ក្រុម​យុវវ័យ​នៅ​ខេត្ត​កំពង់ឆ្នាំង​បង្កើត​ក្លឹប​សិក្សា​សម្រាប់​យុវជន

យុវវ័យ​មួយ​ក្រុម​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កំពុង​សិក្សា និង​ចែក​រំលែក​ចំណេះដឹង​ទូទៅ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​មេរៀន​ជា​ច្រើន​មុខវិជ្ជា​ដែល​សិក្សា​ក្នុង​ម៉ោង​រដ្ឋ​ផង និង​ចែក​រំលែក​បទពិសោធន៍​ការងារ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវវ័យ​យល់​ថា ការ​បង្កើត​ក្លឹប​នេះ​ពុំ​បាន​ផ្ដល់​ប្រយោជន៍​ទូលំទូលាយ​​ដល់​យុវវ័យ​នៅ​ជនបទ។

ផ្ទះ​តៀម​សសរ​ឈើ ប្រក់​ហ្វីបប្រូស៊ីម៉ង់ត៍​លាយ​ស័ង្កសី​ចាស់​ធ្លុះធ្លាយ​ទំហំ​ទទឹង​ប្រមាណ ៤​ម៉ែត្រ និង​បណ្ដោយ ៨​ម៉ែត្រ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សន្ទូង​លាស់​ខៀវ​ខ្ចី​នៅ​រដូវ​វស្សា ឋិត​នៅ​ភូមិ​អូរ​រំចេក នៃ​ឃុំ​ចក ត្រូវ​បាន​យុវវ័យ​មួយ​ក្រុម​យក​ធ្វើ​ជា​កន្លែង​ផ្ដល់​ចំណេះដឹង​ដល់​ក្មេង​តូចៗ​ផង និង​ធ្វើ​ជា​ក្លឹប​សិក្សា​ផ្ទាល់​ខ្លួន​ផង។ ការ​បង្កើត​ក្លឹប​ជា​គំនិត​របស់​យុវវ័យ​ក្នុង​ភូមិ គាំទ្រ​ដោយ​អង្គការ​ទស្សនៈ​ពិភព​លោក។

ប្រធាន​ក្រុម​យុវវ័យ​ក្លឹប​សិក្សា​ភូមិ​អូរ​រំចេក ឃុំ​ចក កញ្ញា យៀប ប៊ុនតី មាន​ប្រសាសន៍​ថា ក្រៅ​ពី​ក្មេង​តូចៗ ក៏​មាន​ក្រុម​យុវវ័យ​ក្នុង​ភូមិ​ដែល​ភាគ​ច្រើន​សិក្សា​ថ្នាក់​ទី​១០ ១១ និង​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​បរិបូរណ៍ បាន​ចាប់​អារម្មណ៍​នឹង​ការ​ចែក​រំលែក​ចំណេះដឹង និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ក្លឹប​សិក្សា​នេះ ដែល​សព្វថ្ងៃ​ក្រុម​យុវវ័យ​ត្រូវ​រៃ​ប្រាក់​គ្នា​ដើម្បី​បង់​ថ្លៃ​ទឹក និង​ភ្លើង​ប្រចាំ​ខែ៖ «ខ្ញុំ​ចង់​ស្នើ​សុំ​ខាង​សប្បុរសជន​ឲ្យ​ជួយ​ដល់​ក្រុម​ខ្ញុំ ដើម្បី​មាន​កុំព្យូទ័រ និង​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា។ ក្លឹប​ខ្ញុំ​នេះ​មាន​សារសំខាន់​ណាស់ ដោយសារ​អាច​ជួយ​ដល់​កុមារ និង​ក្រុម​យុវវ័យ។ ដូច​ថា កុមារ​តូច​អាច​បង្ហាត់​សហគមន៍​ដល់​គាត់ ដល់​ពេល​ក្រុម​ខ្ញុំ​អាច​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចង់​ឲ្យ​ក្រុម​របស់​ខ្ញុំ​មាន​ការងារ​ធ្វើ​ទាំង​អស់​គ្នា»

កញ្ញា យៀប ប៊ុនតី បញ្ជាក់​ថា រយៈ​ពេល​បី​ឆ្នាំ​ដែល​ក្លឹប​បាន​ដំណើរការ​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ទស្សនៈ​ពិភពលោក ប៉ុន្តែ​ឯកសារ និង​កុំព្យូទ័រ​ដែល​យុវវ័យ​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​សិក្សា​នោះ​មិន​ទាន់​មាន​នៅ​ឡើយ។ កញ្ញា​ស្នើ​ដល់​សប្បុរសជន អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ទាំង​នេះ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ដល់​ក្មេង​ក្នុង​ភូមិ​ធ្វើ​ជា​ទុន​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​អនាគត។

ចំណែក​យុវជន​វ័យ ១៧​ឆ្នាំ សម្បុរ​សណ្ដែក​បាយ​ដែល​កំពុង​អង្គុយ​អាន​សៀវភៅ​ជាមួយ​យុវតី​ពីរ​នាក់​ផ្សេង​ទៀត គឺ​យុវជន ម៉ាន់ សុខរាម ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​ក្រុម​យុវវ័យ​លំបាក​សិក្សា ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ដោយ​ដំបូល​ធ្លុះធ្លាយ និង​សាច​ទឹក​ចូល​ក្លឹប​តាម​ជញ្ជាំង​ដែល​ហ៊ុមព័ទ្ធ​ដោយ​សួស​សំណាញ់។ បើ​ទោះ​បី​ជា​មាន​ឧបសគ្គ​នេះ ក៏​យុវវ័យ​ក្នុង​ភូមិ​ចំនួន ២១​នាក់ និង​ក្មេង​ប្រមាណ ២០០​នាក់ បាន​ចូល​រួម​លេង​កម្សាន្ត ឬ​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​ពី​រៀមច្បង​ដែល​មាន​ចំណេះដឹង ឬ​ថ្នាក់​ខ្ពស់ៗ៖ «ខ្ញុំ​យល់​ឃើញ​ថា មាន​ផល​ល្អ​សម្រាប់​យុវវ័យ និង​កុមារ ដើម្បី​ឲ្យ​មាន​ឱកាស​រៀន​សូត្រ​នៅ​ក្នុង​ភូមិ​ផង។ ក្លឹប​ហ្នឹង​ធុង​សំរាម​ក៏​ខ្វះ ជញ្ជាំង​ក៏​ខ្វះ ដំបូល​ក៏​ខ្វះ លេច​ទាំង​អស់​ពេល​ភ្លៀង​មក»

ក្លឹប​សិក្សា​​យុវជន កំពង់ឆ្នាំង ៨៥៥
ទីតាំង​ក្លឹប​សិក្សា​សម្រាប់​យុវជន ឋិត​នៅ​ភូមិ​អូររំចេក នៃ​ឃុំ​ចក ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chin Chetha

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ការ​លើក​ឡើង​របស់​យុវជន ម៉ាន់ សុខរាម។ កញ្ញា ភន ម៉ាក់ ថា បើ​មាន​សប្បុរសជន​ជួយ​ជួសជុល​ក្លឹប ឬ​ផ្ដល់​សម្ភារៈ​សិក្សា​ដែល​កំពុង​ខ្វះខាត​នេះ កញ្ញា​នឹង​សប្បាយចិត្ត​រក​អ្វី​ប្រៀប​មិន​បាន​ឡើយ ក្នុង​កាលៈទេសៈ​ដែល​កញ្ញា​មិន​ទាន់​មាន​ចំណេះដឹង និង​ប្រឡង​ជាប់​ជា​គ្រូ​បង្រៀន​ដែល​បំណង​ប្រាថ្នា​តែ​មួយ​គត់​របស់​នាង​ទៅ​ថ្ងៃ​អនាគត ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ចែក​រំលែក​ចំណេះ​ដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ។

កញ្ញា ភន ម៉ាក់ បន្ថែម​ថា នៅ​ថ្ងៃ​អនាគត បើ​កញ្ញា​មាន​លទ្ធភាព កញ្ញា​នឹង​ឧបត្ថម្ភ​ទាំង​ចំណេះដឹង និង​ធនធាន​ខ្លះ​ដើម្បី​ភាព​រីកចម្រើន​ក្នុង​ក្លឹប​ដ៏​កម្សត់​មួយ​នេះ៖ «ទាក់ទង​នឹង​ការ​បង្កើត​ក្លឹប​នេះ គឺ​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ច្រើន​ដូច​ថា រៀន​ភាសា​អង់គ្លេស។ ពី​មុន​ខ្ញុំ​អត់​បាន​យល់​ដឹង​ច្រើន​ទេ ប៉ុន្ដែ​ដល់​ពេល​ក្រុម​របស់​ខ្ញុំ​ជួល​គ្រូ​អង់គ្លេស មក​បង្រៀន​ដល់​ពេល​ខ្ញុំ​ចូល​រៀន​ជាមួយ​គ្រូ​អង់គ្លេស នៅ​ក្នុង​ក្លឹប​នេះ​ដែរ ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ច្រើន។ ខ្ញុំ​ចង់​ឃើញ​ភូមិឋាន ឬ​ក្លឹប​នេះ​នៅ​ថ្ងៃ​អនាគត​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ច្រើន និង​មាន​ភាព​ជឿនលឿន​ដូច​គេ​ដទៃ​ទៀត»

អាណាព្យាបាល​របស់​យុវជន​ម្នាក់​ដែល​ឲ្យ​ក្រុម​យុវវ័យ​ខ្ចី​ដី​ធ្វើ​ក្លឹប​សិក្សា​នៅ​ម្ខាង​ផ្ទះ គឺ​លោកស្រី កុក សារ៉ាត់ មាន​ប្រសាសន៍​ថា លោកស្រី​សប្បាយ​ចិត្ត​ដែល​ឃើញ​ក្មេងៗ​ក្នុង​ភូមិ​ប្រឹងប្រែង​រៀន​សូត្រ ក្នុង​នោះ​ក៏​មាន​កូន​ចៅ​លោកស្រី​រៀន​ជាមួយ​ក្រុម​យុវវ័យ​នេះ​ដែរ។ ប៉ុន្តែ​លោកស្រី​ថា បើ​ក្លឹប​នេះ​ដំណើរការ​លើស​ពី​ប្រាំ​ឆ្នាំ​លោកស្រី​សុំ​ឲ្យ​ក្រុម​យុវវ័យ ឬ​អង្គការ​ដែល​ទំនុកបម្រុង​ក្លឹប​នេះ​ជួយ​ឧបត្ថម្ភ​ប្រាក់​ខ្លះ​ដល់​គាត់៖ «មាន​អារម្មណ៍​ត្រេកអរ​នឹង​ក្មេងៗ​ហ្នឹង​ដែរ ខ្ញុំ​អត់​មាន​ទើសទាល់ ឬ​អត់​ចិត្រ​អី​ទេ​សប្បាយ​ចិត្ដ​ក្មេង​មក​លេង​អ៊ូអរ ខ្លះ​លេង​បាល់​អី​ទៅ គ្រាន់​តែ​ហាម​ថា កុំ​ឲ្យ​ក្មួយ​ឯង​ប្រឡេះ​ស្លឹក​ឈើ​លេង អ៊ុំ​ពិបាក​បោស។ ចង់​ឲ្យ​កូន​ក្មួយ​ទាំង​អស់​ចេះ​ដឹង​ទាំង​អស់ បាន​ខ្ញុំ​នឹក​ឃើញ​ថា អត់​មាន​កន្លែង​ដាក់​ក្លឹប​យុវវ័យ ឬ​ក្មេង អ៊ីចឹង​ខ្ញុំ​បាន​ឲ្យ​ចាក់​ដី​ម្ដុំ (សម្រាប់​ធ្វើ​ក្លឹប)»

ទាក់ទង​នឹង​ការ​បង្កើត​ក្លឹប​សិក្សា​របស់​យុវវ័យ​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរិបូរណ៍ អ្នកស្រី ម៉ី ហួរ មាន​ប្រសាសន៍​ថា ការ​បង្កើត​ក្លឹប​សិក្សា​នៅ​តាម​សហគមន៍ ឬ​ភូមិ​កម្រ​នឹង​មាន​ណាស់​លើកលែង​តែ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​នានា និង​មាន​ក្លឹប​សិក្សា​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​នៅ​តាម​សាលា​រៀន​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​មាតាបិតា​សិស្ស។ អ្នកស្រី​យល់​ថា ការ​បង្កើត​ក្លឹប​សិក្សា​បែប​នេះ​ជា​ការ​ល្អ។

អ្នកស្រី ម៉ី ហួរ បញ្ជាក់​ថា នៅ​ទូទាំង​ស្រុក​បរិបូរណ៍ មាន​សាលា​បឋម​សិក្សា​ចំនួន ៣០​សាលា និង​សាលា​កម្រិត​មធ្យម​សិក្សា​មាន​ចំនួន ១១​សាលា ហើយ​សាលា​រៀន​ទាំង​នេះ​សមស្រប​ទៅ​នឹង​សិស្ស និង​ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​ទៅ​មក​សាលា​រៀន​របស់​សិស្ស។ អ្នកស្រី​ថា ការ​បង្កើត​ក្លឹប ហើយ​អាច​ដំណើរការ​ទៅ​បាន ឬ​មិន​បាន​នោះ គឺ​អាស្រ័យ​លើ​ការ​តាំង​ចិត្ត​របស់​អង្គការ​ដៃគូ​នានា និង​ក្រុម​យុវវ័យ៖ «បើ​បង្កើត​បាន​គឺ​ល្អ​ហើយ! ការ​ដែល​ធ្វើ​បាន​គឺ​អាស្រ័យ​លើ​ថវិកា (ថវិកា​របស់ world vision) តែ​ពួក​ខ្ញុំ​អត់​មាន​ថវិកា​សម្រាប់​ទ្រទ្រង់​ទេ បើ​គេ​ស្ម័គ្រចិត្ត​ធ្វើ​បាន​លុះ​ត្រា​ណា​តែ​មាន​សន្ដានចិត្ត​របស់​គេ និង​ការ​ខំប្រឹង​ប្រែង​របស់​គេ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​អប់រំ និង​លើក​កម្ពស់​ចំណេះដឹង​យុវវ័យ​សង្កេត​ឃើញ​ថា ការ​បង្កើត​ក្លឹប​សិក្សា​សម្រាប់​យុវវ័យ​នៅ​ជនបទ គឺ​មាន​ប្រយោជន៍​សម្រាប់​តែ​ក្រុម​យុវវ័យ​ដែល​កំពុង​សិក្សា​ប៉ុណ្ណោះ ចំណែក​យុវវ័យ​មួយ​ចំនួន​ធំ​បាន​បោះ​បង់​ការ​សិក្សា និង​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ឬ​ក្រៅ​មូលដ្ឋាន​របស់​ខ្លួន​រស់​នៅ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​នោះ​មិន​ទទួល​បាន​ប្រយោជន៍​ពី​ក្លឹប​នេះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា យល់​ថា ការ​បង្កើត​ក្លឹប​សិក្សា​សម្រាប់​យុវវ័យ​អាច​ដំណើរការ​បាន​យូរ​អង្វែង ឬ​​ជោគជ័យ​ច្រើន បើ​មាន​ការ​ណែនាំ​ត្រឹមត្រូវ​ពី​ប្រព័ន្ធ​របស់​អង្គការ​សង្គម​ស៊ីវិល ឬ​ប្រព័ន្ធ​របស់​រដ្ឋ។ ប៉ុន្តែ​លោក​ថា ការ​បង្កើត​ក្លឹប​ដោយ​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​យុវជន កាន់​តែ​មាន​ភាព​រឹងមាំ និង​យូរ​អង្វែង​ជាង​ការ​បង្កើត​ក្លឹប​សិក្សា​​ដោយ​មាន​ការ​តម្រង់​ទិស​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​រដ្ឋាភិបាល​ទៀត​ផង៖ «មាន​ន័យ​ថា ពេល​បញ្ហា​ត្រូវ​បញ្ចប់​ក្រុម ឬ​ក្លឹប​នោះ​បាន​បាត់​ទៅ​វិញ​នៅ​ក្នុង​ទម្រង់​ជា​បទពិសោធន៍​ក្រុម​មិន​តម្រូវ​ឲ្យ​មាន​សម្ភារៈ​អី​ច្រើន​សម្រាប់​ទៅ​គាំទ្រ វា​គ្រាន់​តែ​តម្រូវ​ឲ្យ​គាត់​មាន​ឱកាស​ជួប​គ្នា​ញឹកញាប់​ដើម្បី​រៀបចំ​ជា​សកម្មភាព​ដើម្បី​ឆ្លើយ​តប​ជាមួយ​នឹង​អ្វី​ដែល​ជា​តម្រូវ​ការ»

​លោក​ថា ក្រុម​យុវវ័យ​ខ្លះ​បង្កើត​ក្លឹប​សិក្សា​ឡើង ដោយ​រៀបចំ​រចនា​សម្ព័ន្ធ និង​គោលនយោបាយ​ច្បាស់​លាស់ ដើម្បី​សម្រេច​លើ​គោលដៅ​អ្វី​មួយ​តាម​ការ​ចង់​បាន​របស់​សមាជិក​ក្រុម ឬ​សហគមន៍​របស់​ខ្លួន។ ក្រុម​នេះ​ត្រូវ​ការ​ចាំបាច់​នូវ​សម្ភារៈ​សិក្សា ឬ​កុំព្យូទ័រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ក្រុម​ដែល​ខ្លួន​បាន​ចងក្រង​ឡើង​នោះ​ដំណើរការ​ទៅ​តាម​គោលនយោបាយ​ដែល​បាន​ធ្វើ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។