ដឹងអត់ថា ក្រុមក្មេងតូចៗ ល្បីក្នុងហ្វេសប៊ុក មានអ្នកចុចមើលវីដេអូ ដល់១លានដង ក្នុងមួយខែៗ រកចំណូលបានប៉ុន្មាន?

បាត់ដំបង៖ ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ ពីក្រុមក្មេងតូចៗ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹក តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុចចូលមើលវីដេអូរបស់ពួកគេ ១លានដងឯណោះ។

ចង់ដឹងមែនទេថា ពួកគេមានសមត្ថភាពពិសេសត្រង់ណាខ្លះ ខុសពីក្មេងដទៃ? ហើយក្រោយពីពួកគេ បានល្បីរួចមក តើពួកគេទទួលបានការងារអ្វីខ្លះ?

កុំឲ្យរង់ចាំយូរ ខ្មែរឡូតនឹងស្រាយចម្ងល់ប្រិយមិត្តនៅក្នុងថ្ងៃនេះតែម្តង ដោយសាកសួរផ្ទាល់ជាមួយនឹងពូបង្កើតរបស់ក្រុមក្មេងៗ។

ជួបជាមួយនឹង លោក រតនះ វិបុល ជាពូបង្កើតរបស់ក្រុមក្មេងៗ រស់នៅខេត្តបាត់ដំបង បាននិយាយប្រាប់ខ្មែរឡូតថា "សព្វថ្ងៃនេះ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះខ្ញុំផ្ទាល់Rathanak Vibol ត្រូវបានល្បីល្បាញខ្លាំង ក្នុងគ្រប់ស្រទាប់មនុស្ស មិនថាចាស់ រឺក្មេង ដែលមានចំនួនអ្នកចុចមើលវីដេអូដ៏ច្រើនលើសលប់។ 

តាមការពិតទៅ ពីដំបូង ខ្ញុំក៏មិននឹកស្មានថា វីដេអូរបស់ខ្ញុំដែលបានបង្កើតនេះ ទទួលបានការចាប់អារម្មណ៍ដល់ម្លឹងសោះ ដែលមានអ្នកចុចមើល ខ្ទង់ម៉ឺនឯណោះ ហើយបើអ្នកចែករំឡែកក៏ច្រើនផងដែរ។ បើតាមខ្ញុំចាំ វីដេអូដំបូង ដែលខ្ញុំបានធ្វើ ដូចជាធ្វើទាក់ទងនឹង ពាក្យសម្តីមួយដែលគេតែងនិយាយថា “អត់ខ្វល់សំខាន់អូនស្អាត” ហើយវីដេអូនោះ ដូចជាថ្មីៗនេះដែរទេ ប្រហែលជាខែមេសា ឆ្នាំ២០១៦"

ក្នុងនោះ លោក វិបុល បានបន្តថា "ក្រោយពីខ្ញុំដឹងថា វីដេអូរបស់ខ្ញុំទទួលបានការចាប់អារម្មណ៍ខ្លាំងរួចមក ខ្ញុំក៏ព្យាយាមដឹកនាំសាច់រឿងខ្លីៗ ស្តីការអប់រំ ចំណេះដឹង សុខភាព បរិស្ថាន ការចេះស្រលាញ់ខ្មែរដូចគ្នា កំប្លែងជាបន្តបន្ទាប់ផងដែរ។ ហើយអ្វីដែលខ្ញុំពេញចិត្តបំផុតនោះ គឺក្មួយខ្ញុំទាំង៥នាក់នេះ ហាក់ដូចជា មានទេពកោសល្យក្នុងការសម្តែងពិតៗ ជាមួយនឹងការដាក់អារម្មណ៍ មនោសញ្ចេតនា ពាក្យសម្តីក្នុងការនិយាយ ដែលខ្ញុំមិនបាច់ហត់មាត់ ក្នុងការប្រាប់ច្រើនដង គ្រាន់តែមុនពេលថត ប្រាប់ថាចង់ថតវីដេអូនិយាយពីអ្វី គឺពូកគេអាចថតបាន ដោយគ្មានការត្រៀមប៉ារ៉ូល រឺហាត់លើកដាក់សំលេងអ្វីនោះទេ។ ចំនុចនេះ គឺខ្ញុំពិតជាស្ងើចសរសើរ លើពួកគេណាស់ ព្រោះថាតារាភាគច្រើន ក៏ត្រូវការចាំប៉ារ៉ូល និងសមកាយវិការដើម្បី ចូលគ្នាជាមួយនឹងសាច់រឿងដែរ តែសម្រាប់ក្មួយៗរបស់ខ្ញុំវិញវ័យមិនទាន់១៦ឆ្នាំផង អាចសម្តែងបានគ្រប់សាច់រឿង ដោយមិនពិបាក

សម្រាប់ក្មេងៗទាំង៥នាក់នេះ មានឈ្មោះដូចជា មីនា តុង កាន់យ៉ា ការ៉ែត និងអាទី (ក្មេងស្រីតូចជាងគេ) ពូកគេសុទ្ធតែនៅក្នុងវ័យសិក្សាទាំងអស់នោះទេ ហើយការថតវីដេអូខ្លីៗនេះ ក៏មិនប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេផងដែរ ព្រោះថាខែនេះ ជាវិស្សមកាល ដែលមានរយៈពេលទៅដល់៣ខែឯណោះ ដូច្នេះខ្ញុំឆ្លៀតពេលនេះ ថតវីដេអូឲ្យបានច្រើន ហើយពេលដល់ពេល ពួកគេចូលរៀនវិញ ខ្ញុំក៏មិនដែលរំខានការសិក្សាពួកគេឡើយ"

ដោយសារតែសមត្ថភាពក្នុងការសម្តែងរបស់ក្មួយៗរបស់ខ្ញុំ បានធ្វើឲ្យគ្រប់គ្នា ស្គាល់ពួកគេច្បាស់តែម្តង សូម្បីតែនៅក្រៅ ក៏មានមហាជនទាំងក្មេង ទាំងចាស់ បានស្រែកហៅពួកគេផងដែរ ដែលហៅថា(ក្មេងៗតារាហ្វេសប៊ុកនោះតើ)។ មិនតែប៉ុណ្ណោះ ក៏មានបណ្តាផលិតផលនានា ផលិតកម្មដូចជា ហង្សមាស ផលិតកម្មថោន ស្ថានីយ៍ទូរទស្សន៍បាយ័ន បានហៅក្មួយៗខ្ញុំ ទៅថតជាលក្ខណៈក្រុមតែម្តង។ ហើយថ្មីៗនេះដែរ ខ្ញុំក៏បានទទួលពាក្យ ពីផលិតកម្មមួយ ដែលនឹងអញ្ជើញក្មួយៗខ្ញុំទៅថតខ្សែភាពយន្តតែម្តង តែមិនទាន់ដឹងថាចំណងជើងអ្វីនោះទេ។

ក្នុងនោះដែរ ក្រុមផលិតករ ភាគច្រើន ក៏បានពោលពាក្យសរសើរ លើពួកគេពេញមាត់ៗ ថាមានសមត្ថភាពក្នុងការសម្តែងបានខ្ពស់ មិនចាញ់តារាអាជីពនោះទេ ហើយក្រុមផលិតករ បានបន្តថា បើក្រុមក្មេងៗ បានបណ្តុះបណ្តាលលើផ្នែកសម្តែងជាងនេះបន្តិច ពួកគេរឹតតែខ្លាំងជាងនេះទៅទៀត ព្រោះថាពេលនេះ ពួកគេមានដុងពីកំណើតស្រាប់"

ជាពិសេស លោក រតនះ វិបុល បានបង្ហើបប្រាប់ថា ក្មួយៗរបស់លោក អាចរកចំណូលក្នុងមួយខែៗ ជាង១ពាន់ដុល្លារឯណោះ លើការផ្សព្វផ្សាយផលិតផល ឡេលាបស្បែក គ្រឿងសង្ហារឹម ហាងពូកខ្នើយ និងថតវីដេអូចម្រៀងឲ្យផលិតកម្មនានាជាច្រើន។

លោក រតនះ វិបុល បានបន្តថា "អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងនេះ គឺមានបងប្អូនជាច្រើននាក់ ពេញចិត្តនូវស្នាដៃរបស់ខ្ញុំ ដែលអាចផលិតវីដេអូខ្លីៗបានយ៉ាងល្អបែបនេះ។ ក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំក៏បានជួបផលិតករអាមេរិកម្នាក់ ដែលរូបគាត់ក៏ធ្លាប់បានមើលស្នាដៃខ្ញុំ ថែមទាំងបានកោតសរសើរថាចេះ តាក់តែងសាច់រឿង បែបន័យអប់រំផង និងន័យកំប្លែង ដែលធ្វើឲ្យអ្នកទស្សនាមិនធុញទ្រាន់។ ហើយផលិតករ ដែលខ្ញុំបាននិយាយរៀបរាប់ខាងលើ គឺរូបលោក ក៏ជាអ្នកដឹកនាំរឿងខ្លីៗ ឲ្យក្មេងៗ សម្តែងផងដែរ ដែលទទួលបានការគាំទ្រ និងលើកស្ទួយយ៉ាងខ្លាំង នៅឯប្រទេសអាមេរិក។ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ក្មួយៗទាំង៥នាក់របស់ខ្ញុំ នឹងអាចធ្វើឲ្យពិភពលោកមើលឃើញ ពីទេពកោសល្យរបស់ពួកគេបាន តាមរយៈវីដេអូអប់រំខ្លីៗ"

ជាចុងក្រោយ លោក រតនះ វិបុល ក៏ថ្លែងអំណរគុណទៅដល់បងប្អូនទាំងអស់គ្នា ដែលនិយមទស្សនា និងគាំទ្រ វីដេអូខ្លីៗដែលរូបលោកបានធ្វើឡើងៗ ហើយលោក នឹងព្យាយាមបង្កើតវីដេអូជាច្រើនទៀត ទុកចែកជូនបងប្អូនទស្សនា ដើម្បីទុកជាការដាស់តឿន អប់រំ និងការកំសាន្តផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload