ប្រតិបត្តិការ​ក្តៅ ! បង្ក្រាប​ផ្ទះ​កូន​មេ​ភូមិ​សំរោង​ទាវ

រាជធានី​ភ្នំពេញ ៖ ដីឡូ​មួយ​កន្លែង​ដែល​ជា​ផ្ទះ​របស់​កូនមេ​ភូមិ​សំរោង​ទាវ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ក្តៅ​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​ផ្ទះ​នោះ​បាន​លប​បើក​លេងល្បែង​ស៊ីសង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក សាំង សុ​ភ័​ក្រ​វិចិត្រ អភិបាលរង​ខណ្ឌ លោក​វេស​នី​យ៍​ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ កម្លាំង​នគរបាល​ប៉ុស្តិ៍ ក្រោយ​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងបៀ​អាប៉ោង​នៅ​ក្នុង​ដី​ឡូរ​១​កន្លែង ស្ថិត​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​មាន​ដូច​ជា ម៉ូតូ​ធំ​២​គ្រឿង ចាន​សម្រាប់​បាញ់អាប៉ោង បៀ​ជា​ច្រើន​ហ៊ូរ លុយ​២០​ដុល្លារ និង ៨០.០០០​រៀល ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​៩​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន មាន​ម្នាក់​ជា​ម្ចាស់ផ្ទះ និង​កូន​របស់​មេ​ភូមិ​សំរោង​ទាវ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការ​នគរបាល​ខណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង បញ្ជាក់​ថា ចំពោះ​អ្នក​ញៀន​ល្បែង​ខាងលើ គឺ​មិន​មានការ​ដោះ​លែង ឬ​សម្របសម្រួល​ឡើយ គឺ​លោក​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕