការឈ្នះចាំបាច់ ដើម្បី​បន្ដ​ក្ដី​សង្ឃឺម​ប្រកួត​ប្រជែង​ដណ្ដើមកៅអីវគ្គ ៤ក្រុមចុងក្រោយ (វគ្គ ១/២ផ្ដាច់ព្រ័ត្រ)។

ft-img-template

នេះជាប្រកួតទី២ របស់ក្រុមយុវជន U-19 កម្ពុជា បន្ទាប់ពីរងការបរាជ័យក្រោមថ្វីជើងក្រុម U-19 អូស្រ្ដាលី ២-០ កាលពីថ្ងៃ​ចន្ទ។ ប៉ុន្ដែឡាវ គឺជាដៃគូសមរម្យរបស់​ក្រុម U-19 កម្ពុជា ព្រោះកីឡាករនៃក្រុមទាំងពីរមានកម្រិតសមត្ថភាព និងកម្ពស់ប្រហែលគ្នា។ លើសពីនេះ នៅក្នុងជំនួបតាមពូលនៃពាន AFF U-19 Championships កាលពីឆ្នាំមុន ក្រុមទាំងពីរថែមទាំងធ្លាប់ប្រកួតស្មើគ្នា ០-០ ទៀតផង។

យ៉ាងណាមិញល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលកំពុងត្រូវការពិន្ទុមកប្រជែងជាមួយគូប្រកួត​ខ្លាំងៗ​របស់​ខ្លួន​ដូច​ជា​ថៃ ឥណ្ឌូ​នេ​ស៊ី និង​មីយ៉ាន់ម៉ា​ជាដើម ដែលក្រុម U-19 កម្ពុជា ត្រូវជួបនាពេលបន្ដបន្ទាប់ ប៉ុន្ដែពេលនេះគឺក្រុមយុវជនកម្ពុជា ត្រូវការឈ្នះយុវជនឡាវជាមុនសិន ទើបអាចមានសង្ឃឹមប្រជែងកៅអីវគ្គបន្ដបាន ព្រោះ U-19 កម្ពុជាបានរបូតអស់ ៣ពិន្ទុទៅហើយ។

គួរបញ្ជាក់ថា ប្រកួតទី២ របស់ក្រុម U-19 កម្ពុជានេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។ ក្រោយ​ពី​នេះ​នៅ​មាន ២​​ប្រកួត​ផ្សេង​ទៀត ត្រូវ​ប្រកួត​ថ្ងៃ​នេះ រួមក្រុម U-19 មីយ៉ាន់ម៉ា ប៉ះ U-19 អូស្ដ្រាលី និងក្រុមការពារតំណែងជើងឯកថៃ ជួបក្រុម U-19 ឥណ្ឌូនេស៊ី ហើយគូនេះក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។

ជាបណ្ដោះអាសន្នពេលនេះ លទ្ធផលក្នុងពូល B មាន ៣ក្រុមកំពុងមានពិន្ទុខ្ពស់ជាងគេ រួមមានក្រុមយុវជនអូស្រ្ដាលី ថៃ និងក្រុមយុវជន​មីយ៉ាន់ម៉ា ដែល​​សុទ្ធ​​តែ​​រក​បាន ៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដំបូង ខណៈក្រុមយុវជនកម្ពុជា ឥណ្ឌូនេស៊ី និងក្រុមយុវជនឡាវ នៅមិនទាន់មានពិន្ទុរាប់នោះទេ បន្ទាប់ពីទទួលរងនូវការបរាជ័យក្នុងការប្រកួ​តបើកឆាករបស់ខ្លួន៕

ប្រភពពី khmertalking

The post ក្រុម U-19 កម្ពុជា ត្រូវ​ការ​ឈ្នះ U-19 ឡាវ ម៉ោង​៤​ល្ងាច​នេះ ដើម្បី​បន្ដ​​ក្ដី​សង្ឃឹម​ទៅ​វគ្គ ១/២ នៃ​ពាន AFF U-19 appeared first on CamboSport.