ផ្តិត​មេដៃ​ព្រម​លែងលះ ប្តី​បបួល​ជិះ​ម៉ូតូ​ចូល​ឡានឱ្យ​បុក​ស្លាប់​ទាំងអស់​គ្នា

ផ្តិត​មេដៃ​ព្រម​លែងលះ ប្តី​បបួល​ជិះ​ម៉ូតូ​ចូល​ឡានឱ្យ​បុក​ស្លាប់​ទាំងអស់​គ្នា



រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ដែល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា រហូត​ឈាន​ដល់​ការ​ដឹក​ដៃ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​លែងលះ​គ្នា ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចោទប្រកាន់បុរស​ជា​ប្ដី​ថា មិន​គិត​ជួយ​រកស៊ី​នោះ​ទេ គិតតែ​ពី​ដើរ​លេង​ចាយ​លុយ​អត់​ប្រយោជន៍ មិន​គិតគូរ​ប្រពន្ធ​និង​កូន​ឡើយ និង​បាន​រករឿង​នាង​មិន​ឈប់​ឈរ ព្រមទាំង​គំរាម​សម្លាប់​នាង​ចោល​ថែម​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ប្ដី​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​១​ខែ ដោយ​មិនដឹង​ថា​ទៅ​ណា​មក​ណា​ឡើយ ។ ទ​ង្វើ​ខាងលើ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ជា​ប្រពន្ធ​អត់ទ្រាំ​លែង​បាន ក៏​ឈាន​ដល់​ការ​ព្រមព្រៀង​លែងលះ​គ្នា ។

នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ប្តី​ប្រពន្ធ​នេះ​បាន​ដឹក​ដៃ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដឹង​ឮ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលាសង្កាត់​ចោម​ចៅ អាជ្ញាធរ​មិន​ព្រមឱ្យ​អ្នក​ទាំង​ពីរ​នាក់​លែង​គ្នា​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​មិន​ព្រម និង​បាន​សម្រេចចិត្ត​ផ្ដិត​មេដៃ​លែងលះ​គ្នា ដោយ​ខ្លួនឯង​ទាំង​អាជ្ញាធរ​មិនដឹង​ឮ​នោះ​ទេ ។

ប្ដី​ប្រពន្ធ​ខាងលើ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ប្រពន្ធ​ឈ្មោះ ស្រី ម៉ៅ អាយុ​៣៤​ឆ្នាំ ប្រកប​របរ​លក់​សាច់​ជ្រូក រីឯ​បុរស​ជា​ប្ដី ឈ្មោះ អេ​ង ណា​ង ហៅ អន មិថុនា អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ជី​រោទ៍ ស្រុក​កំពង់សៀម ខេត្ត​ត្បូងឃ្មុំ ។ អ្នក​ទាំង​ពីរ​មានកូន​២​នាក់​គឺ កូនប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ មក​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា នាង​និង​ប្ដី​បាន​រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ មុន​ដំបូង​ស្រឡាញ់​គ្នា​ណាស់ ប៉ុន្តែ​ក្រោយ​ពេល​បានកូន​ពីរ​នាក់រួច​មក លោក​ប្ដី​នេះ​ហាក់​មាន​ចរិត​ប្រែប្រួល បណ្ដាល​ឱ្យ​មាន​ភាព​រកាំរកូស​នៅ​ក្នុង​រង្វង់​គ្រួសារ ដោយ​មួយ​ថ្ងៃ​ៗ លោក​ប្ដី​មិន​គិត​ពី​ការងារ​រកស៊ី​នោះ​ទេ គិតតែ​ពី​ការ​សប្បាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ ជាង​នេះ​ទៀត នាង​និយាយ​បន្តិចបន្តួច​មិន​បាន​ទេ គឺ​រករឿង​ភ្លាម និង​គំរាម​សម្លាប់​ចោល​ទៀត​។ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្ដី​នាង​បាន​ចាក​ចេញពីផ្ទះ​បាត់​រយៈពេល​១​ខែ ដោយ​មិនដឹង​ថា​ទៅ​ណា​មក​ណា​នោះ​ឡើយ លុះ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ បែរជា​រករឿង​នាង​ថែម​ទៀត ទើប​នាង​ទ្រាំ​លែង​បាន ក៏​បាន​បបួល​គ្នា​លែងលះ ហើយ​លោក​ប្ដី​ក៏​បាន​យល់ព្រម​លែង​ដែរ ទើប​នាំ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដឹង​ឮ ។

ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ត​ទៀត​ថា ស្ត្រី​ណា​ម្នាក់​ដែល​ចង់ឱ្យ​គ្រួសារ​បែកបាក់ ក្លាយ​ទៅ​ស្រី្ត​មេម៉ាយ​នោះ ប៉ុន្តែ​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ទៅ​ហើយ ទើប​ឈាន​ដល់​ការ​ចែកផ្លូវ ហើយ​ពេល​នោះ​អាជ្ញាធរ​មិន​ឱ្យ​លែងលះ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​សម្រេចចិត្ត​ទាំង​សងខាង ត្រូវ​តែ​លែងលះ​ហើយ ។ ក្រោយ​ពេល​ផ្ដិត​មេដៃ​លែងលះ​គ្នា​រួចរាល់ បុរស​ជា​ប្ដី​បាន​បន្ត​និយាយ​គំរាម​សម្លាប់​ចោល​មិន​ឱ្យ​នាង​រស់នៅ​បាន​សុខ​នោះ​ទេ ។

បន្ទាប់​មក​បាន​បង្ខំ​ឱ្យ​នាង​ជា​ប្រពន្ធ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ពេល​នោះ នាង​បាន​យល់ព្រម​ជិះ​ស្រាប់តែ​ប្ដី​និយាយ​ថា ជិះ​ចូល​ឱ្យ​រថយន្ត​បុក​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្ដង​ទៅ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ជា​ប្រពន្ធ​ភ័យ​ខ្លាច ព្រោះ​នាង​ដឹងចិត្ត​ប្ដី​នាង​ច្បាស់​ណាស់​ថា​តែ​និយាយ​យ៉ាងម៉េច គឺ​ធ្វើ​បែប​នោះ​ហើយ ទើប​នាង​មិន​ព្រម​ជិះ​ទៅ​ជាមួយ​ក៏​កើតការ​ប្រទាញប្រទង់​គ្នា​តែ​ម្ដង ។

ទាក់ទិន​នឹង​ហេតុការណ៍​នោះ បុរស​ជា​ប្ដី​មិន​បាន​និយាយ​ប្រាប់​នរណា​ម្នាក់​ឱ្យ​ដឹង​ថា បែប​ណា​នោះ​ទេ ហើយ​មិន​បាន​ប្រើ​ហិង្សា​វាយតប់​ប្រពន្ធ​នោះ​ដែរ ព្រោះ​នៅ​ខណៈនោះ​មានការ​អន្តរាគមន៍​ពី​សំណាក់​កម្លាំង​នគរបាល និង​មន្ត្រីសង្កាត់​ចោម​ចៅ ហើយ​បន្ទាប់​ពី​ទាញ​ប្រពន្ធ​ឱ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​មិន​បាន បុរស​នោះ​ក៏​បាន​ទុក​ម៉ូតូ​ចោល រួច​បាន​ដើរ​ចេញពី​សាលាសង្កាត់​ចោម​ចៅ​បាត់​ទៅ ក្រោយមក​ទើប​នាង​ជា​ប្រពន្ធ​ជិះ​ម៉ូតូ​ទៅ​តាម​ក្រោយ​ទាំង​ការ​ភ័យ​ខ្លាច ៕