ម្ចាស់មេដាយមាសពិភពលោក កែ ឡេង មិនទាន់ប្រាកដលើការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់

កីឡាការិនីជើងចាស់ កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក២ឆ្នាំជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុនោះ ហាក់មិនទាន់មានការជឿជាក់ខ្លាំង ក្នុងការស្វែងរកមេដាយ សម្រាប់ការចេញទៅប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ លើកទី៥ ឆ្នាំ២០១៦ ដែលនឹងត្រូវធ្វើនៅទីក្រុងដាណាង ប្រទេសវៀតណាម នាថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ខាងមុខនេះ នោះប៉ុន្មានឡើយ។
ft-img-template

អ្នកស្រី កែ ឡេង បាននិយាយថា៖«ខ្ញុំនៅតែមិនទាន់ប្រាកដចំពោះការប្រកួតនេះ ព្រោះយើងមិនធ្លាប់ប្រកួត នៅលើទីលានខ្សាច់ពីមុនមកនោះទេ ហើយគិតមកដល់ពេលនេះ ក៏យើងមិនទាន់ដឹងឲ្យប្រាកដថា ទីលានខ្សាច់ដែលត្រូវប្រកួត និងទីលានខ្សាច់ ដែលយើងកំពុងហ្វឹកហាត់សព្វថ្ងៃនេះ មានលក្ខណៈដូចគ្នាឬក៏អត់នោះទេ»។

ft-img-template

អត្តពលិកប៉េតង់របស់កម្ពុជាសរុប១៨នាក់(ស្រី៩នាក់) នឹងត្រូវបានបញ្ចូនឲ្យទៅចូលរួមការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកនេះ ដោយពួកគេត្រូវធ្វើការប្រកួតនៅលើវិញ្ញាសាចំនួន៩ រួមមានការប្រកួតវាយយកពិន្ទុទាំងបុរស-នារី ប្រកួត១នាក់ទល់១នាក់ទាំងបុរស-នារី ប្រកួត២នាក់ទល់២នាក់ទាំងបុរស-នារី ប្រកួត៣នាក់ទល់៣នាក់ទាំងបុរស-នារី និងការប្រកួតវាយគូចម្រុះស្រី១នាក់ និងប្រុស១នាក់ ហើយអ្នកស្រី កែ ឡេង ត្រូវប្រកួតវាយយកពិន្ទុ។

អស់រយៈពេលជិត១ខែមកហើយ ដែលអត្តពលិកប៉េតងកម្ពុជាទាំង១៨នាក់នេះ បានព្យាយាមហ្វឹកហាត់នៅលើទីលានចាក់ខ្សាច់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីសម្របខ្លួនទៅនឹងការលេងនៅលើទីលានចាក់ខ្សាច់ ពិសេសធ្វើឲ្យខ្លួនឯង ធន់ទៅនឹងកម្តៅក្តៅ ខណៈកន្លងមក ពួកគេធ្លាប់តែហ្វឹកហាត់ និងប្រកួត ក្នុងសាល ក្រោមម្លប់ នៅលើទីលានក្រាលក្រួសធម្មតានោះ។

កីឡាការិនី កែ ឡេង បានបញ្ជាក់ថា៖«តាមរូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុក គឺថៃ ឡាវ សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត សុទ្ធតែបានទៅហ្វឹកហាត់លើទីលានដែលត្រូវប្រកួត នៅប្រទេសវៀតណាម ប៉ុន្តែពួកគេអត់បានថតទីលានខ្សាច់នៅទីនោះឲ្យយើងឃើញនោះទេ អ៊ីចឹងហើយទើបយើងអត់ដឹងថា ទីលានខ្សាច់នៅគេ និងនៅយើងវាដូចគ្នា ឬក៏ខុសគ្នានោះ។

នេះជារឿងដែលយើងពិបាកស្មានទុកណាស់ ហើយការប្រកួតនេះគឺធ្វើនៅកណ្តាលថ្ងៃទៅទៀត ដែលអាចនឹងធ្វើឲ្យយើងមានការធ្លាក់កម្លាំង ខណៈប្រទេសចំនួន៤៥នៅអាស៊ី សុទ្ធបានបញ្ចូនអត្តពលិកមកចូលរួម ហេតុនេះវាមិនងាយស្រួល ក្នុងការរកមេដាយប៉ុន្មានឡើយ»៕

The post ម្ចាស់មេដាយមាសពិភពលោក កែ ឡេង មិនទាន់ប្រាកដលើការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ appeared first on CamboSport.