ចៀសមិនផុតពី​ខ្នោះ ក្រោយគេចខ្លួនជិត៤ឆ្នាំ

​រាជធានី​ភ្នំពេញ ៖ កម្លាំង​​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ បាន​​ធ្វើការ​​ចាប់​​ខ្លួន​​បុរស​ម្នាក់​តាម​ដីកាសាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​​ចោទប្រកាន់​ថា ​បាន​ចេញ​សែក​ស្អុយ​ក្នុងចំនួន​​ទឹកប្រាក់​​​៧,៥០០​ដុល្លារ ទៅ​ឱ្យ​បុរស​ម្នាក់​ទៀត ហើយ​ត្រូវ​បាន​បុរស​នោះ ​ប្ដឹង បន្ទាប់​​មក ​ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ រហូត​មក​ដល់​ពេល​នេះ មាន​​រយៈពេល​ជិត​៤​ឆ្នាំហើយ​ ទើប​ត្រឡប់​ចូល​​​ប្រទេស​កម្ពុជា​​វិញ ក៏​ត្រូវ​បាន​កម្លាំង​​ចាប់ខ្លួន​​តែ​ម្ដង​ ។

កម្លាំងនគរបាល​​​តាម​ចាប់ខ្លួន​បុរស​នោះ​ដល់​ផ្លូវ​សុក​ហុ​ក ស្ថិត​ក្នុង​សង្កាត់​អូរ​ឬស្សី​ទី​៤ ខណ្ឌ​៧​មក​រា ​កាលពី​វេលា​ម៉ោង០​៨​យប់​ថ្ងៃ​ទី ១៣ ​កញ្ញា ​២០១៦ ​ដែល​ការ​ចាប់ខ្លួន​នោះ ​​ធ្វើ​ឡើង​តាម​ដីកា​លេខ​១២១ ត ព្រ ចុះ​ថ្ងៃ​ទី​១ ​មីនា ​​២០១៣ ដោយ​លោក​កែវ មុនី ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ  ដែល​បាន​ចោទប្រកាន់​ពី​បទ​មាន​ចេតនា​​ធ្វើ​ឱ្យ​​ខូចប្រយោជន៍​អ្នក​ដ​ទៃ ដោយសារ​ជំទាស់​ ​ឬ​ដក​ប្រាក់​ពី​គណនី សម្រាប់​ទូទាត់​មូលទានបត្រ ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ​មិថុនា ​២០១២ តាម​បញ្ញត្តិ​មាត្រា ២៣១​នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ (​ចេញ​សេក​ស្អុយ​)​។ 

នគរបាល​​ឱ្យដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះរិ​ទ្ធ ចំរើន អាយុ​៤៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិទួល​ស្បូវ ឃុំ​កំពង់ចាម ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ១៨៤ ផ្លូវ​សុក​ហុ​ក សង្កាត់​អូ​រឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ដោយ​ឡែក​ ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង លឹ​ម​អ៊ា​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ។

ប្រភព​ដដែល​​​បន្ត​ថា នៅ​​ថ្ងៃ​ទី​៣០ ​មិថុនា ​២០១២ កន្លង​ទៅ​ ជនសង្ស័យ​បាន​ទៅ​ទិញ​ដែក​ពី​ជន​រង​គ្រោះ ដែល​មាន​ទឹកប្រាក់​តម្លៃ​៧,៥០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ជន​នោះ​បាន​ទូទាត់​ប្រាក់​ជា​សែក​​ទៅ​ឱ្យ​ជន​រង​គ្រោះ ប៉ុន្តែ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទទួល​បានសែក​ហើយ​យក​ទៅ​បើក ស្រាប់តែ​អត់​មានទឹក​ប្រាក់ ព្រោះជាសែក​​ស្អុយ​ ។​ ពេល​នោះ​ជនសង្ស័យ​មិន​បាន​ទទួល​ខុសត្រូវ ចំពោះ​សែក​​ស្អុយ​​នោះទេ ទើប​ជន​រង​គ្រោះ​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បន្ទាប់​មក ​ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​កាន់​ប្រទេស​ម៉ា​ឡេស៊ី​បាត់​ រហូត​រយៈពេល​ជិត​៤​ឆ្នាំ រហូត​មក​ទល់​​ពេល​នេះ ទើប​ត្រឡប់​ចូល​ស្រុក​វិញ ហើយ​ក៏​ត្រូវ​បាន​កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ តាម​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ដោយឡែក​ជន សង្ស័យ​ខាងលើ​​នោះ មិន​បាន​ប្រកែក​ពី​ទ​ង្វើ​របស់​ខ្លួន​នោះ​ឡើយ នៅ​ចំពោះ​មុខ​នគរបាល ដោយ​គាត់​បាន​សារភាព​តាម​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​មែន ។ បន្ទាប់​មក បាន​បញ្ជូនជននោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។