ក្រៅ​ពី​ស្រូវ ល្ពៅ​​ធ្លាក់​ថ្លៃ សូត្រ​ និង​ម្រេច​ក៏​ជួប​បញ្ហា​ដែរ

លោក ម៉ៅ ថូ​រ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ថា​សូត្រ រួម​ទាំង​ម្រេច (មិន​មែន​ម្រេច​កំពត) នា​ពេល​នេះ​ក៏​ជួប​បញ្ហា​ដែរ​ គឺ​សូត្រ​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម រី​ឯ​ម្រេច​ខ្វះ​ទី​ផ្សារ​។

 

លោក​បន្ត​ថា បញ្ហា​សូត្រ​គឺ​ចោទ​លើ​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម ដោយ​ពួក​គេ​ភាគ​ច្រើន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ថៃ​ច្រើន។ ចំណែក​ម្រេច​វិញ បញ្ហា​ត្រង់​កសិករ​នាំ​គ្នា​ដាំ​ម្រេច​តាម​គ្នា ពិសេស​ខេត្ត​កំពង់ចាម​ ត្បូង​ឃ្មុំ​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ពិបាក​រក​ទីផ្សារ។

 

ក្រៅ​ពី​ស្រូវ ល្ពៅ​​ធ្លាក់​ថ្លៃ សូត្រ​ និង​ម្រេច​ក៏​ជួប​បញ្ហា​ដែរ

 

​ថ្មី​ៗ​នេះ បញ្ហា​ធ្លាក់​ថ្លៃ​លើ​ដំណាំ​កសិផល​ខ្មែរ​ចាប់​ផ្តើម​ចោទ​ជា​បន្ត​បន្ទាប់​។ ពោត​បាន​ធ្លាក់​ថ្លៃ​ ដោយ​មួយ​គីឡូ លក់​បាន​ត្រឹម​១បាត។ សម្រាប់​ ល្ពៅ​ ផ្លែ​ត្រឡាច​ក៏​ដូច​គ្នា កសិករ​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ពី​តម្លៃ​ធ្លាក់​យ៉ាង​គំហុក ដោយ​ពេល​នេះ​កសិករ​នៅ​ភូមិ​ស្រយង់ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បង្ខំ​ចិត្ត​ពុះ​ផ្លែ​ល្ពៅ​កាយ​យក​គ្រាប់​លីង​ហូប ដោយសារ​តែ​ផ្លែ​ល្ពៅ​លក់​បាន​តម្លៃ​ថោក​ពេក និង​ខ្លះ​ទៀត​បាន​ដឹក​ល្ពៅ​យក​ទៅ​ចាក់​ចោល​ព្រោះ​គ្មាន​ទី​ផ្សារ​ស្អុយ​រលួយ​ចោល​ពេញ​ឃ្លាំង ។

 

ចំណែក​ ដំឡូង​វិញ ឈ្មួញ​អោយ​តម្លៃ​ថោក​ជាង ២០០រៀល ក្នុង​១​គីឡូ​ក្រាម បណ្ដាល​ឲ្យ​ដំណាំ​ប្រជាជន​ប្រកប​របរ កសិកម្ម​ដាំ​ដំឡូង​នេះ ត្រូវ​លក់​អោយ​ឈ្មួញ​ទាំង​ខាត​ដើម។ ក្រៅ​ពី​នេះដំណាំ​សណ្ដែក​ដី​ក៏​កំពុង​ជួប​បញ្ហា​ធ្លាក់​ថ្លៃ​ផង​ដែរ។ ​​​

 

បញ្ហា​នេះ​ត្រូវ​បាន​មតិ​សាធារណជន​យល់​ថា ខាង​ក្រសួង​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​ទឹក​ភ្នែក​កសិករ​ដែល​លក់​កសិផល​មិន​ដាច់។

 

ក្រៅ​ពី​ស្រូវ ល្ពៅ​​ធ្លាក់​ថ្លៃ សូត្រ​ និង​ម្រេច​ក៏​ជួប​បញ្ហា​ដែរ

 

ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ​ លោក ម៉ៅ​ ថូរ៉ា បាន​ប្រាប់ Sabay ​ថា ខាង​ក្រសួង​កំពុង​ដើរ​រក​សមាគម​ជូន​កសិករ ដើម្បី​អាច​ពិភាក្សា​ពេល​កសិករ​ជួប​បញ្ហា ព្រោះ​ដើម្បី​ឲ្យ​ក្រសួង​អាច​ក្ដាប់​បាន​ពី​បញ្ហា​ចោទ​របស់​កសិករ​បាន​គ្រប់​ជ្រុង​ជ្រោយ​។ លោក​ស្នើ​សូម​ឲ្យ​ប្រជាកសិករ​ទាំង​អស់​ចូល​រួម​បង្កើត​ជា​សមាគម​ដោយ​ទាក់​ទង​មក​​មន្ទីរ​ពាណិជ្ជកម្មខេត្ត ដើម្បី​ខាង​មន្ទីរ​អាច​ទាក់​ទង​មក​បន្ត​ដល់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​ជជែក​ពី​បញ្ហា​ផ្សេង​ៗ។
​​​
 

​បញ្ហា​នេះ ​សម្ដេច​ ហ៊ុន សែន​បាន​លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​ថា​លោក​ជា​អ្នក​ដែល​ជួប​ការ​លំបាក​ច្រើន​ជាង​គេ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច ហើយ​ថា​រក​តែ​ពេល​ហូប​បាយ​មិន​បាន​ផង ដោយ​សារ​តែ​បញ្ហា​តម្លៃ​ស្រូវ​និង​កសិផល​ផ្សេង​ៗ​ទៀត​របស់​កសិករ។

 

ក្រៅ​ពី​ស្រូវ ល្ពៅ​​ធ្លាក់​ថ្លៃ សូត្រ​ និង​ម្រេច​ក៏​ជួប​បញ្ហា​ដែរ

 

អត្ថបទ៖ លឹម សុ​នា