អតីត​ប្រធានាធិបតី​អីុ​ស្រា​អែ​ល​ដាច់​សរសៃឈាម​ខួរក្បាល

អតីត​ប្រធានាធិបតី​អីុ​ស្រា​អែ​ល​លោក​ស៊ី​ម៉ុ​ន ប៉េ​រេស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​កាលពី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​មន្ទីរពេទ្យ TEL-HASHOMER ក្រុង​តែ​ល​អា​វីវ ដោយ​លោក​សន្លប់​បាត់ស្មារតី ក្រោយ​ជួប​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។

ក្រោយ​ពី​គូសបញ្ជាក់​ថា ស្ថានភាព​សុខភាព​របស់​លោក​ប៉េ​រេស​នៅ​នឹង និង​ថា លោក​អាច​ដឹងខ្លួន​វិញ ការិយាល័យ​របស់​លោក​រាយការណ៍​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា «​ស្ថាន​ភាព​សុខភាព អតីត​ប្រធានាធិបតី​រូប​នោះ មានការ​ផ្លាស់​ប្តូរ​» ។ ក្រុម​គ្រូពេទ្យ​បាន​សម្រេច​ដាក់​ថ្នាំ​សណ្តំ ហើយ​ប្រើ​ឧបករណ៍​ជំនួយ​សម្រាប់​ការ​ដកដង្ហើម ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល ។

មុន​នេះ សាស្ត្រាចារ្យ YITZHAK KREISS នាយក​មន្ទីរពេទ្យ TEL-HASHOMER ថ្លែង​ថា លោក​ស៊ី​ម៉ុ​ន ប៉េ​រេស ជួប​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ធ្ងន់ធ្ងរ​អម​ដោយ​ការ​ចេញ​ឈាម​តាម​ច្រមុះ ។ បច្ចុប្បន្ន​លោក​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ហើយ​ត្រូវ​តាមដាន​ពិនិត្យ​ច្រើន​ទៀត ។ ប្រាកដ​ណាស់ ស្ថានភាព​លោក​ប៉េ​រេស​ពិតជា​ធ្ងន់ធ្ងរ ។ ទោះបី​យ៉ាងណា ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម តែ​យើង​ពិតជា​ជួប​ការ​លំបាក​ខ្លាំង ។

មាន​អាយុ​៩៣​ឆ្នាំ អតីត​ប្រមុខរដ្ឋ​រូប​នោះ កាលពី​ខែមករា មាន​បញ្ហា​បេះដូង​ដល់​ទៅ​១០​ថ្ងៃ ហើយ​ចូល​មន្ទីរពេទ្យ​២​លើក ៕