សាហាវម៉្លេះ! គ្រូចិត្តអប្រិយ គប់សិស្សស្រីនឹងកែវទឹកសេរ៉ាមិច ឡើងវៀចថ្គាម

ថៃ៖ វាជារឿងដ៏គួរឲ្យរន្ធត់ចិត្តមួយផងដែរ ខណៈសិស្សស្រីវ័យជំទង់ ដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគ្រូចិត្តអន្យតិរ្ថិយ ប្រើហិង្សាខុសក្រិតក្រម នៃវិជ្ជាជីវៈជាគ្រូបង្រៀន គប់កែវទឹកសេរ៉ាមិចមួយ ចំក្បាលរបស់នាង បណ្តាលឲ្យប៉ះពាល់ បណ្តាលឲ្យប៉ះពាល់ដល់ផ្នែកសរសៃរប្រសាទ ធ្វើឲ្យវៀចមុខវៀចមាត់ ហើមថ្គាមរងរបួសជាទម្ងន់។

នេះបើយោងតាមប្រភពសារព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ស្រ្តីជាម្តាយឈ្មោះ Pranee Jodsathia មានវ័យ៤៨ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងក្រុង Nakhon Ratchasima (នគររាជសីមា) ខឹងសម្បាយ៉ាងខ្លាំង ក្រោយពីដឹងថាកូនស្រីរបស់គាត់ ត្រូវគ្រូប្រុសចិត្តអន្យតិរ្ថិយម្នាក់ឈ្មោះ Paitoon បង្រៀននៅសាលា Chokchai Samakkee បានគប់កែវទឹកចំក្បាល កូនស្រីរបស់គាត់ រហូតបណ្តាលឲ្យវៀចថ្គាមយ៉ាងដូច្នេះ។

ប្រភបន្តថា អ្នកស្រី Pranee Jodsanthia  បានអះអាងថាខាងសាលា Chokchai Samakkee បានធ្វើការបដិសេធ មិនទទួលខុសត្រូវ នូវទង្វើដែលគ្រូចិត្តអន្យតិរ្ថិយរូបនេះ បានធ្វើមកលើកូនស្រីគាត់ឡើយ និងថែមទាំងមិនអើពើ ចំពោះការប្តឹងទារសំណង លើថ្លៃព្យាបាលកូនស្រីគាត់ ដែលកំពុងតែត្រូវការចាំបាច់ នាពេលបច្ចុប្បន្ននេះ ក្នុងចំនួនទឹកប្រាក់ ៣សែនបាត (ប្រហែលជា ៨,៥៨៦ដុល្លារអាមរិក)  ទៀតផង។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏ធ្លាប់បាន ធ្វើពាក្យបណ្តឹងទៅកាន់ប៉ូលិស អស់រយៈពេលជាងមួយខែកន្លងទៅហើយ ប៉ុន្តែនៅតែពុំទាន់ឃើញមានចំណាត់ការ ណាមួយជួយអ្នកស្រីនៅឡើយនោះទេ។

តាមការឲ្យដឹងពីស្រ្តីជាម្តាយ ពេលនេះកូនស្រីរបស់គាត់ឈ្មោះ Naruedee មានអាយុ ១៧ឆ្នាំ ត្រូវរងការខូចសរសៃរប្រសាទមុខ បន្ទាប់ពីគ្រូប្រុស Paitoon បង្រៀនផ្នែកកីឡា បានគប់កែវទឹកចំក្បាលកូនស្រីគាត់ កាលពីពេលកន្លងទៅ។

ដោយឡែក បើតាមសម្តីរបស់ យុវតី Naruedee បានឲ្យដឹងដែរថា កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០១៦ កន្លងទៅ មុនពេលដែលគ្រូកីឡារបស់នាង ចាប់ផ្តើមបង្រៀននោះ គាត់បានឲ្យមិត្តរួមថ្នាក់របស់នាងទាំងអស់ អង្គុយនៅនឹងដី នៅបរិវេនខាងក្រៅសិន។ Naruedee បានអះអាងថា ក្នុងគ្រានោះ នាងមិនបានអង្គុយទេ ដោយសារតែក្តៅពេក។ ជាហេតុធ្វើឲ្យលោកគ្រូរបស់នាង ខឹងនាងយ៉ាងខ្លាំង ដោយសារតែនាងមិនស្តាប់បង្គាប់របស់គាត់ ហើយភ្លាមៗនោះ ស្រាប់តែគ្រូរបស់នាង ចោលកែវទឹកមកចំក្បាលនាងតែម្តង ជាហេតុធ្វើឲ្យរងរបួសថ្ងាសខាងឆ្វង ឈឺចាប់ជាទីបំផុត។

ក្រោយពេលកើតហេតុភ្លាមៗនោះ នាង Naruedee មិនបានប្រាប់ឪពុកម្តាយរបស់នាងឲ្យដឹងឡើយ។ រហូតស្រាប់តែយប់ឡើង ខណៈដែលរូបនាងបានដុសធ្មេញ មុនចូលគេងនោះ ស្រាប់តែនាងមានអារម្មណ៍ថា មិនអាចបិទមាត់របស់នាងបានឡើយ ហើយថែមទាំងមានហូរទឹកមាត់ ចេញមកក្រៅថែមទៀតផង។ ក្រោយមក Naruedee កត់សម្គាល់ឃើញថា មាត់របស់នាងស្រាប់តែមានលក្ខណៈ ខុសប្លែកពីធម្មតា (វៀច) ហើយភ្លាមៗនោះដែរ សូម្បីតែភ្នែកខាងឆ្វេងរបស់នាង ក៏មិនអាចបិទបានដែរ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីគ្រួសាររបស់នាង បានដឹងរឿងហើយនោះ នៅថ្ងៃបន្ទាប់ Naruedee និងម្តាយរបស់នាង ក៏បានទៅកាន់ស្ថានីយ៍ប៉ុស្តិ៍ប៉ូលិស ដើម្បីបំពេញបែបបទដាក់ពាក្យបណ្តឹង ប៉ុន្តែខាងមន្រ្តីប៉ូលិស សុំមិនផ្តល់នូវរបាយការណ៍ថតចម្លង ទាក់ទងនឹងសេចក្តីបណ្តឹង ឲ្យម្តាយនិងកូនពីរនាក់នេះឡើយ ដោយសារតែប៉ូលិសមិនចង់ឲ្យពួកគេទាំងពីរ មានការបង្ហោះចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ព្រោះវាអាចជាហេតុអាចធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសរបស់សាលាបាន ដោយសុខចិត្តឲ្យរង់ចាំ ការដោះស្រាយតាមនីតិវិធីច្បាប់ ទើបបណ្តាឲ្យអ្នកស្រី Pranee ស៊ូទ្រាំកន្លងនេះ ដោយមិនចង់ឲ្យមានការបែកធ្លាយនោះឡើយ។

គួរឲ្យដែរថា គ្រាដំបូងឡើយអ្នកស្រី Pranee ក៏បានទៅជួបជាមួយនឹងនាយកសាសាផងដែរ ហើយខាងសាលាបានសន្យាថា នឹងចំណាយលើថ្លៃព្យាបាល កូនអ្នកស្រីចំនួន ៨ម៉ឺនបាត (ប្រហែលជា ២,២៨៩ដុល្លារអាមេរិក)។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការចំណាយលើការព្យាបាល ទៅលើសរសៃប្រសាទ ដែលហើមលើផ្ទៃមុខរបស់កូនស្រីគាត់នេះ សម្រាប់មន្ទីរពេទ្យក្នុងស្រុក គឺការព្យាបាលកន្លងមក មិនបានទទួលបានលទ្ធផល ឬជោគជ័យឡើយ ពោលកូនស្រីរបស់គាត់ នៅតែវៀចមុខវៀចមាត់ដដែល។

ក្រោយមកអ្នកស្រីក៏បាននាំកូនស្រីគាត់ ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ Ramathibodi ក្នុងក្រុងបាងកក ខណៈខាងក្រុមគ្រូពេទ្យបានប្រាប់ថា ការព្យាបាលជំងឺនេះត្រូវតែចំណាយរហូតដល់ទៅ ៣សែនបាត (ប្រហែលជា ៨,៥៨៦ដុល្លារអាមរិក) ឯណោះ។

ជាចុងក្រោយ ក្រុមគ្រួសារមួយនេះបាននិយាយទៀតថា ពួកគេមិនអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺកូនស្រី និងធ្វើការប្តឹងគ្រូចិត្តអប្រិយនោះទៀតឡើយ។ អ្នកស្រីបន្តថា គ្រូគ្មានសិទ្ធិអីដែលត្រូវ មកគប់កែវទឹកដាក់សិស្សចឹងនោះទេ។ ហើយបើនិយាយពីគ្រូប្រុស ចិត្តអប្រិយនោះវិញ គឺមិនដែលឃើញចេញមុខ ទាក់ទងមកកាន់គ្រួសារអ្នកស្រីឡើយ៕ 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវម៉្លេះ! គ្រូចិត្តអប្រិយ គប់សិស្សស្រីនឹងកែវទឹកសេរ៉ាមិច ឡើងវៀចថ្គាម

សាហាវម៉្លេះ! គ្រូចិត្តអប្រិយ គប់សិស្សស្រីនឹងកែវទឹកសេរ៉ាមិច ឡើងវៀចថ្គាម