សហជីព​ច្រាន​ចោល​ការ​សម្រេច​ផ្ដល់​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ​​១៤៦,៣៧​ដុល្លារ

សហជីព​បាន​បដិសេធ​មិន​ទទួល​យក​ការ​សម្រេច​របស់​និយោជក​ដែល​បាន​ផ្ដល់​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ​ជាង ២​ដុល្លារ​បន្ថែម​ទៀត ពី​លើ​ការ​ចរចា​លើក​មុន​ដែល​មាន​ចំនួន ១៤៤,២​ដុល្លារ​នោះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ជា​សហជីព​មួយ​រូប​ក្នុង​ចំណោម​សហជីព​ដែល​ចូលរួម​ប្រជុំ​ទាំង ១៦ បាន​ថ្លែង​ថា នៅ​ក្នុង​ដំណាក់​កាល​ចរចា​នេះ​ភាគី​និយោជក​បាន​បន្ថែម​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៧ ឲ្យ​កម្មករ​ពីចំនួន​ដែល​មាន​ស្រាប់ ១៤៤,២ ដុល្លារ ឡើង​ទៅ ១៤៦,៣៧​ដុល្លារ ពោល​គឺ​ដំឡើង ៣​ភាគរយ ទៅ ៤,៥៥​ភាគរយ បន្ទាប់​ពី​ចរចា​ម្ដង​រួច​មក​ហើយ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា កន្លង​ទៅ​នោះ។

លោក​ថា ចំនួន​នេះ​សហជីព​មិន​អាច​ទទួល​យក​បាន​ទេ ភាគី​សហជីព​បាន​ឯកភាព​គ្នា​ដាក់​តួលេខ​មួយ​គឺ​ត្រឹម ១៧៩.៦ដុល្លារ ដែល​អាច​ចរចា​បាន៖ «ដោយសារ​តែ​យើង​ពឹង​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧​យ៉ាង ឬ​យើង​អាច​និយាយ​ថា កត្តា​សង្គម​ធំៗ និង​លក្ខណៈ​វិទ្យាសាស្ត្រ ពាក់ព័ន្ធ​ការ​ចំណាយ​លើ​ការ​រស់នៅ អតិផរណា រួម​ទាំង​ផលិតភាព រួម​ទាំង​ភាព​ប្រកួត​ប្រជែង​ប្រាក់​ចំណេញ​លើ​វិស័យ រួម​ទាំង​ទីផ្សារ​ពលកម្ម​ជា​ដើម គឺ​យើង​ឃើញ​នៅ​មាន​ការ​ជជែក​គ្នា​បន្ថែម​ទៀត។ អ៊ីចឹង​ហើយ​បាន​យើង​គិត​ថា ភាគី​និយោជក​ផ្ដល់​ឲ្យ​នោះ​គឺ​យើង​អត់​ទាន់​ទទួល​យក​ទេ»

ការ​អះអាង​នេះ នៅ​បន្ទាប់​ពី​សហជីព និង​និយោជក​បាន​បើក​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ដែល​រៀបចំ​នៅ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ដើម្បី​ជជែក​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៧។ កិច្ច​ប្រជុំ​ទ្វេភាគី​នេះ គេ​នឹង​បន្ត​ពិភាក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ទៀត។

ចំណែក​កិច្ច​ប្រជុំ​ត្រី​ភាគី ដែល​មាន​មន្ត្រី​ក្រសួង​ការងារ​ចូលរួម​ដែរ​នោះ គេ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា នៅ​ទីស្ដីការ​ក្រសួង​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។