“ខ្សែ​ជីវិត​” ​ យូរី ជួប​ការ​រិះ​គន់​ខ្លាំង​ថា​ដូច​រឿង​កូរ៉េ

ស្នាដៃ​បទ​ថ្មី “ខ្សែ​ជីវិត” ៤​បទ​ របស់​កញ្ញា យូរី ទើប​តែ​ចេញអាល់ប៊ុម យប់​មិញ​នេះ ​ទទួល​បាន​ការ​រិះ​គន់ពី​ទស្សនិកជន​ក្នុង​បណ្តាញ​សង្គម​ច្រើន​​ ដោយ​ហេតុផល​ថា​​ ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​រឿង​ភាគ​កូរ៉េ Queen of Ambition។ ឆ្លើយ​តប​មក​វិញ​ យូរី អះអាង​ថា មិន​បាន​ចម្លង​ឡើយ​ និង​សំណូម​ពរ​មើល​ឲ្យ​ដល់​ចប់​សិន ទើប​ដឹង​ការពិត​យ៉ាង​ណា​។

 

អាល់ប៊ុមដែល​ទើប​នឹង​ចេញ​នេះ​ ម្ចាស់​បទ​ “ខ្សែ​ជីវិត” ថា ​​ជា​ស្នាដៃនិពន្ធ​របស់​អ្នក​ដឹកនាំ​នៅ​ផលិតកម្ម​សាន់ដេលោក RED​៖ “ការ​ពិត​រឿង​នេះ ​មាន​ការ​ស្រដៀង​គ្នា​តែ​ដំបូង​បន្តិច ហើយ​ការ​ស្រដៀង​គ្នា​នេះ​ អ្នក​ដឹកនាំ​គាត់​ក៏​មិន​បាន​ដឹង​ថា​ស្រដៀង​ដែរ​ព្រោះ គាត់​មិន​ដែល​បាន​មើល​រឿង​របស់​កូរ៉េ​ផង​ ទើប​តែ​មាន​គេ​រិះ​គន់​ ទើប​ទៅ​មើល​ឡើង​វិញ​ បាន​ឃើញ​ថា​មាន​ការ​ស្រដៀង​គ្នា​​មែន តែ​ស្រដៀង​ក្បាល​ដំបូង​បន្តិច​ប៉ុណ្ណោះ​បង”។

 

“ខ្សែ​ជីវិត​” ​ យូរី ជួប​ការ​រិះ​គន់​ខ្លាំង​ថា​ដូច​រឿង​កូរ៉េ

 

ត្រឡប់​មក​ជួប​​លោក RED អ្នក​ដឹក​នាំ​​វីដេអូ​ខ្លី​បទ​ខាង​លើ បាន​​បដិសេធ​​រឿង​ចម្លង​បទ​នេះ​ពី​ប្រទេស​កូរ៉េ​។ លោក​ថា​ លោក​មិន​ដែល​បាន​តាម​ដាន​ សាច់​រឿង​របស់​កូរ៉េ​ឡើយ​ អ្វី​គ្រប់​យ៉ាង​គឺ​កើត​ចេញ​ពី​ការ​ស្រមៃ​ និង​យល់​ឃើញ​ផ្ទាល់។

 

RED​ថ្លែង៖ “​​ធ្វើ ​MV ​នេះ​ ខ្ញុំ​មិន​បាន​គិត​ទៅ​ដល់​រឿង​ចម្លង​ពី​គេ​នោះ​ទេ ខ្ញុំ​គិត​ថា​ធ្វើ​ដើម្បី​ល្អ​មើល ដែល​មាន​បងប្អូន​ខ្លះ​ថា​ក្រុម​ពួក​បង​យក​ទីតាំង​នៅកន្លែង​រថភ្លើង​គឺ​ដូច​សុទ្ធ​សាធ​ ទើប​យក​ទីតាំង​នៅ​រថភ្លើង​ ខ្ញុំ​​ក៏​មិន​អាច​ប្រកែក​ទាំង​ស្រុង​ថា​មិន​ដូច​ឡើយ ប៉ុន្តែ​អ្វី​ៗ ​ជា​គំនិត​ខ្ញុំ ​បាន​ជា​យក​កន្លែង​ហ្នឹង​ព្រោះ​វា​ទើប​បង្កើត​ថ្មី ហើយ​ទី​កន្លែង​មាន​ភាព​ទាក់​ទាញ និង​ស៊ី​ជាមួយ​សាច់​រឿង”។

 

យ៉ាង​ណា​មិញ​ ទាំង​តារា​ចម្រៀង​ យូរី និង​អ្នក​ដឹកនាំ ​សំណូម​ពរ​​អ្នក​គាំ​ទ្រ​ទាំង​អស់​ គ្នា​សូម​មើល​ឲ្យ​បាន​ដល់​ចប់​សិន​ ទើប​ដឹង​ថា​ខ្សែ​រឿង​នេះ​ មិន​បាន​ចម្លង​ពី​រឿង​ Queen of ambition ​របស់​ប្រទេស​កូរ៉េ ទេ៕

 

អត្ថបទ៖ ថា ម៉ាលីដា​