អី​ក៏​សាហាវ​ម្ល៉េះ? ស្ត្រី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បួ​ង​ត្រូវ​មេការ​ចិន​ម្នាក់​វាយ​ជាន់​ពីលើ

អី​ក៏​សាហាវ​ម្ល៉េះ? ស្ត្រី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បួ​ង​ត្រូវ​មេការ​ចិន​ម្នាក់​វាយ​ជាន់​ពីលើ



ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៦​ម៉ឺន​នាក់ ទាំង​ពលករ និង​និស្សិត ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ រក​ចំណូល​ប្រចាំខែ​សម្រាប់​ខ្លួនឯង និង​ផ្ញើ​ជូន​គ្រួសារ​នោះ ក៏​នៅ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​ដែរ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​នៅ​កន្លែងធ្វើការ ដោយ​ការ​រំលោភសិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ និង​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្សេង​ៗ​ពី​សំណាក់​មេការ​ជនជាតិ​ចិន​ជាដើម​នោះ បាន​ធ្វើ​អោយ​ក្រុមការងារ​ស្ថានទូត ដឹកនាំ​ដោយ​ឯកឧត្តម ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង​ករណី​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​មេការ​រោងចក្រ​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ដែល​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​នៅ​លើ​បណ្តា​​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​បាន​ហើយ ដោយ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ សួង ស្រី​និ​ច អាយុ​២៨​ឆ្នាំ មក​ពី​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កំពុង​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម នៅ​តំបន់ អ៊ឺ​យ​ចុង​ប៊ូ ប្រទេស​កូរ៉េ​ខាង​ត្បួ​ង ត្រូវ​បាន​មេការ​ជនជាតិ​ចិន​ម្នាក់ ប្រើ​អំពើ​ហិង្សា​វាយ​ជាន់​ពីលើ​ខ្លួន​ក្នុង​ផ្ទះបាយ កាលពី​ម៉ោង​១២​យប់ ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៦​នេះ ឯកឧត្តម ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ចាត់​ឲ្យ​ក្រុមការងារ​ស្ថានទូត​ទៅ​សួរនាំ​ជន​រង​គ្រោះ ដើម្បី​ស្ដាប់​ដំណើររឿង និង​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​ជូន​គាត់ ។

ដូច​គ្នា​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ពលករ​ខ្មែរ​ម្នាក់​មានឈ្មោះ​ទុំ ចាន់​ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ខេត្តតាកែវ ដែល​ទើប​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​រយៈពេល​២​ខែ (​ផ្នែក​ឧស្សាហកម្ម​ក្នុង​តំបន់ Anseong ខេត្ត Gyeonggi) ត្រូវ​បាន​មេការ​រោងចក្រ​ប្រើ​អំពើ​ហិង្សា​យ៉ាង​អយុត្តិធម៌​ទៅ​លើ​រូបគេ ក្នុងអំឡុងពេល​បំពេញការងារ និង​ពេល​សម្រាក​ពី​ការងារ​ផង​ដែរ ។

ប្រ​ព​ភ​ព័ត៌មាន​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ស្ថានទូត បាន​ជួប​ពិភាក្សា និង​ស្ដាប់​នូវ​ដំណើររឿង​លម្អិត របស់​ប្អូន​ឈ្មោះ​ទុំ ចាន់​ថន និង​សួង ស្រី​និ​ច ដើម្បី​ប្រមូល​ភស្ដុ​តាង យក​ជា​មូលដ្ឋាន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​គាត់​តាម​នីតិវិធី​ច្បាប់ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ស្ថានទូត​បាន​និង​កំពុង​ទាក់ទង​អន្ដរាគមន៍​ទៅ​ថៅកែ​រោងចក្រ​រួច​ហើយ នឹង​កំពុង​រៀបចំ​បន្ដ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​របស់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពលករ​ខ្មែរ​យើង ៕