ទម្លាប់​ទាំង​11​យ៉ាង​នៃ​ការ​គេង​របស់​មនុស្ស​មិន​ជោគជ័យ

ការ​គេង គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ក្នុង​មួយ​ថ្ងៃ​ៗ​របស់​មនុស្ស​គ្រប់​រូប ។ បើ​អ្នកមាន​ពេល​គេង​យ៉ាង​លក់​ស្រួល​ពេល​ណា​នោះ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ថ្លា​នៅ​ពេល​ព្រឹក​បន្ទាប់​មិន​ខាន ។ លើស​ពី​នេះ​ទៀត វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​ក្នុង​ការ​ឆ្លងកាត់​នូវ​ឧបសគ្គ​ទាំងឡាយ​ក្នុង​ថ្ងៃ​ថ្មី​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព តើ​លោក​អ្នក​គិត​ថា​ត្រូវ​ទេ ? ហើយ​វា​មាន​ទំនាក់ទំនង​ពិតមែន​រវាង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​កើនឡើង​នៃ​សម្ពាធ​(Stress) ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។

យ៉ាងណា​ក៏​ដោយ មនុស្ស​គ្រប់​រូប​គួរតែ​មាន​ទម្លាប់​នៃ​ការ​គេង​ឲ្យ​ល្អ​។ មនុស្ស​ដែល​មាន ទម្លាប់​អាក្រក់​ពេល​គេង គឺ​កំពុង​តែ​បំផ្លាញ​អនាគត​របស់​ពួក​គេ​ហើយ ។ ខាងក្រោម​នេះ គឺជា​ទម្លាប់​ពេល​គេង​ដ៏​អាក្រក់​ដែល​អ្នក​គួរតែ​ចៀសវាង ៖

១-​ភ្លេច​រៀបចំ​គម្រោង​សម្រាប់​ថ្ងៃស្អែក ៖
ការ​រៀបចំ​គម្រោង​សម្រាប់​ថ្ងៃស្អែក គឺជា​វិធី​មួយ​សម្រាប់​ធានា​ថា អ្នក​នឹង​មាន​ពេល​ព្រឹក​ព្រលឹម​ដ៏​រលូន ។ មនុស្ស​បរាជ័យ​ខ្ជះខ្ជាយ​ពេល​យប់​របស់​ពួក​គេ និង​មិន​រៀបចំ​គម្រោង​ច្បាស់លាស់​សម្រាប់​ថ្ងៃ​បន្ទាប់​ឡើយ​។ ជា​លទ្ធផល ភាព​គ្មាន​សណ្តាប់ធ្នាប់​មួយ​នេះ​អាច​នឹង​បន្ត​សម្រាប់​ថ្ងៃ​បន្ទាប់ ។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ចង់​ប្រើប្រាស់​ពេលវេលា​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​មែន​នោះ សាកល្បង​ផ្លាស់​ប្ដូរ​ទម្លាប់​ខាងលើ​នេះ​ទៅ ។

២-​មិន​គិត​ឡើង​វិញ​មុន​ពេល​ចូល​គេង ៖
មនុស្ស​ដែល​បរាជ័យ​ប្រហែលជា​មិន​អាច​មើលឃើញ​ពីសារ​សំខាន់​នៃ​កា​រស​ញ្ចឹ​ង​គិត​ឡើង​វិញ​ទេ ឬ​ប្រហែលជា​ពួក​គេ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ពួក​គេ គឺ​រវល់​ពេក​ដល់​ថ្នាក់​គ្មាន​ពេល​ប្រមាណ​នាទី​ក្នុង​ភាព​ស្ងប់ស្ងាត់ ។

ប្រាកដ​ណាស់ អ្នក​ប្រហែលជា​គ្មាន​ពេល​ច្រើន​នា​ពេល​ថ្ងៃ​ក្នុង​កា​រស​ញ្ចឹ​ង​គិត​ពី​ជីវិត​របស់​អ្នក​ឡើយ ។ នេះ​ជា​មូលហេតុ​ដែល​ការ​ទុក​ពេល​សម្រាប់​គិត​មុន​ពេល​ចូល​គេង គឺជា​គំនិត​មួយ​ដ៏​ល្អ​។ ការ​អនុវត្ត​មួយ​នេះ នឹង​ជួយ​អ្នក​ឲ្យ​ក្លាយជា​មនុស្ស​ដែល​មានគំនិត​ស្ងប់ និង​មាន​អារម្មណ៍​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​មាន ។

៣-​យក​ឧបករណ៍​តិច​ណូ​ឡូ​ជី​ចូល​ក្នុង​បន្ទប់​៖
មនុស្ស​បរាជ័យ​បំផ្លាញ​ដំណេក​របស់​ពួក​គេ​ដោយ​មិន​ដាច់​ចិត្ត​ដាក់​ទូរស័ព្ទ​របស់​ពួក​គេ​ចុះ មុន​ពេល​ចូល​គេង ។

ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​មុន​ពេល​ចូល​គេង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ស្រួល ឬ​គេង​មិន​លក់​តែ​ម្តង ព្រោះតែ​ពន្លឺ​ពណ៌​ខៀវ​ដ៏​ភ្លឺ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក ។ ប្រសិនបើ​អ្នក​ចង់​កម្សាន្ត​អារម្មណ៍​មុន​ពេល​ចូល​គេង គឺ​អ្នក​អាច​ប្តូរ​ទៅ​អាន​សៀវភៅ​វិញ ល្អ​ជាង ។

៤-​មិន​ដាច់​អាល័យ​នឹង​រឿង​អតីតកាល ៖
វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​នឹកឃើញ​ព្រឹត្តិការណ៍​មិន​សប្បាយចិត្ត ឬ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាយក្រោយ​មក​ដល់​សព្វថ្ងៃ ។ វា​ហាក់បីដូចជា​អន្ទាក់​មួយ​អីចឹង ព្រោះ​ប្រសិនបើ​អ្នក​គិត​ពី​វា​ហើយ អ្នក​អាច​នឹង​ប្រើប្រាស់​ពេល​មួយ​យប់​របស់​អ្នក​គិត​ពី​រឿង​ដដែល​ៗ​ដោយ​មិន​បាន​គេង​ទៀត​ផង ។ មនុស្ស​បរាជ័យ គឺជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ភាព​អវិជ្ជមាន ដែល​នាំ​ឲ្យ​កើត​មានការ​ស្ត្រេ​ស និង​ប៉ះពាល់​ដល់​អារម្មណ៍ ។

៥-​គេង​បារម្ភ​ពី​ថ្ងៃស្អែក ៖
លើស​ពី​ការ​រស់នៅ​ក្នុង​អតីតកាល​ហើយ​នោះ មនុស្ស​បរាជ័យ គឺ​ភ័យ​ខ្លាច​នឹង​អនាគត ។ វា​មិនមែន​ជា​បញ្ហា​ឡើយ នៅ​ពេល​យូរ​ៗ​ម្តង​អ្នក​បារម្ភ​ពី​ព្រឹត្តិការណ៍​ធំ​ៗ​នា​ថ្ងៃ​អនាគត ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឈ្វេងយល់​ថា ខ្លួនឯង​ព្រួយបារម្ភ​នឹង​អនាគត​ក្នុង​ពេល​គេង​លើ​គ្រែ​ពេល​យប់​នោះ វា​គឺជា​មុខសញ្ញា​ដ៏​អាក្រក់​មួយ ។ ភាព​អវិជ្ជមាន​របស់​អ្នក​អាច​នឹង​រាតត្បាត​ដល់​ស្មារតី​អ្នក​ទាំងមូល ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ថែម​ទៀត​ផង ។

៦-​ខ្ជិល​សម្អាតខ្លួន ៖
នេះ​ប្រហែលជា​មិនមែន​ជា​បញ្ហា​សម្រាប់​មនុស្ស​មួយ​ចំនួន​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ខ្ជិល​សម្អាតខ្លួន ។ សូម​ចាប់ផ្តើម​មាន​ទម្លាប់​ល្អ​វិញ​នៅ​មុន​ពេល​ចូល​គេង ដោយ​ដុសធ្មេញ រុស​ធ្មេញ​របស់​អ្នក និង​ងូត​ទឹកជា​ប្រចាំ ។ កុំ​ទុក​ខ្លួនប្រាណ​ខ្លួនឯង​ចោល​ដោយ​មិន​មើលថែ ។

មនុស្ស​បរាជ័យ គឺជា​មនុស្ស​ដែល​លំបាក​ក្នុង​ការ​រក្សា​ទម្លាប់​ល្អ​មុន​ពេល​ចូល​គេង រហូត​សូ​ម្បី​តែ​ការ​ដុសធ្មេញ​របស់​ពួក​គេ​ជា​ប្រចាំ ។ ប្រាកដ​ណាស់ អ្នក​ពិតជា​មិន​បាន​ត្រៀមខ្លួន​សម្រាប់​ភាព​ជោគជ័យ​ឡើយ ប្រសិនបើ​អ្នក​មិន​មើលថែ​ខ្លួនឯង ។

៧-​ទទួលទាន​គ្រឿង​ស្រវឹង​មុន​ពេល​ចូល​គេង ៖
អ្នក​ប្រហែលជា​គិត​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង អាច​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ហាក់ដូចជា​ថ្នាំ​សណ្តំ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​យ៉ាង​ស្រួល​បាន តែ​អ្នក​គិត​ខុស​ហើយ ។ វា​ពិតជា​ដូច​ថ្នាំ​សណ្តំ​ពិតមែន​ក្នុង​ពេល​ដំបូង​ៗ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​យើង​គេង​លក់ វា​ក៏​ផ្លាស់​ប្តូរ​មួយ​រំពេច ។

វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋអាមេរិក​ក៏​យល់​ស្រប​តាម​ទ្រឹស្តី​នេះ​ដែរ និង​បាន​និយាយ​ថា ជាតិ​អាល់កុល​ឆក់​យកគុណ​ភាព​នៃ​ការ​គេង​របស់​យើង ។ ការ​គេង​របស់​អ្នក​ស្រវឹង គឺ​ហាក់បីដូចជា​ការ​គេង​ក្នុង​ដំណាក់កាល​មិន​ស្កប់ស្កល់ ។

៨-​លួច​ញ៉ាំ​អាហារ​ពេល​យប់​អធ្រាត្រ ៖
ការ​ញ៉ាំ​អាហារ​ក្នុងអំឡុងពេល​៣​ម៉ោង​មុន​ពេល​ចូល​គេង ក៏​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ដែរ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទៀត​ផង ។ ប្រសិនបើ​យើង​ចូល​គេង​បន្ទាប់​ពី​ញ៉ាំ​ឆ្អែត ការ​គេង​នោះ​មិន​អាច​បំពេញ​នូវ​កម្លាំង​ទេ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​នៅ​តែ​ដំណើរការ​នៅឡើយ ។

អាហារ​ពេល​យប់​ដែល​អាក្រក់​ជាងគេ គឺ​ស្ករ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ទ្រាំ​មិន​បាន​នឹង​ការ​ស្រេកឃ្លាន​នោះ គួរ​សាកល្បង​តែ​ក្តៅ ។

៩-​បន្ទប់​ដែល​មាន​ភ្លើង​ភ្លឺ ៖
ពេល​ដែល​អ្នក​ចូល​គេង អ្នក​មិន​គួរ​ឲ្យ​មាន​ភ្លើង​ប្រភេទ​ណាមួយ​ក្នុង​បន្ទប់​ទេ ។ មិន​ថា​វា​ជា​ភ្លើង​តាម​ចិញ្ចើម​ផ្លូវ​ដែល​ចាំង​ចូល​ក្នុង​បន្ទប់​របស់​អ្នក​តាម​បង្អួច ឬ​ជា​ភ្លើង​ភ្លឺ​តិច​ៗ​ពី​ទូរទស្សន៍ ទូរស័ព្ទ ឬ​ឧបករណ៍​ដទៃ​ឡើយ ។ ពន្លឺ គឺ​ទប់ស្កាត់​អ្នក​មិន​ឲ្យ​គេង​លក់​ស្រួល ។

សាកល្បង​រក​អ្វី​មក​បិទ​បាំង​ពន្លឺ​ទាំងនោះ​មុន​ពេល​ចូល​គេង ។ យើង​ជឿជាក់​ថា អ្នក​នឹង​គេង​លង់លក់​ស្រួល​មិន​ខាន ។

១០-​គេង​មិន​ទៀងពេល ៖
មនុស្ស​ដែល​បរាជ័យ គឺ​គ្មាន​ពេល​ច្បាស់លាស់​សម្រាប់​ដំណេក​ទេ ។ ការ​គេង​មិន​ទៀងពេល​នេះ អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វដ្ត​នៃ​ការ​គេង​របស់​អ្នក និង​ប៉ះពាល់​ដល់​ការងារ ព្រមទាំង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ថែម​ទៀត​ផង ។ អ្នក​ប្រហែលជា​មិន​ចង់​ក្លាយជា​បុគ្គលិក​ម្នាក់​ដែល​តែងតែ​មក​យឺត​ដោយសារ​គេង​ជ្រុល​នោះ​ទេ ។

១១-​គេង​មិន​គ្រប់គ្រាន់ ៖
មនុស្ស​បរាជ័យ​ប្រហែលជា​ដោះសា​ថា ពួក​គេ​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គេង ។ ប៉ុន្តែ​ប្រហែលជា​ពួក​គេ​ធ្វើការ​កំណត់​អាទិភាព​កិច្ចការ​របស់​គេ​ខុស ។

ការ​គេង​មិន​គ្រប់គ្រាន់ គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ។ ការ​សិក្សា​ជា​ច្រើន​បាន​ទាញ​ទំនាក់ទំនង​រវាង​ទម្លាប់​គេង​មិនល្អ​ជាមួយ​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ ។ ឧទាហរណ៍ បុរស​ម្នាក់​ដែល​គេង​មិន​គ្រប់គ្រាន់ គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​គេង​គ្រប់គ្រាន់ ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ៕