កង​​​​​​​កម្លាំង​​​​​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​​​​​​​​ទប់​​​ស្កាត់​​​​​​កសិករ​មិន​ឱ្យ​កាប់​រាន​​​​ដី​ព្រៃ​​​​រដ្ឋ​

កាលពីថ្ងៃម្សិលមិញ អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យទាហានប្រដាប់អាវុធ១០នាក់ជួយក្រុមមន្ត្រីបរិស្ថានតទល់នឹងកសិករអនាធិបតេយ្យមួយក្រុមដែលកំពុងកាប់ឆ្ការដីព្រៃរដ្ឋក្នុងខេត្ត។ ក្នុងលិខិតមួយច្បាប់ផ្ញើទៅលោក ស្រ៊ុន សារឿន មេបញ្ជាការយោធាកងពលតូចលេខ៣១ លោក វ៉ី សំណាង អភិបាលខេត្តបានស្នើសុំទាហានចូលរួមជាមួយអ្នកជំនាញមកពីមន្ទីរបរិស្ថានខេត្ត និងបណ្តេញប្រជាជនប្រហែល១៣០នាក់ដែលកំពុងកាប់ឆ្ការដីព្រៃដែលនៅត្រួតគ្នារវាងឧទ្យានជាតិពីរកន្លែងក្នុងស្រុកភ្នំស្រួច។ អភិបាលខេត្តបានសរសេរថា “មានជនខិលខូចមួយចំនួនបាននឹងកំពុងចូលមកទន្ទ្រានរានយកដីឧទ្យានជាតិយ៉ាងអនាធិបតេយ្យនៅក្នុងឧទ្យានជាតិគិរីរម្យនិងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ លោកបាននិយាយថា ទាហានត្រូវតែ “រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនិងទប់ស្កាត់ការកាប់រានដីយ៉ាងអនាធិបតេយ្យ”។ ទាក់ទងតាមទូរស័ព្ទ លោក សំណាង បាននិយាយថា កសិករបានចាប់ផ្តើមកាប់ឆ្ការព្រៃកាលពីដើមឆ្នាំមុន ដើម្បីដាំស្រូវ ហើយរហូតមកដល់ពេលនេះគេបានឆ្ការព្រៃអស់៥០០ហិកតាហើយ។ អភិបាលខេត្តបាននិយាយថា “វាពិបាកឃាត់ប្រជាជនទាំងនេះមិនឱ្យឆ្ការព្រៃដោយខុសច្បាប់ ពីព្រោះពួកគេតែងតែរត់ ឬគំរាមកាប់មន្ត្រីនឹងកាំបិតពូថៅ”។ លោក សំណាង បាននិយាយថា “ទាហានមានកាំភ្លើង ប៉ុន្តែទាហានមិនប្រើវាសម្លាប់ពួកគេទេ។ ទាហានគ្រាន់តែប្រើកំាភ្លើងដើម្បីឱ្យពួកគេរត់ចេញប៉ុណ្ណោះ”។ លោក សំណាង បាននិយាយថា “សូមកុំសរសេរថា យើងប្រើទាហានឱ្យចាប់ប្រជាជន។ បើមិនធ្វើអ៊ីចឹងទេ គេមិនខ្លាចទេ ហើយគេនឹងជាន់ក្បាលទាហានហើយ”។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តបាននិយាយថា ផែនការរបស់អភិបាលខេត្តល្អប្រសើរ ដោយលោកបាននិយាយបន្ថែមថា លោកមិនអាចបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញពីកន្លែងនោះច្រើនលើកច្រើនសាមកហើយ។ លោក រង្សី បាននិយាយថា “ខ្ញុំបានប្រាប់ពួកគេឱ្យទៅសុំដីពីរដ្ឋបាលខេត្ត បើគេមិនមានដីដាំស្រូវ តែពួកគេមិនស្តាប់ខ្ញុំទេ ហើយក៏នៅតែកាប់រានព្រៃដោយខុសច្បាប់។ អ៊ីចឹង ទើបយើងត្រូវការទាហានដើម្បីរារាំងពួកគេ”។ ក្រុមកសិករមិនអាចទាក់ទងបានទេ។ លោក រ័ត្ន ថាវី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តបាននិយាយថា លោកមិនបានដឹងអំពីការប្រឈមមុខដាក់គ្នាទេ ហើយលោកមិនអាចស៊ើបអង្កេតបានទេ លុះត្រាតែមានពាក្យបណ្តឹងជាផ្លូវការសិន៕មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post កង​​​​​​​កម្លាំង​​​​​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​​​​​​​​ទប់​​​ស្កាត់​​​​​​កសិករ​មិន​ឱ្យ​កាប់​រាន​​​​ដី​ព្រៃ​​​​រដ្ឋ​ appeared first on The Cambodia Daily.