ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ព្រួយបារម្ភ​ពី​ការវិវត្តន៍​ស្ថានភាព​នយោបាយ​ចុងក្រោយ​

ក្នុងពេលដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​បង្ក្រាប​ទៅលើ​មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នោះ លោក ច​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការវិវត្តន៍​ស្ថានភាព​នយោបាយ​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

លោក ច​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​សហការី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។ ក្នុងជំនួប​នេះ លោក កឹម សុខា បាន​ជម្រាបជូន​អំពី​ការវិវត្តន៍​ស្ថានភាព​នយោបាយ​ចុងក្រោយ ហើយ​លោក​ឯកអគ្គ​រដ្ឋ​ទួត​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ស្ថានការណ៍​វិវត្តន៍​ដ៏​អាក្រក់​ចុងក្រោយ​នេះ​។​

ជា​ចុងបញ្ចប់​នៃ​ជំនួប​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ជម្រាបជូន​លោក ច​ច អេ​ដ​ហ្គា​(George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា អំពី​អ្វីដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​ត​ទៅមុខទៀត​។ ចំណែក លោក ជក អេក​ហ្កា​(George Edgar) ក៏​បង្ហាញ​មកវិញ​ថា តើ​សហគមន៍​អន្ដរជាតិ​នឹង​អាចធ្វើ​អ្វី​ជា​បន្ដទៀត​ដែរ​?

​គួរ​បញ្ជាក់ថា ដើម​សប្តាហ៍​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន បានធ្វើការ​ឆ្លើយតប​ប្រឆាំង​ទៅនឹង​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវគេ​សង្កេតឃើញថា បានធ្វើការ​ចល័ត​ដោយ​រថយន្ត​ចុះឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ នៅក្នុង​តំបន់​ជុំវិញ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ បើទោះជា​មានការ​គំរាម​ពី​គណបក្សកាន់អំណាច​សព្វ​បែបយ៉ាង​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុកថា​ការគំរាមកំហែង និង​បំភិតបំភ័យ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​សកម្មជន​របស់ខ្លួន​មិនមែនជា​រឿង​ថ្មី​ទេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​មិនអាច​ការពារ​អំណាច​របស់ខ្លួន​បានយូរ​អង្វែង និង​មាន​ភាពស្របច្បាប់​នោះទេ​។ លោក កឹម សុខា បាន​ពន្យល់ថា ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​មិនអាច​បិទបាំង​អំពើ​ខុសច្បាប់​របស់ខ្លួន​បានឡើយ ហើយ​រដ្ឋាភិបាល​មិនគួរ​ព្រោះតែ​ភ័យខ្លាច​បាត់បង់​អំណាច និង​ចង់​ការពារ​អំណាច​របស់ខ្លួន​ខ្លាំងពេក ហើយ​ទៅធ្វើ​សកម្មភាព​ការពារ​អំណាច​របស់ខ្លួន​តាមរ​យៈ​មធ្យោបាយ​មិន​ស្របច្បាប់​ដោយ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ទៅ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​៕

14317356_1460826777267950_4264011836149937168_n 14316938_1460826767267951_8456661750627799328_n