ញញឹម​បាន​ចេះ​តែ​ញញឹម​ទៅ ព្រោះ​នឹងមាន​ប្រយោជន៍​ទាំងនេះ​

ញញឹម​បាន​ចេះ​តែ​ញញឹម​ទៅ ព្រោះ​នឹងមាន​ប្រយោជន៍​ទាំងនេះ​

គ្រាន់តែ​ញញឹម​សោះ មិន​បាច់​មាន​ហេតុផល​ក៏​បាន​ដែរ​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញញឹម​មាន​អត្ថប្រយោជន៍​ច្រើនណាស់ ចំពោះ​សុខភាព​មនុស្ស​យើង​។ ខាងក្រោម​នេះ គឺជា​ហេតុផល​សុខភាព​មួយចំនួន ដែល​អ្នក​គួរតែ​ញញឹម​ឲ្យបាន​ច្រើន និង​ជា​រៀងរាល់ថ្ងៃ​។

​ធ្វើឲ្យ​មើលទៅ កាន់តែ​ក្មេង​ជាង​មុន​
​យោង​ទៅតាម​អ្នកស្រាវជ្រាវ ជនជាតិ​អាឡឺម៉ង់​បានឲ្យដឹងថា ដើម្បី​មើល​ទៅ​កាន់តែ​នៅ​ក្មេង អ្វី​ដែល​អ្នកត្រូវការ គឺ​ញញឹម​ឲ្យបាន​ច្រើន ហើយ​រឿង​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង ដល់​សាច់ដុំ​នៅ​មុខ​ទេ តែ​ថែមទាំង​ផ្តល់​ថាមពល ដល់​មនុស្ស​ក្នុង​ការទប់ស្កាត់​ការ​ចាស់​ទៀតផង​។

ជួយ​បំបាត់​ស្ត្រេ​ស​
​នៅពេល​មនុស្ស​យើង មាន​អារម្មណ៍​តានតឹង ឬ​តក់ស្លុត អ្នក​គ្រាន់តែ​ព្យាយាម បង្ហាញ​ស្នាមញញឹម​នៅ​លើ​មុខ​ទៅ វា​នឹង​ជួយ​សម្រួល​អា​ការៈ​នេះ​បាន​ខ្លះ​ហើយ​។ ការ​ញញឹម នឹង​បញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត ដើម្បី​គ្រប់គ្រង​ការ​ថប់​បារម្ភ និង​ជួយ​ទប់ស្កាត់​ការ​ថប់​បារម្ភ​បាន​ទៀត​។ ដូច្នេះ​ចូរ​ព្យាយាម​ញញឹម ដើម្បី​បន្ធូរ​អារម្មណ៍ និង​បំបាត់​ស្ត្រេ​ស​។

​បង្កើន​ការចងចាំ​
​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញញឹម អាច​កាត់បន្ថយ​ការបំផ្លាញ ដែល​បណ្តាល​មក​ពី​អ័រម៉ូន​ស្ត្រេ​ស​ឈ្មោះថា Cortisol នៅ​ក្នុង​ខួរក្បាល​ដែរ​ទេ​? ការសិក្សា​មួយ​ដែល​ធ្វើឡើង ដោយ​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Loma Linda បាន​រកឃើញថា ការ​ញញឹម មិន​ត្រឹមតែ​អាច​កាត់​បន្ថយ​ឥទ្ធិពល​នៃ​ភាព​ស្ត្រេ​ស​ក្នុង​ខួរក្បាល​ទេ តែ​ថែមទាំង​អាច​ពង្រឹង ដល់​ការចងចាំ និង​ការសិក្សា​លើ​មនុស្ស​វ័យ​ចំណាស់​ទៀតផង​។

​បង្កើន​មុខងារ​របស់​ខួរក្បាល​
​ការសិក្សា​មួយ​ដែល​ធ្វើឡើង ដោយ​សាកលវិទ្យាល័យ California ក្នុង​ទីក្រុង San Francisco បានឲ្យដឹងថា ការ​ញញឹម នឹង​បញ្ចេញ​អ័រម៉ូន Dopamine ដែល​មាន​ទំនាក់ទំនង​ជំរុញ​ដល់​សកម្មភាព​របស់​ខួរក្បាល​។ នៅពេល​បញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត តាមរយៈ​ការ​ញញឹម វា​នឹង​បង្កើន​សកម្មភាព​របស់​ខួរក្បាល ដើម្បី​ចូលរួម​ដល់​ការសម្រេចចិត្ត រៀនសូត្រ និង​ដំណើរកា​រណ៍​ផ្សេងៗ​។​

​ជួយ​ឲ្យ​របួសឆាប់​ជា និង​ជំរុញ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​
​តាម​ការសិក្សា​កាលពី​ឆ្នាំ ២០១១ បានបង្ហាញ​ថា ការ​ញញឹម ធ្វើឲ្យមាន​ការផ្លាស់ប្តូរ ប្រព័ន្ធ​ភាពស៊ាំ ដែល​ជំនួយ​ដល់​ការ​ជា​សះ​របស់​របួស​បាន​។ ការ​សិក្សា​ក៏​បង្ហាញ​ទៀត​ថា អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ មាន​ចំនួន​កោសិកា​គ្រាប់​ឈាមស lymphocyte ច្រើន ក្រោយ​ពី​ញញឹម​រាល់​ថ្ងៃ​រួច​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។