ព្យុះ​ទី​ហ្វុ​ង MERANTI គំរាម​ចិន​អាច​ក្លាយជា​ព្យុះ​ខ្លាំង​បំផុត​មួយ

ចិន​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ប្រកាស​ចាត់វិធានការ​បន្ទាន់​នានា​សម្រាប់​ទប់ទល់​នឹង​ព្យុះ​ទី​ហ្វុ​ង MERANTI ។

អាជ្ញាធរ​ខេត្ត​ជាំ​ង​ស៊ូ ហ្សេ​ជាំ​ង អាន​ហ្វី ហ្វូ​ជាន ក្វា​ង​ទុង និង​ហៃ​ណា​ន់ ព្រមទាំង​ក្រុង​សៀង​ហៃ កំពុង​តាមដាន​ព្យុះ​នេះ​យ៉ាង​ប្រកិត ហើយនឹង​ចេញ​ប្រកាស​ព័ត៌មាន​នានា​បើ​ចាំបាច់ ។

ព្យុះ​ទី​ហ្វុ​ង MERANTI នឹង​បោកបក់​ដល់​ខេត្ត​ក្វា​ង​ទុង ឬ​ខេត្ត​ហ្វូ​ជាន នា​ថ្ងៃ​ទី​១៥ កញ្ញា ។ លោក ZHANG DONG អ្នក​ព្យាករណ៍​ក្នុង​ផ្ទៃ​ស្ថានីយឧតុនិយម​ខេត្ត​ក្វា​ង​ទុង​ថ្លែង​ថា ប្រសិនបើ​ព្យុះ​នេះ​បោកបក់​លើ​ភាគ​ខាងកើត​ខេត្ត​ក្វា​ង​ទុង នោះ​វា​នឹង​ជា​ព្យុះ​ខ្លាំង​បំផុត​វាយប្រហារ​លើ​ខេត្ត​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៤៧​ឆ្នាំ​មក​ហើយ ។

លោក​គូសបញ្ជាក់​ថា ព្យុះ MERANTI ឈាន​ហួស​ពី​លក្ខន្តិកៈ​ព្យុះ​ទី​ហ្វុ​ង​នៅ​ជាម​ហា​ព្យុះ​ក្នុង​រយៈពេល​តែ​៩​ម៉ោង ជាមួយ​កម្លាំង​ខ្យល់​រវាង​ពី​២០២​ទៅ​២២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ហើយ​វា​បោកបក់​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ព្យុះ​មួយទៀត​ឈ្មោះ MALAKAS ។

រដ្ឋបាល​ជាតិ​កិច្ចការ​សមុទ្រ​ចិន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា បាន​ប្រកាស​អាសន្ន​ពី​រលក​សមុទ្រ​ដែល​អាច​មាន​កម្ពស់​ដល់​ពី​៨​ទៅ​១៣​ម៉ែត្រ នៅ​ច្រក​សមុទ្រ BASHI និង​ភាគ​ឦសាន​នៃ​សមុទ្រ​ចិន​ខាងត្បូង ។

អាជ្ញាធរ​ចិន​ស្នើ​ដល់​បណ្តា​នាវា​នេសាទ​ឱ្យ​ប្រញាប់​វិល​ចូល​ផែ​រក​ជម្រក ហើយ​ឱ្យ​រៀបចំ​ខ្លួន​ទប់ទល់​ផល​ប៉ះពាល់​នៃ​ព្យុះ​នេះ ៕