ក្មេង​ម្នាក់​បាក់ជើង និង​ម្នាក់​របួស​ជើង​ធ្ងន់​ខណៈ​កំពុង​ជិះ​ម៉ូតូ​កំពុង​តែមាន​ល្បឿន​ជក់ខ្យល់​ត្រូវ​ឡាន​បុក​

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសពីរនាក់ជិះម៉ូតូឌុបគ្នាកំពុងតែមានល្បឿនជក់ខ្យល់ ស្រាប់តែ ត្រូវរថយន្តបើកចេញពីចាក់សាំងក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចបុកចំពេញទំហឹងប៉ើងខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកឌុបបាក់ជើងខាងស្តាំ និងក្មេងតូចជិះពីក្រោយរបួសជើងស្តាំ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៨១-១៨២ ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈ សូគីម៉ិច ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ka-14-09-2016-02-jpg

សមត្ថកិច្ចឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះទី១-ឈ្មោះ ស៊ុន សុម៉ៃយ៉ា ភេទប្រុស អាយុ២១ឆ្នាំ របួសបាក់ជើងខាងស្តាំ ជាអ្នកឌុប និងទី២-អ្នករួមដំណើរឈ្មោះ ថន ពន្លក ភេទប្រុស អាយុ១០ឆ្នាំ របួសជើងខាងស្តាំ។ ក្មេងរងគ្រោះ ទាំងពីរនាក់បច្ចុប្បន្នរស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ ភ្លាមៗនោះរថយន្តបង្កបានបើករត់គេចខ្លួនទៅទិសខាងលិចបាត់ស្រមោល។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្តកិច្ចនគរបាលបញ្ជូនតាមរយៈរថយន្តសង្គ្រោះរបស់ស្នងការទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ka-14-09-2016-03-jpg

អ្នកឃើញហេតុការណ៍នោះបាននិយាយថា៖ នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូរួមគ្នា១គ្រឿងម៉ាក Honda Dream c125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-5806 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក Colola ពណ៌ស្លែ ពាក់ស្លាកលេខ 7378 (មិនចាំក្បាលលេខ) បើកចេញពីកន្លែងចាក់សាំង ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច បានបុកពេញទំហឹងបង្កឲ្យក្មេងប្រុសទាំងពីរនាក់របួសធ្ងន់តែម្ដង។ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបាន នគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

ka-14-09-2016-05-jpg