រក​ឃើញ​អាចម៍​ផ្កាយ​យក្ស ទម្ងន់​៣០​តោន ធ្ងន់​បំផុត​ទី​២ នៅ​អាហ្សង់ទីន

ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​អាចម៍​ផ្កាយ​យក្ស​មួយ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ដោយ​វា​មាន​ទម្ងន់​រហូត​ដល់​ទៅ ៣០​តោន ពោល​គឺ​ជា​អាចម៍​ផ្កាយ​ធ្ងន់​បំផុត លំដាប់​ទី​២ នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន ដែល​ត្រូវ​បាន​គេ​រក​ឃើញ។

 

រក​ឃើញ​អាចម៍​ផ្កាយ​យក្ស ទម្ងន់​៣០​តោន ធ្ងន់​បំផុត​ទី​២ នៅ​អាហ្សង់ទីន

 

វា​ត្រូវ​បាន​រក​ឃើញ នៅ​ក្នុង​ទីក្រុង Gancedo ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១ ០៨៥​គីឡូ​ម៉ែត្រ ពី​រាជធានី​ប៊ុយណូស៊ែ នៃ​ប្រទេស​អាហ្សង់ទីន។ គ្មាន​ការ​បង្ហាញ​អំពី​ទំហំ ឬ​កម្ពស់​របស់​វា​ឡើយ ប៉ុន្តែ​កម្ទេច​ថ្ម​អវកាស​ដ៏​ធំ​សម្បើម​នេះ នឹង​ត្រូវ​ធ្វើ​ការ​វាស់​វែង​ឡើង​វិញ ដើម្បី​បញ្ជាក់​ពី​ទំហំ​របស់​វា។

 

ប្រធាន​សមាគម​តារា​សាស្រ្ត «Astronomy Association of Chaco» លោក Mario Vesconi បាន​និយាយ​ថា «ការ​ធ្លាក់​នៃ​អាចម៍​ផ្កាយ​នេះ បាន​កើត​ឡើង នៅ​ក្នុង​តំបន់ Camp del Cielo ដែល​ស្ថិត​នៅ​ចន្លោះ​ខេត្ត Chaco និង Santiago del Estero ក្នុង​ប្រទេស​អាហ្សង់ទីន កាល​ពី ៤ ០០០​ឆ្នាំ​មុន»។

 

គួរ​បញ្ជាក់​ថា អាចម៍​ផ្កាយ​យក្ស​ដែល​បាន​រក​ឃើញ នៅ​ក្នុង​តំបន់ El Chaco នៃ​ប្រទេស​អាហ្សង់ទីន ពី​មុន​មក គឺ​មាន​ទម្ងន់​រហូត​ដល់​ទៅ ២ ៨៨៤​តោន មាន​ន័យ​ថា អាហ្សង់ទីន​បច្ចុប្បន្ន​មាន​អាចម៍​ផ្កាយ​យក្ស​ធំៗ​បំផុត​លើ​ពិភព​លោក ចំនួន ២ ហើយ៕

 

រក​ឃើញ​អាចម៍​ផ្កាយ​យក្ស ទម្ងន់​៣០​តោន ធ្ងន់​បំផុត​ទី​២ នៅ​អាហ្សង់ទីន

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail