អណ្តើក​ហ្លួង​ជាង​200​ក្បាល​ត្រូវ​បាន​នាំ​យក​ទៅ​ទីតាំង​អភិរក្ស​ថ្មី​នៅ​កោះកុង

អណ្តើក​ហ្លួង​ជាង​200​ក្បាល​ត្រូវ​បាន​នាំ​យក​ទៅ​ទីតាំង​អភិរក្ស​ថ្មី​នៅ​កោះកុង



ខេត្តកោះកុង ប្រទេស​កម្ពុជា ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ៖ ថ្ងៃនេះ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (wcs) សហការ​ជាមួយ​រដ្ឋបាល​ជលផល ដឹក​ជញ្ជូន​សត្វ​អណ្តើក​ហ្លួង (​ឬ​អណ្តើក​សរសៃ​ដែល​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​) ចំនួន​២០៦​ក្បាល​ទៅ​កាន់​មជ្ឈមណ្ឌល​ថ្មី​ដើម្បី​ចិញ្ចឹម ថែរក្សា និង​បង្កាត់​ពូជ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។ មជ្ឈមណ្ឌល​ថ្មី​នេះ​មានឈ្មោះ​ថា មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង ។

អណ្តើក​ហ្លួង គឺជា​អណ្តើក​មួយ​ប្រភេទ​ដែល​កំពុង​រង​គ្រោះ​ខ្លាំង​ជាងគេ​បំផុត​មួយ និង​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក ហើយ​នៅ​ប្រទេស​កម្ពុជា​សត្វ​ប្រភេទ​នេះ ត្រូវ​បាន​ចាត់ជា​ប្រភេទ​ជិត​ផុត​ពូជ​តាម​រយៈ​អនុក្រឹត្យ​លេខ​១២៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៤ ។

អណ្តើក​ហ្លួង​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា ផុត​ពូជ​ពី​កម្ពុជា​ទៅ​ហើយ រហូត​ដល់​ឆ្នាំ​២០០០​នៅ​ពេល​រដ្ឋបាល​ជលផល និង​អង្គការ wcs បាន​សិក្សា​ស្រាវជ្រាវ និង​រក​ឃើញ​ចំនួន​សេសសល់​តិចតួច​របស់​វា មាន​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ។ ចាប់តាំងពី​ពេល​នោះ​មក រដ្ឋបាល​ជលផល និង​អង្គការ wcs បាន​រៀបចំ​កម្ម​វិធិ​ការពារ​សំបុក​ដោយ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​នៅ​ក្នុងស្រុក​ស្រែអំបិល ដោយ​បាន​ជ្រើសរើស​យក​អតីត​អ្នក​ប្រមូល​ពង និង​កូន​សត្វ​អណ្តើក​ហ្លួង​ឱ្យធ្វើ​ការ​ជា​បុគ្គលិក​គម្រោង​ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​អណ្តើក​ហ្លួង​ជំនួស​ឱ្យ​ការ​ប្រមូល​យក​ពង​កូន​ទៅ​លក់ ។ កូន​ដែល​ញាស់​ចេញពី​សំបុក​ដែល​បានការ​ពារ​នោះ​ត្រូវ​បាន​យក​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​ដើម្បី​ចិញ្ចឹម និង​ថែរក្សា​រហូត​ដល់​ពេល​វា​អាច​រស់នៅ​ក្នុង​ធម្មជាតិ​ដោយ​ខ្លួនឯង​បាន ។

លោក​អ៊ុ​ក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​បាន​និយាយ​ថា អណ្តើក​ហ្លួង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ឈាន​ដល់​ការ​ផុត​ពូជ ខណៈ​ចំនួន​របស់​ពួក​វា​មាន​តិចតួច​បំផុត​កំពុង​រស់នៅ​ក្នុង​ដែនទឹក​ធម្មជាតិ ហើយ​ប្រឈម​នឹង​បញ្ហា​ច្រើន​ដើម្បី​រស់រាន​មានជីវិត ។ តាម​រយៈ​ការ​ការពារ​សម្បុក និង​កូនអណ្តើក​ហ្លួង​ទើបតែ​ញាស់ ពួក​យើង​កំពុង​តែ​បង្កើន​ឱកាស​រស់រាន​មានជីវិត​សម្រាប់​ប្រភេទ​សត្វ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុ​ជាមួយ​នេះ ។ ដើម្បី​បង្កើន​ការ​ការពារ​ចំពោះ​សត្វ​អណ្តើក​ហ្លួង យើង​ក៏​បាន​រួម​គ្នា​សាងសង់​មជ្ឈមណ្ឌល​ដែល​ផ្តល់​ការ​គាំពារ​ល្អ​បំផុត​សម្រាប់​សត្វ​អណ្តើក​ហ្លួង ។

បច្ចុប្បន្ន​នេះ​សត្វ​អណ្តើក​ហ្លួង​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ពី​ការ​បំផ្លាញ​ទីជម្រក តាម​រយៈ​ការ​បូម​ខ្សាច់ ការ​កាប់​ឆ្ការព្រៃ​លិច​ទឹក និង​ការ​នេសាទ​ខុសច្បាប់​ជាដើម ។ ការ​កើនឡើង​នៃ​ការ​រំខាន​នា​ពេល ថ្មី​ៗ​នេះ​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ខេត្តកោះកុង ដែល​ជាទី​ជម្រក​តែ​មួយ​គត់​របស់​អណ្តើក​ហ្លួង​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ឱ្យ​ប្រភេទ​សត្វ​នេះ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ខ្ពស់​ឈាន​ដល់​ការ​ផុត​ពូជ ។

បណ្ឌិត​Ross Sinclair នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា «​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​រដ្ឋបាល​ជលផល និង​អង្គការ​wcs ដើម្បី​សង្គ្រោះ​សត្វ​អណ្តើក​ហ្លួង​នៅ​កម្ពុជា ។ យើង​សង្ឃឹមថា នឹង​មាន​ប្រភេទ​សត្វ ផ្សេង​ៗ​ទៀត​ដូច​ជា​ក្រពើ​ត្រី​ជាដើម រស់នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ផង​ដែរ នា​ពេល​ខាង​មុខ ហើយ​ប្រហែលជា​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ​ទៅ​ជា​កន្លែង​ទេសចរណ៍ ដើម្បី​អាច​រក​ចំណូល​សម្រាប់​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​» ។

នៅ​ក្នុង​ឆ្នាំ​២០១៥ អង្គការ wcs សហការ​ជាមួយ​រដ្ឋបាល​ជលផល តាមដាន​សត្វ​អណ្តើក​ហ្លួង​ចំនួន​២១​ក្បាល​ដែល​បាន​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ ។ ក្នុង​នោះ​សត្វ​អណ្តើក​ហ្លួង​ចំនួន​៣​ក្បាល​បាន​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ក្រោម​នៃ​ព្រែក​ស្រែអំបិល​ឆ្លងកាត់​តាម​តំបន់ឆ្នេរ​ដល់​ទន្លេ​មួយទៀត មាន​ចម្ងាយ​ជាង​៩៧​គីឡូម៉ែត្រ​ពី​កន្លែង​លែង ៕