PNN បន្ត​លើក​ស្ទួយ​ភាព​យន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នក​និពន្ធ​ក្នុង​ស្រុក

ក្រោយ​ពី​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ ២ រឿង​រួច​មក​ហើយ​នោះ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន (PNN) នៅ​តែ​បន្ត​អនុវត្ត​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​លើក​ស្ទួយ​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​បន្ថែម​ទៀត ដោយ​បន្ត​គាំទ្រ​លើក​ទឹក​ចិត្ត​ស្នាដៃ​របស់​អ្នក​និពន្ធ​ក្នុង​ស្រុក។

 

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ កញ្ញា ភីអិនអិន​បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ជាមួយ​អនុ​ប្រធាន និង​សមាជិក​នៃ​សមាគម​ក្រុម​អ្នក​និពន្ធ​ខ្មែរ​៨​រូប ដែល​ជា​អ្នក​និពន្ធ​មាន​កេរ្តិ៍ឈ្មោះ​ និង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​តែង​និពន្ធ​រឿង កំណាព្យ ចម្រៀង។ល។ សមាសភាព​អ្នក​ចូលរួម​ទាំង​៨​រូប មាន ឯកឧត្តម ខៀវ កុសល, អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ, អ្នកស្រី ប៉ុល ពិសី, អ្នកស្រី អ៊ុក សំណាង, លោក ពៅ សុខ, លោក ជា សំអាត, លោក ប្រាក់ សុទ្ធធី និង​អ្នកស្រី សុត សុជាតា។

 

PNN បន្ត​លើក​ស្ទួយ​ភាព​យន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នក​និពន្ធ​ក្នុង​ស្រុក

 

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ភីអិនអិន បាន​បើក​ទូលាយ​ដល់​ពួកគាត់​ទាំង​៨​រូប ដើម្បី​បញ្ចេញ​មតិ​យោបល់ គោលដៅ​ដើម្បី​ពង្រឹង​ការ​សរសេរ Script រឿង​ឲ្យ​កាន់​តែ​មាន​គុណភាព ដែល​ជា​ចំណុច​សំខាន់​មួយ​ដើម្បី​ធានា​បាន​ការ​ផលិត​ចេញ​នូវ​ខ្សែ​ភាពយន្ត​ភាគ​ដ៏​ល្អ​ឯក​សម្រាប់​អ្នក​ទស្សនា។

 

ការ​ផលិត​ចេញ​នូវ​ខ្សែ​រឿង​មួយ​ល្អ ចាំបាច់​ត្រូវ​មាន​ចំណុច ៥ យ៉ាង​សំខាន់ៗ (១) ការ​និពន្ធ​រឿង (២) ការ​ដឹកនាំ​រឿង (៣) ការ​សម្ដែង​របស់​តួ (៤) បច្ចេកទេស​ថត និង (៥) ការ​កាត់​ត ដែល​ទាមទារ​ឲ្យ​មាន​ការ​ច្របាច់​ចូល​គ្នា​តែ​មួយ ដើម្បី​ផលិត​ចេញ​នូវ​រឿង​ដែល​ល្អ​សម្រាប់​អ្នក​មើល។ នេះ​គឺ​ជា​មតិ​រួម​មួយ​នៅ​ក្នុង​ជំនួប​ក្រុម​អ្នក​និពន្ធ​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅ​អគារ​អិលវ៉ាយភីគ្រុប។

 

ឯកឧត្តម ខៀវ កុសល អនុ​ប្រធាន​អ្នក​និពន្ធ​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ណាស់​ដែល​ភីអិនអិន​ចាប់​អារម្មណ៍​ទៅ​ដល់​អ្នក​និពន្ធ ពីព្រោះ​កន្លង​មក​នៅ​ក្នុង​ភាព​យន្ត​គេ​​តែ​អ្នក​សម្ដែង គេ​អត់​ដែល​ស្គាល់​អ្នក​ថត អ្នក​កាត់​ត អ្នក​បញ្ចូល​សំឡេង ហើយ​គេ​ក៏​អត់​ស្គាល់​អ្នក​និពន្ធ​យ៉ាង​ណា​ទេ ប៉ុន្តែ​ពេល​នេះ​អ្នក​និពន្ធ​ទាំង​៨​រូប​បាន​បញ្ចេញ​មុខ​ហើយ​នៅ​ភីអិនអិន”។

 

PNN បន្ត​លើក​ស្ទួយ​ភាព​យន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នក​និពន្ធ​ក្នុង​ស្រុក

 

អ្នកស្រី ប៉ុល ពិសី ជា​អ្នក​និពន្ធ​មាន​បទ​ពិសោធន៍​ជាង​២០​ឆ្នាំ ក្នុង​ការ​តាក់​តែង​និពន្ធ ហើយ​កន្លង​មក​ស្នាដៃ​របស់​អ្នក​ស្រី​ក្នុង​ការ​ផលិត​រឿង​ភាគ​តាម​ទូរទស្សន៍​ក៏​មាន​ការ​ទទួល​ស្គាល់ និង​វាយ​តម្លៃ​ខ្ពស់​ផង​ដែរ។ សព្វ​ថ្ងៃ អ្នកស្រី​កំពុង​តែ​សរសេរ​រឿង​សម្រាប់​ភីអិនអិន ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ ទូរទស្សនិកជន​នឹង​បាន​តាម​ដាន​ទស្សនា​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។

 

អ្នកស្រី​​និយាយ​ថា៖ “ខ្ញុំ​ពេញ​ចិត្ត​ដែល​ភីអិនអិន​បាន​រៀបចំ​ជំនួប​ជាមួយ​អ្នក​និពន្ធ​ខ្មែរ។ នេះ​ជា​គំនិត​មួយ​ដ៏​ល្អ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​ក្នុង​ស្រុក ព្រោះ​កន្លង​មក​អ្នក​និពន្ធ​រឿង​ គេ​មិន​សូវ​នឹក​ឃើញ និង​ឲ្យ​តម្លៃ​ទេ។ នៅ​ពេល​រឿង​មួយ​ល្អ ភាគ​ច្រើន​គេ​ថា​តួ​លេង​ល្អ​ណាស់ ប៉ុន្តែ​ចំពោះ​អ្នក​និពន្ធ​វិញ​គេ​អត់​ដែល​នឹក​ឃើញ​ទេ”។

 

PNN បន្ត​លើក​ស្ទួយ​ភាព​យន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នក​និពន្ធ​ក្នុង​ស្រុក

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បញ្ជាក់​ថា៖ “យើង​មើល​ឃើញ​ថា Script writer គឺ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ផលិត​រឿង​ភាគ​ដែល​មាន​គុណភាព​ល្អ ដូច្នេះ​ហើយ​ទើប​ភីអិនអិន​ទាក់ទង​ទៅ​ខាង​សមាគម​អ្នក​និពន្ធ​ខ្មែរ យើង​បាន​សិក្សា​ជាមួយ​ពួកគាត់ ដើម្បី​អញ្ជើញ​ពួក​គាត់​ដែល​ជា​អ្នក​និពន្ធ​ល្បីៗ​ក្នុង​ស្រុក​ដើម្បី​មក​ពិភាក្សា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​គុណភាព​កុន​ផលិត​ចេញ​ទៅ​បាន​ល្អ”។

 

ភីអិនអិន​ក៏​ស្វាគមន៍​ដល់​អ្នក​និពន្ធ​ដែល​មាន​ទេពកោសល្យ​ទាំង​ឡាយ​ដើម្បី​លើក​ឡើង​ជា​គំនិត​មក​កាន់​យើង បើ​ពួកគាត់​មាន​សាច់​រឿង​ដែល​ល្អ សូម​ផ្ញើ​មក​ខាង​យើង​ខ្ញុំ យើង​នឹង​ជជែក និង​ពិនិត្យ​មើល​ពី​លទ្ធភាព​ដើម្បី​ផលិត​ចេញ​ជា​ភាពយន្ត​សម្រាប់​ទូរទស្សន៍”។

 

ភីអិនអិន ជា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ដែល​ហ៊ាន​ផ្តល់​ទុន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ដ៏​ល្អ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ដល់​ពលរដ្ឋ​កម្ពុជា ដោយ​មិន​ត្រឹម​តែ​គាំទ្រ​ផលិតកម្ម​ក្នុង​ស្រុក អ្នក​ដឹកនាំ​រឿង​ក្នុង​ស្រុក និង​តួ​សម្ដែង​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ភីអិនអិន​ក៏​ផ្ដោត​សំខាន់​ខ្ពស់​ផង​ដែរ​លើ​ស្នាដៃ​អ្នក​និពន្ធ​ក្នុង​ស្រុក។

 

ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​២​រឿង​កំពុង​តែ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន នៅ​រៀង​រាល់​ម៉ោង ៨ យប់។ រឿង​ទី​មួយ​គឺ ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ ហើយ​រឿង​ទី​២ គឺ សង្គ្រាម​បេះដូង ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៨ យប់៕

 

PNN បន្ត​លើក​ស្ទួយ​ភាព​យន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នក​និពន្ធ​ក្នុង​ស្រុក

 

PNN បន្ត​លើក​ស្ទួយ​ភាព​យន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នក​និពន្ធ​ក្នុង​ស្រុក

 

អត្ថបទ៖ ពាណិជ្ជកម្ម