ឡុ​ង សុវណ្ណ​ឌឿ​ន ឬ​ពេជ្រ សីហា ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់ ?

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN នា​ថ្ងៃអាទិត្យ ទី​១៨ កញ្ញា ខាង​មុខ​នេះ បាន​ឈាន​ចូល​មក​ដល់ទី​បញ្ចប់​ហើយ ។ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ គេ​កំពុង​រង់ចាំ​អ៊ុត​មើល​រវាង ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ត្រូវ​ជួប​គ្នា នរណា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​គោ​ជល់ ?

ឡុ​ង សុវណ្ណ​ឌឿ​ន មុន​ពេល​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ គឺ​បាន​យកឈ្នះ​កីឡាករ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន​ដោយ​ពិន្ទុ រីឯ​ពេជ្រ សីហា បាន​ផ្ដួល​កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​១ នៅ​ក្នុង​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ចំណែក​ការ​ជួប​គ្នា​រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​លើក​នេះ​គេ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​មានសំណាង​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​នេះ​ទេ ។

ឡុ​ង សុវណ្ណ​ឌឿ​ន និង​ពេជ្រ សីហា មាន​ស្នៀតគុន​ល្អ​ដូច​គ្នា ជា​ពិសេស​ស្នៀត​កែង​របស់​ពេជ្រ សីហា តែ​ម្តង ដែល​អាច​វាយ​ចេញ​បាន​លឿន និង​កម្រ​ខុស​គោលដៅ​ទៀត​ផង ។ ទោះបី​យ៉ាងណា គេ​មិន​អាច​មើល​ស្រាល ឡុ​ង សុវណ្ណ​ឌឿ​ន បាន​ទេ ព្រោះ​អ្នក​ប្រដាល់​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​រូប​នេះ​ក៏​មាន​ល្បិច​ប្រយុទ្ធ​មិន​អន់​ជាង ពេជ្រ សីហា ប៉ុន្មាន​ដែរ ។ ស្នៀត​កណ្ដាប់ដៃ​របស់​គេ​មិន​ត្រឹមតែ​អាច​វាយ​ចេញ​បាន​លឿន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចំ​គោលដៅ និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ រីឯ​ស្នៀត​ជើងពេល​ទាត់​ចេញ​ម្តង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ ចាំ​មើល​រវាង​អ្នក​ប្រដាល់​ចាស់វស្សា​ទាំង​ពីរ​រូប​នេះ នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​មួយគូ​នេះ​ទៅ នៅ​មាន​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ចំនួន​២​គូ​ទៀត ។ កីឡាករ​កម្ពុជា ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pech-Dum Duang-Jai-phor ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Samsing Loukchomprakthan ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

ដោយឡែក ការ​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុ​ន​ដែល​មាន​ចំនួន​២​គូ​ដែរ​នោះ តម្រូវ​ទៅ​លើ​កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ៕