ជាផ្ទះជួលពិតមែន តែកុំច្រឡំ…

រាជធានី​ភ្នំពេញ ​៖ ​​ជនសង្ស័យជាមុខសញ្ញា​​ចោរ​គាស់​ផ្ទះ​​យ៉ាង​សកម្ម​ម្នាក់ ​ចូលទៅគាស់​ផ្ទះ​ជួល​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​ថ្ងៃ​ទី​១៤ ​កញ្ញា ​២០១៦ ស្ថិតនៅ​ក្នុង​បុរី​សន្តិភាព​២ ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​ ​ដោយ​លួចទូរ​ទស្ស​ន៍ ​LCD មួយ​គ្រឿង​​​ ដោយ​មិន​​ដឹង​ថា នៅ​ក្នុងផ្ទះ​ខាងលើ​នោះ ត្រូវម្ចាស់​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នោះ​​ទេ ​​ហើយ​​គេច​ខ្លួន​បានសម្រេច​​​ តែ​ត្រូវ​កាមេរ៉ា​ផ្តិត​យករូប​ជាប់​ពី​សកម្មភាព​នោះហើយ ​។

​បន្ទាប់ពី​ម្ចាស់ផ្ទះ ក្រោយ​ពេល​ដែល​ដឹង​​ថា មាន​ចោរ​ចូល​​គាស់​ផ្ទះ​​លួច​យក​ទូរ​ទស្ស​ន៍​ទៅ​បាត់​ នៅ​​ព្រឹក​ឡើង ​ក៏​​ទៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឱ្យ​នគរបាល​ជួយ​អន្តរា​គម​ន៍ និង​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាពនោះ​ ក៏​ស្គាល់​មុខសញ្ញា​ជនសង្ស័យ ទើប​នៅ​វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​​ដដែល កម្លាំង​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្ដង ​។

​ជនសង្ស័យ​​ឈ្មោះ​ផា​ន់ វែង អាយុ​១៩​ឆ្នាំ​ ​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ជាប់​​ពន្ធនាគារ​រយ​:​ពេល​៦​ខែ ​លើបទ​​ចោរកម្ម​ដែរ​ ។​ ប៉ុន្តែ​ក្រោយ​ពេល​ចេញ​​មក​​វិញ មិន​ត្រឹមតែ​មិន​រាងចាល​​ទេ ​ថែម​ទាំង​ធ្វើ​សកម្មភាព​លួច​​ដដែល និង​រឹតតែ​សកម្ម​ជាង​មុន​ទៀត​ ហើយ​ក្រោយ​ពេល​​ដែល​កម្លាំង​ចាប់ខ្លួន​ជន​​នោះ​​ ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​អបអរសាទរ និង​សំណូមពរ​ឱ្យ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ​។

តាម​ប្រភព​​​​ឱ្យ​ដឹង​ថា នៅ​វេ​ល​យប់​ថ្ងៃ​កើតហេតុ ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​តែ​ដេក​លង់លក់​ក្នុង​ដំណេក ដោយ​មិនដឹង​ខ្លួន​នោះ ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​​​យក​​ទូរ​ទស្ស​ន៍ ​បន្ទាប់​មក​ចោរ​បាន​គេច​ខ្លួន​​​បាត់​ដោយ​សុវត្ថិភាព​។ ចំណែក​ម្ចាស់​ផ្ទះ ក្រោយ​ពេល​ភ្ញាក់ពីដេកដឹង​ថា ​មាន​ចោរ​គាស់​ផ្ទះ ក៏​មាន​លារ​ភ្ញាក់ផ្អើល​ឆោ​ឡោ លុះ​ព្រឹក​ឡើង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៍។​

ខណៈនោះ ដោយសារ​ផ្ទះត្រូវ​ជន​រង​គ្រោះ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព កម្លាំង​បាន​ធ្វើការ​ឆែក​កាមេរ៉ា​​នោះ ហើយ​បានឃើញ​និង​ស្គាល់​មុខសញ្ញាចោរ ​ទើប​​ឃាត់ខ្លួន​​បាន ។