អំពាវនាវ​ឱ្យ​ចិន និង​វៀតណាម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ចរចា

ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​១៣ កញ្ញា អំពាវនាវ​ដល់​ចិន និង​វៀតណាម​ឱ្យ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​រយៈ​ការ​ចរចា​ទ្វេភាគី ។

លោក​ស៊ី ធ្វើការ​អំពាវនាវ​នេះ ពេល​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក NGUYEN XUAN PHUC ដោយ​លោក​ថ្លែង​ថា ផលប្រយោជន៍​រួម​រវាង​ប្រទេស​ទាំង​២ មាន​សារសំខាន់​ខ្លាំង​ជាង​ការ​ខ្វែងគំនិត​គ្នា ។ ចិន និង​វៀតណាម​អាច​គ្រប់គ្រង​ទំនាស់ ហើយ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ខាង​សមុទ្រ​តាម​រយៈ​ការ​ចរចា​ជា​មិត្តភាព ។ ភាគី​ទាំង​២​ត្រូវ​ប្រកាន់​យក​យន្តការ​នៃ​ការ​ចរចា ដែល​មាន​ស្រាប់​ដូច​ជា ការ​ចរចា​ព្រំដែន​រវាង​រដ្ឋាភិបាល​ទាំង​២ ដើម្បី​ជំរុញ​យ៉ាង​សកម្ម​ដល់​ការងារ​រុករក​រួម​ក្នុង​ដែនទឹក​ក្រៅ​ឈូង​សមុទ្រ BEIBU ។ លោក​អំពាវនាវ​ដល់​ប្រទេស​ទាំង​២​ធ្វើ​ឱ្យ​សម្រេច​បានការ​រីក​ចម្រើន​យ៉ាង​ឆាប់​លើ​ការ​អភិវឌ្ឍន៍​រួម​ក្នុង​តំបន់​ដ៏​ទូលំទូលាយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ប្រែក្លាយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​សមុទ្រ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​។

ចំណែក​លោក NGUYEN XUAN PHUC វិញ ថ្លែង​ថា ប្រទេស​របស់​លោក​ត្រៀម​ធ្វើការ​ជាមួយ​ចិន ដើម្បី​ពង្រឹង​ទំនុកចិត្ត​គ្នា​ខាង​នយោបាយ ជំរុញ​កិច្ច​សហប្រតិបត្តិការ ហើយ​គ្រប់គ្រង​ដោយ​សម​ស្រប​នូវ​បណ្តា​ទំនាស់ ។

ពេល​ជួប​គ្នា​នេះ លោក​ស៊ី បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​ចិន​ជា​លើក​ដំបូង​ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​កាលពី​ខែ​កក្កដា​​មក ។ លោក NGUYEN គូសបញ្ជាក់​ថា វៀតណាម​ចាត់​ទុក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន​ថា ជា​អាទិភាព​នៃ​នយោបាយ​ក្រៅប្រទេស​របស់​ខ្លួន ៕