ឈ្មួញ​ឈ្មោះ យូ នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុងស្រុក​កោះធំ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទប់ស្កាត់​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ យូ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ត្រី​ឆ្លងកាត់​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជា​យូរ​មកហើយ និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនដែល​មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ត្រី​ដែល​ឈ្មួញ​ឈ្មោះ យូ នាំចូល​ពី​ស្រុក​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ភាគច្រើន​ជា​ត្រី​ខុសច្បាប់ ហើយ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​ក្នុង​ខេត្តកណ្ដាល ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល មួយចំនួន​គិតតែ​ពី​រឿង​ផលប្រយោជន៍ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ យូ នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកណ្ដាល យកមក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ផ្លូវលំ​មួយ​ខ្សែ​ក្នុងភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ កំពុង​រង​ការខូចខាត​កាន់តែខ្លាំង​ឡើងៗ​ដោយសារ​រថយន្ត​ដឹក​ត្រី​របស់​ឈ្មួញ​ឈ្មោះ យូ បើកបរ​ឆ្លងកាត់​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ផ្ទុក​លើស​ទម្ងន់​។ ផ្លូវលំ​មួយ​ខ្សែ​នោះ​គឺ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១​បេ ទៅដល់​ព្រំដែន​យួន​ដែលជា​ច្រករបៀង​កំពុង​រង​ការខូចខាត​ស្ទើរ​អស់​ទៅហើយ សូម្បីតែ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ក៏​ពិបាក​ដែរ កុំថាឡើយ​ដល់​ជិះ​រថយន្ត​ឬ​ម៉ូតូ​។ ក្នុង​មួយថ្ងៃៗ​រថយន្ត​ដឹក​ត្រី​ធំៗ​ជាច្រើន​គ្រឿង​បាន​បើកបរ​ឆ្លងកាត់​ផ្លូវលំ​មុខ​វត្ត​ព្រែក​ស្បូវ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២១​បេ បង្ក​ឲ្យ​បែក​ភក់​រអិល​ស្អិត​និង​មាន​កន្លែង​ខ្លះ​មាន​គ្រលុក​ធំៗ​ជម្រៅ​ដល់​ក្បាលជង្គង់​។

​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំពៅ​ពូន បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក ក៏ដូចជា​សមត្ថកិច្ច​ស្រុក​កោះធំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ធ្វើយ៉ាងណា​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ យូ ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​ត្រី​លើស​ទម្ងន់​បំផ្លាញ​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តទៅទៀត​។ ជាពិសេស​លោក អេង ជា​សាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល​ជាបន្ទាន់ ព្រោះ​ត្រី​ដែល​ឈ្មួញ​ឈ្មោះ យូ នាំចូល​ភាគច្រើន​ជា​ត្រី​ខុសច្បាប់ ហើយ​ឈ្មួញ​រូបនេះ​អាច​ដឹកជញ្ជូន​ចូលមក​ចែកចាយ​ក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។ ជាងនេះទៅទៀត​អភិបាលស្រុក​កោះធំ ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរពិនិត្យមើល​ករណី​រថយន្ត​ដឹក​ត្រី​របស់​ឈ្មួញ​ឈ្មោះ យូ ដែល​បំផ្លាញ​ផ្លូវលំ​ក្នុងភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ជាបន្ទាន់ ហើយ​ធ្វើយ៉ាងណា​ឲ្យ​ឈ្មួញ​រូបនេះ​ជួសជុល​ផ្លូវ​សង​ប្រជាពលរដ្ឋ​វិញ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​លំបាក​យ៉ាងធ្ងន់ធ្ងរ​តទៅទៀត​៕

images

លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល wat-1309 wat-1309d wat-1309c