អា​មេ​រិ​ក​ដាក់​ប្រើ​នាវាចម្បាំង​បំបាំងកាយ​មួយ​គ្រឿង

វិទ្យាស្ថាន​នាវា​សហរដ្ឋ​អា​មេ​រិ​កបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា តាម YOUTUBE នូវ​រូបភាព​ទាំងឡាយ​នៃ​ការ​ដាក់​បញ្ចូល​ក្នុង​ទឹក​នូវ​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​ជំនាន់​ថ្មី​ឈ្មោះ USS ZUMWALT នៅ​ឯ​ការដ្ឋាន​នាវា BATH IRONWORKS ។

នា​ថ្ងៃ​ទី​១៥ តុលា ខាង​មុខ​នេះ នាវា​នោះ​នឹង​ទៅ​ចូលរួម​ក្នុង​ពិធី​ដាក់​វា​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​បាល់​ទី​ម័​រ​មុន​ពេល​ទៅ​កាន់​អនាគត​មូលដ្ឋាន​របស់​វា​នៅ​សាន់​ឌី​យេ​ហ្គោ ។ វី​ដេ​អូ​រយៈពេល​៣​នាទី​បង្ហាញ​ពី​ការ​បើក​នាវា​ពិឃាត​ប្រភេទ DDG-1000 នោះ​អម​ដោយ​នាវា​សណ្តោង​ជា​ច្រើន​គ្រឿង ។ នាវា​ពិឃាត ZUMWALT ផលិត​យោង​តាម​បច្ចេកវិទ្យា​បំបាំងកាយ STEALTH គឺ​នាវា​នេះ​ពុំ​អាច​ចាប់​ឃើញ​ដោយ​រ៉ា​ដា​មក​ពី​រូបរាង​វា​ខុស​គេ ហើយ​ប្រើ​បណ្តា​ឧបករណ៍​ស្រូប​យក​ស៊ី​ញា​ល់​វិទ្យុ ។ នាវា​នេះ​ផលិត​បែប​ជានា​វា​អគ្គិសនី​វា​មាន​តួរ​ប៊ី​ន​ឧស្ម័ន​មួយ​ធ្វើ​ឱ្យ​ដំណើរការ​ដល់​បណ្តា​អា​គុយ​ដែល​ផ្តល់​ថាមពល​ដល់​ម៉ាស៊ីន​ទាំងឡាយ និង​គ្រប់​ប្រព័ន្ធ​នៃ​នាវា ។

នាវា USS ZUMWALT បំពាក់​ដោយ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​សាកល ជាមួយ​មី​ស៊ី​ល​គ្រប់​ប្រភេទ​៨០​គ្រាប់ កាណុង​ទំហំ​១៥៥​មី​ល្លី​ម៉ែត្រ​ចំនួន​២ និង​កាណុង​ការពារ​អាកាស​ទំហំ​៣០​មី​ល្លី​ម៉ែត្រ​នានា ។ នាវា​នេះ​អាច​ទទួល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង និង​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក ។

មែនហើយ​ការ​កសាង​នាវា​បំបាំងកាយ​នេះ​ដើម្បី​ប្រឈម​មុខ​នឹង​អាវុធ​ទំនើប​ៗ​របស់​រុ​ស្ស៊ី​។ បច្ចេកវិទ្យា​បំបាំងកាយ​របស់​អា​មេ​រិ​ក​ផលិត ដើម្បី​ប្រឆាំង​នឹង​បណ្តា​រ៉ា​ដា DIAPASON X (8-18 GHZ) ចំណែក​កងទ័ព​រុ​ស្ស៊ី​ប្រើ​យ៉ាង​សកម្ម​បណ្តា​មធ្យោបាយ​ចាប់ និង​កំណត់​គោលដៅ «​ប្រឆាំង STEALTH» ដែល​ដំណើរការ​តាម​រលកធាតុអាកាស MILLIMETRIQUES (30 MHZ-3GHZ) ហើយ​កំណត់​ឃើញ​យ៉ាង​ច្បាស់​បណ្តា​នាវា និង​យន្តហោះ​ទោះ​មាន​រូបភាព​បែប​ណា​ក្តី ៕