យល់ដឹងអំពី ការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)

ភាពរីកចំរើននៃបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនាពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សមានជម្រើស កាន់តែច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ បច្ចេកទេសថ្មីនេះជួយជំនួសជាអចិន្ត្រៃយ៍ សំរាប់ធ្មេញដែលបានបាត់បង់ និងផ្តល់នូវទំនុកចិត្ត និងស្នាមញញឹមត្រឡប់មកវិញ តាមរយៈការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលខាងទន្តបណ្ឌិត ហៅជាភាសាអង់គ្លេសថា Dental Implant ។

ការដាំបង្គោលក្នុងឆ្អឹង គឺត្រូវបានប្រើប្រាស់សំរាប់ជំនួស ឫសធ្មេញដែលបានបាត់បង់។ បង្គោលធ្មេញសិប្បនិមិត្តនេះ ធ្វើពីលោហៈធាតុតេតាញ៉ូម ដែលអាចឲ្យរាងកាយមនុស្ស យើងទទួលយកបានយ៉ាងងាយស្រួល។ បង្គោលនេះ ត្រូវបានបញ្ចូលទៅក្នុងឆ្អឹង ហើយក្នុងរយៈពេល ប្រហែល៦សប្តាហ៍ប៉ុណ្ណោះ បង្គោលធ្មេញនឹងឆ្អឹង នឹងបង្ខាំជាប់គ្នាយ៉ាងរឹងមាំ។ បន្ទាប់មក លោកអ្នកអាចដាក់ឬភ្ជាប់ធ្មេញបានដោយសុវត្ថិភាព។

តើការដាំបង្គោលធ្មេញក្នុងឆ្អឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ការដាំបង្គោលធ្មេញក្នុងឆ្អឹង ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖
- មិនធ្វើឲ្យខូចខាតដល់ធ្មេញជិតខាង ហើយវាអាចប្រើប្រាស់ក្នុងរយៈពេលយូរ ឬពេញមួយជីវិតប្រសិន បើយើងមានអនាម័យមាត់ធ្មេញល្អ។
- ផ្តល់នូវសោភ័ណភាព ដោយជួយរក្សាទម្រង់មុខឲ្យនៅក្មេង ជួយឆ្អឹងអញ្ចាញមិនឲ្យស្រក និងធ្វើឲ្យមានអារម្មណ៍ថាដូចធម្មជាតិ។
-ការនិយាយស្តី មានលក្ខណៈច្បាស់ព្រោះវាមិនរំកិលពេលនិយាយ។
-ផ្តល់ភាពងាយស្រួល និងទំនុកចិត្ត ព្រោះបង្គោលធ្មេញក្នុងឆ្អឹង មានភាពរឹងមាំ ធ្វើឲ្យងាយទំពារអាហារ និងផ្តល់នូវស្នាមញញឹម ស្រស់ស្រាយប្រកបដោយភាពជឿជាក់
-មិនមានការឈឺចាប់ ដែលបណ្តាលមកពីការពាក់ធ្មេញស្និតមិនបានល្អ។  

តើត្រូវធ្វើដូចម្តេចទើប Implant ទទួលបានជោគជ័យ? 
-អត្រាជោគជ័យរបស់ Implant អាស្រ័យលើឆ្អឹងថ្គាមដែល Implant ត្រូវដាំបញ្ចូល។ ជាទូទៅ Implant អាចទទួលបាន ជោគជ័យរហូតដល់ 98%។

តើមនុស្សរាល់គ្នាសុទ្ធតែដាំ Implant បានឬ?
-ក្នុងករណីភាគច្រើន បុគ្គលដែលមានសុខភាពល្អ ដែលអាចធ្វើការដកធ្មេញ ឬក៏ធ្វើការវះកាត់មាត់ធ្មេញបាន សុទ្ធតែអាចដាំ Implant បាន។ អ្នកជំងឺត្រូវមានសុខភាពអញ្ចាញ និងឆ្អឹងគ្រប់គ្រាន់ ព្រមទាំងត្រូវអនុវត្តអនាម័យមាត់ធ្មេញល្អ និងជួបទន្តបណ្ឌិតពិនិត្យមាត់ធ្មេញអោយបានទៀងទាត់ រៀងរាល់3ទៅ6ខែម្តង។
ចំពោះអ្នកជក់បារី, ទឹកនោមផ្អែម, ជំងឺបេះដូង និងអ្នកជំងឺ ដែលត្រូវព្យាបាលដោយកាំរស្មីលើតំបន់ក្បាល និងក ត្រូវធ្វើការវាយតំលៃ ដោយទន្តបណ្ឌិតឯកទេសផ្នែក Implant ជាមុនសិន។

តើដំណាក់កាលនៃការដាំបង្គោលធ្មេញមានអ្វីខ្លះ?
ដំណាក់កាលនៃការដាំបង្គោលធ្មេញរួមមាន៖
-នៅដំណាក់កាលដំបូង អ្នកជំងឺត្រូវបានពិនិត្យ និងវាយតំលៃដោយក្រុមគ្រូពេទ្យជំនាញដាំបង្គោលធ្មេញ ក្នុងឆ្អឹងតាមរយៈការថត x-ray និងបង្កើតគំរោងព្យាបាល ដែលផ្តល់ភាពងាយស្រួល ក្នុងការជ្រើសរើសប្រភេទ បង្គោលទៅតាមភាពសមស្រប។
-បន្ទាប់មក ទន្តបណ្ឌិតនឹងធ្វើការដាំបង្គោលធ្មេញទៅក្នុងឆ្អឹង ហើយត្រូវរងចាំរយៈពេលពី 6សប្តាហ៍ ដើម្បីឲ្យជាសះស្បើយ ។
-បន្ទាប់ពីជាសះស្បើយ អ្នកជំងឺត្រូវខាំពុម្ព ដើម្បីធ្វើធ្មេញអោយដូចគ្នា ទៅនឹងធ្មេញធម្មជាតិ ដែលហៅកាត់ថា Crown។ ចំពោះអ្នកជំងឺ ដែលបាត់ធ្មេញទាំងអស់ (ថ្គាមលើ រឺក្រោម) ទន្តបណ្ឌិតត្រូវពិនិត្យរកផ្នែកតភ្ជាប់ (Attachment) ដើម្បីទ្រទ្រង់គ្រោងធ្មេញស្និត។
-ចុងបញ្ចប់អ្នកជំងឺ នឹងទទួលបានធ្មេញស្រដៀងគ្នានឹងធ្មេញធម្មជាតិ ដោយជំនួសមកវិញនូវមុខងារទំពារ សោភ័ណភាព អារម្មណ៍ ទំនុកចិត្ត និងភាពទាក់ទាញជាមួយស្នាមញញឹមដ៏គួរអោយទាក់ទាញ៕ 

រៀបរៀងដោយទន្តបណ្ឌិតៈ ញាណ ភីរម្យ
មន្ទីរព្យាបាលធ្មេញបស្ចិមសាខាវិមានឯករាជ្យ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ដឹងអំពី ការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)

យល់ដឹងអំពី ការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)

យល់ដឹងអំពី ការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)