ថៅកែ​ស្រី​ហាង «​អូន​នាង​» ស្រែក​ឡូឡា​និង​ជេរ​សមត្ថកិច្ច​ចម្រុះ​យ៉ាង​ចាស់ដៃ

ខេត្តក្រចេះ ៖ ម្ចាស់​ហាង​«​អូន​នាង​» កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​ចេញ​មក​ស្រែក​ឡូឡា​ និង​ជេរ​បញ្ចោរ​សមត្ថកិច្ច​ចម្រុះ​យ៉ាង​ចាស់ដៃ​ថា​បាន​រំខាន​ការ​រកស៊ី​របស់​គាត់ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​បាន​ដេញ​តាម​ចាប់​រថយន្ត​ដឹកឈើ​១​គ្រឿង​ដែល​បាន​បើក​ចូល​ហាង​លក់​បាយ​ខាងលើ ។

ប្រភព​ពី​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ក្រុម​សមត្ថកិច្ច​ស្ទាក់​ចាប់​រថយន្ត​សាំងយ៉ុង​ដឹកឈើ​១​គ្រឿង តែ​ត្រូវ​អ្នកបើកបរ​ដឹង​មុន​ក៏​បើក​ចូល​ទៅ​ព្រៃ​ក្រោយ​ហាង​បាយ​យីហោ «​អូន​នាង​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​គោ​លាប់ ឃុំ​ច​ង្រ​ង់ ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ។ ពេល​នោះ​លោក ម៉ី វុ​ទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ ក៏​បាន​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​ដើម្បី​ចូល​ទៅ​ចាប់​រថយន្ត​ដឹកឈើ​នោះ ប៉ុន្តែ​ពេល​ដែល​លោក​ដឹកនាំ​កម្លាំង​ចូល​ទៅ​ចាប់ ស្រាប់តែ​ម្ចាស់​ហាង​នោះ​មិន​ត្រឹមតែ​មិន​សហការ​ទេ ថែម​ទាំង​ចេញ​មក​ស្រែក​ឡូឡា និង​ជេរ​បញ្ចោរ​កងកម្លាំង​យ៉ាង​ចាស់​ទៀត​ផង ដោយ​ចោទប្រកាន់​ថា មក​រំខាន​ដល់​ការ​រកស៊ី​របស់​គាត់ និង​ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ហ៊ាន​ចូល​ហូប​បាយ​នៅ​កន្លែង​របស់​គាត់ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​ចម្រុះ​បាន​ចូល​ទៅ​ឃាត់​រថយន្ត​នោះ និង​បាន​រក​ឃើញ​ឈើ​គ្រាក់​ប្រភេទ​ធ្នង់​ចាស់​ៗ​ជា​ច្រើន ប៉ុន្តែ​អ្នក​បើក​បរ​ និង​បក្ស​ពួក​បាន​រត់​គេច​ខ្លួន​បាត់​អស់ ។

សមត្ថកិច្ច​ចម្រុះ​បញ្ជាក់​ឲ្យ​ដឹង​ថា ថៅកែ​ស្រី​ហាង «​អូន​នាង​» រូប​នេះ​ធ្លាប់​ត្រូវ​បាន​លោក សោម វុ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​ណែនាំ​ម្តង​រួច​មក​ហើយ​ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ដែល​បើក​ចូល​ហាង​របស់​គាត់ ប៉ុន្តែ​ថៅកែ​ហាង​រូប​នេះ​នៅ​តែ​មិន​សហការ​ដដែល ៕