កែវ រំ​ចង់ បច្ចុប្បន្ន​ចាប់អារម្មណ៍​តែ​ទីផ្សារ​ប្រដាល់​ក្រៅ​ស្រុក

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ដែល​កីឡាករ​ល្បីឈ្មោះ កែវ រំ​ចង់ ត្រូវ​គេ​មើលឃើញ​ថា​មិនសូវ​ចាប់អារម្មណ៍​ឡើង​ប្រដាល់​លើ​សង្វៀន​ក្នុងស្រុក​ដូច​មុន​នោះ​ទេ បើ​ទោះជា​មាន​ដៃគូ​កាន់តែ​ច្រើន​រង់ចាំ​ប្រកួត​ជាមួយ​ក្តី នេះ​ក៏​ព្រោះតែ​លោក​ចាប់អារម្មណ៍​តែ​ទីផ្សារ​ប្រដាល់​ក្រៅ​ស្រុក បើ​ទោះជា​យូរ​ៗ​ម្ដង​ទើប​មានការ​ប្រកួត​នោះ​ក៏​ដោយ​។

នៅ​ថ្ងៃ​ទី​២៩ ខែតុលា ខាង​មុខ​នេះ កីឡាករ​ជើង​ខ្លាំង​កែវ រំ​ចង់ នឹង​ត្រូវ​គេ​អញ្ជើញ​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​បារាំង ដែល​មានឈ្មោះ​ថា Best Of Siam ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រដាល់ ថៃ និង​អន្តរជាតិ ។ នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដែល​មាន​កីឡាករ​បរទេស​យ៉ាងច្រើន​កុះករ​ចូលរួម​ខណៈ​កម្ពុជា​ក៏​មាន​កីឡាករ​កែវ រំ​ចង់ មួយ​រូប​ផង​ដែរ ។ វត្តមាន​របស់​គេ អ្នក​ណា​ក៏​មានការ​ចាប់អារម្មណ៍​នោះ​ដែរ ដោយ​ចាត់​ទុក​កែវ រំ​ចង់ ដ្បិតថា​ស្ងាត់​ការ​ប្រកួត​ប្រមាណ​ជិត​មួយ​ឆ្នាំ ប៉ុន្តែ​ក៏​ផ្ទុះ​មួយ​លើក​ៗ​មិន​ណ​យ​ផង​ដែរ​សម្រាប់​ទីផ្សារ​ប្រដាល់​ក្រៅ​ស្រុក ។ តម្លៃ​ខ្លួន​របស់​លោក​មិន​ត្រូវ​បាន​ទម្លាយ​ចេញ​ឱ្យ​ដឹង​នោះ​ទេ បាន​ត្រឹមតែ​មានការ​ប៉ាន់​ស្មានថា​ការ​ឡើង​ទៅ​ប្រកួត​ដល់​ប្រទេស​បារាំង​គឺ​ពិតជា​មិន​តិច​នោះ​ទេ ទើប​កីឡាករ​រូប​នេះ​សុខចិត្ត​មិន​ទទួលយក​ការ​ប្រកួត​ក្នុងស្រុក ដែល​មាន​ន័យ​ថា​រង់​ចាំតែ​ប្រកួត​ក្រៅ​ស្រុក​បើ​ទោះជា​បាន​តិច​ដង តែ​ម្ដង​ៗ​កក្រើក​មហាជន និង​បាន​តម្លៃ​ខ្លួន​អាច​ដេកស៊ី​ច្រើន​ខែ​បាន​។

កាលពី​ចុងឆ្នាំ​២០១៥ កីឡាករ​រូប​នេះ​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ទទួល​ជោគជ័យ​ដោយ​ក្នុង​ពេល​នោះ​ក៏​ធ្វើ​ឱ្យ​អ្នក​ណា​ៗ​ភ្ញាក់ផ្អើល​នឹង​ជ័យជម្នះ​នៅ​ក្នុង​ពេល​នោះ​ដែរ​គឺ​បន្ទាប់​ពី​លោក​បណ្ដោយ​ឱ្យ​កីឡាករ​ក្នុងស្រុក​មួយ​ចំនួន​យក​ឈ្នះ​​នៅ​លើ​សង្វៀន​។ តាំងពី​ចាញ់​កីឡាករ​ក្នុងស្រុក កែវ រំ​ចង់ ហាក់​ញញើត​ញញើម​នឹង​ការ​ប្រកួត​នៅ​លើ​ទឹកដី​មាតុភូមិ​យ៉ាង​ចម្លែក ប៉ុន្តែ​បើ​នៅ​ខាងក្រៅ​ស្រុក​អញ្ជើញ​ឱ្យ​ប្រកួត​គឺ​លោក​ស្វាគមន៍​មិន​ប្រកែក​។ អ្នកគាំទ្រ​ភាគច្រើន​សឹង​លែង​បានឃើញ​ការ​ប្រកួត​របស់​គេ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​មុន​ទៀត​ហើយ បន្ទាប់​ពី​កែវ រំ​ចង់ ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​មិន​ចង់​បន្ត​ការ​ប្រកួត​នៅ​លើ​សង្វៀន​ក្នុងស្រុក​ទៀត​ទេ ដោយសារ​តែ​មិន​ចង់​ប្រឈម​នឹង​ការ​រិះគន់​ដ៏​ច្រើន​រាល់ពេល​លោក​ចាញ់ ។ ការ​ប្រកាស​របស់​លោក​នៅ​ក្នុង​គ្រានោះ​ក៏​បាន​ស្ដែង​ឡើង​តាម​រយៈ​ការ​ផ្អាក​ប្រកួត និង​លែង​ទទួល​ការ​អញ្ជើញ​របស់​បណ្ដា​ស្ថានីយទូរទស្សន៍​នានា ដោយ​សូ​ម្បី​តែ​ស្ថានីយទូរទស្សន៍​បាយ័ន​ដែល​ធ្លាប់​លើក​ស្ទួយ​ក៏​មិន​ទទួល ។

យ៉ាងណាមិញ ប្រភព​ពី​ទូរទស្សន៍​បាយ័ន​បាន​អះអាង​ថា កីឡាករ​កែវ រំ​ចង់ នៅ​តែ​ទទួលយក​ការ​ប្រកួត​ក្នុងស្រុក​ដដែល​ទេ ប៉ុន្តែ​មក​ពី​ការ​ផ្ដល់​តម្លៃ និង​គូប្រកួត​ដែល​បាន​ដាក់​ឱ្យ​នៅ​មិន​ទាន់​ត្រូវចិត្ត​ទើប​គេ​ងាក​ទៅ​ទទួល​តែ​ការ​ប្រកួត​នៅ​ក្រៅ​ស្រុក​វិញ ។ ជា​គម្រោង កីឡាករ​កែវ រំ​ចង់ ប្រកាស​ទទួល​ប្រកួត​ត្រឹមតែ​២​លើក​ប៉ុណ្ណោះ​ឱ្យ​តែ​ការ​ប្រកួត​នោះ​នៅ​ក្រៅ​ស្រុក និង​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ ។ លោក​ធ្លាប់​បន្លុយ​ពាក្យ​ថា ឡើង​ប្រកួត​ក្នុងស្រុក​ដូច​មុន​នឹង​ធ្វើ​ឱ្យ​លោក​បាត់បង់​ក្រេ​ឌី​ត​ដើម្បី​ឡើង​រេញ​ក្រៅ​ស្រុក ទើប​ក្នុង​រយៈ​ពេល​​ចុង​ក្រោយ​លោក​សម្រេច​ផ្អាក​ទទួល​ប្រកួត​ហើយ​ទាក់ទាញ​ទីផ្សារ​ក្រៅ​ស្រុក​ឱ្យ​ចាប់អារម្មណ៍​វិញ​។

ប្រភព​ពី​ខាង​អ្នក​ធានា​កីឡាករ​កម្ពុជា​ឱ្យ​ចេញ​ប្រកួត​ក្រៅ​ស្រុក បាន​អះអាង​ថា គណៈកម្មការ​រៀបចំ​ការ​ប្រដាល់​ជា​អន្តរជាតិ​មិនសូវ​ចង់បាន​កីឡាករ​កម្ពុជា​ដែល​ឡើង​រេញ​ច្រើន​ឱ្យ​ចេញ​ប្រកួត​នៅ​លើ​សង្វៀន​របស់​ពួក​គេ​នោះ​ទេ ទើប​កីឡាករ​មួយ​ចំនួន​បាន​ងាក​ទៅ​ចាប់​ជំហរ​ប្រកួត​កាន់តែ​តិច​ដូច​ជា​កែវ រំ​ចង់​ជាដើម​។ ការ​ប្រកាន់​ជំហរ​របស់​គេ​គឺ​បន្ទាប់​ពី​មាន​សញ្ញា​ពី​អ្នក​ធានា​ចេញ​ដែល​អះអាង​ថា​នឹង​ធ្វើ​ឱ្យ​គេ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ជីវិត​ជា​អ្នក​ប្រដាល់​យ៉ាង​ហោច​មួយ​ឆ្នាំ​ម្ដង​ដែរ ។ អ៊ីចឹង ហើយ​ទើប​គេ​ឃើញ​លទ្ធ​ផល​គឺ​កែវ រំ​ចង់ បាន​ប្រកួត​នៅ​ថ្ងៃ​ទី​២៩ តុលា ខាង​មុខ ជាមួយ​កីឡាករ Morgan Adrar ជា​ជនជាតិ​អឺរ៉ុប​ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក WBC នៅ​ក្នុង​សង្វៀន​របស់​ថៃ ។ ជំនួប​រវាង​ពួក​គេ​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញសារព័ត៌មាន ហើយ​ក៏​ជួយ​ឱ្យ​កែវ រំ​ចង់​មាន​ភាព​លេចធ្លោ​ក្រោយ​បញ្ចប់​ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​លើ​សង្វៀន​ប្រទេស​ថៃ កាលពី​ចុងឆ្នាំ​២០១៥​នោះ​ផង​ដែរ​។

កែវ រំ​ចង់ ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​នេះ ហើយ​គ្រូបង្វឹក​របស់​លោក​ក៏​បាន​បញ្ជាក់​ថា កែវ រំ​ចង់ ប្រឹងប្រែង​ណាស់​ដែរ​ក្នុង​ពេល​ការ​ប្រកួត​នៅ​ឯ​ប្រទេស​បារាំង​កាន់តែ​ខិត​ជិត​ដល់ ។ ដ្បិតថា នៅ​សល់​ប្រមាណ​ជាង​មួយ​ខែ​ទៀត ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ហ៊ាន​ប្រហែស​នោះ​ទេ ខណៈ​ដែល​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​លោក​ក៏​រាង​សកម្ម​ជាង​មុន​ជាមួយ​ការ​បង្វឹក​សិស្ស​ផង និង​ហ្វឹកហាត់​ខ្លួនឯង​ផង​ខុស​ប្លែក​ពី​មុន​ដែល​ឃើញ​តែ​បង្ហោះ​រូប​ដើរ​លេង និង​ផ្អែមល្ហែម​ជាមួយ​ភរិយា​នោះ​។ យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ប្រាកដ​ថា​ជើង​ខ្លាំង​រូប​នេះ នឹង​ឈ្នះ​គូប្រកួត​នៅ​បារាំង​ឬ​យ៉ាងណា​ទេ ក្នុង​ពេល​ដែល​លោក​ខាន​ប្រកួត​យូរ​ដែល​ពិបាក​ឱ្យ​គេ​ប៉ាន់ស្មាន​ដឹង​ពី​សមាសភាព​បែប​នេះ​៕