ចិន ថា ទំនាក់ទំនង​ខ្លួន​និង​ហ្វីលីពីន កំពុងស្ថិត​ដល់​ចំណុច​របត់​ថ្មី​មួយ និពន្ធដោយ : ទេព អ៊ីវិសាល       September-14-2016, 5:55 pm         59

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ថា ទំនាក់ទំនង​ខ្លួន​និង​ហ្វីលីពីន កំពុងស្ថិត​ដល់​ចំណុច​របត់​ថ្មី​មួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​មាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយគ្នា​ច្រើន​ដោយសារតែ​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ ក្នុងពេលដែល​ហ្វីលីពីន​គ្រប់គ្រង​ដោយ​រដ្ឋបាល​អតីត​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ តែ​ក្រោយ​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ កាន់តំណែង​ប្រធានាធិបតី​ប្រមាណ​ជិត​បី​ខែ​នេះ ទំនាក់ទំនង​ហ្វីលីពីន និង​ចិន ចាប់ផ្តើម​បន្ទន់ រកគ្នា​ដោយ​ក្រុង​ប៉េកាំង ចាត់ទុកថា ភាគី​ទាំងពីរ កំពុងស្ថិត​ក្នុង​«​ចំណុច​របត់​មួយ​ថ្មី​»​។

​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Liu Zhenmin បាន​ថ្លែងប្រាប់​ត្រង់ៗ​ទៅកាន់​ប្រតិភូ​កិច្ចការបរទេស​ហ្វីលីពីន​ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ថា ចំណង​រវាង​ចិន​និង​ហ្វីលីពីន បាន​ធ្លាក់ចុះ​យ៉ាងជ្រៅ​នៅក្នុង​រយៈពេល​កន្លងមក​ដែល​គ្រប់គ្នា​សុទ្ធតែ​បានដឹង​។ តែ​មន្ត្រីការទូត​ជាន់ខ្ពស់​រូបនោះ ក៏បាន​សម្តែង​ទស្សន​វិជ្ជមាន​រវាង​ភាគី​ទាំងពីរ​ដោយ​លោក សង្កត់​ថា «​បច្ចុប្បន្ន ទំនាក់ទំនង​រវាង​ចិន​-​ហ្វីលីពីន កំពុង​ដល់​ចំណុច​របត់​ថ្មី​មួយ​»​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ដែល​បាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​តាម​ប្រភពព័ត៌មាន​ដដែល នា​ជំនួប​នោះ លោក​អនុមន្ត្រី ក៏បាន​បញ្ជាក់ដែរថា ចិន សង្ឃឹមថា ភាគី​ហ្វីលីពីន​គ្រប់គ្រង​ជម្លោះ​ដោយមាន​ហេតុផល​សមរម្យ និង​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​វិល​ទៅរក​មធ្យោបាយ​សន្ទនា ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ឡើងវិញ​ជាមួយនឹង​ខ្លួន​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយយោង​តាម​កត្តា​ប្រវត្តិសាស្ត្រ ដែល​ការទាមទារ​នេះ បាន​ត្រួតស៊ីគ្នា​ទៅនឹង​តំបន់​ទាមទា​របស់​រដ្ឋ​សមាជិក​អាស៊ាន​មួយចំនួន​ដែល​រាប់បញ្ចូល​ទាំង​ហ្វីលីពីន​ផងដែរ​។ កន្លងមក ហ្វីលីពីន ដែល​មានការ​ប្រកៀក​ស្មា​ជាមួយនឹង​វៀតណាម បាន​មាន​ជំហរ​យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង​ចិន​។ ជាពិសេស​នោះ​ហ្វីលីពីន​រហូតដល់​ប្តឹង​ចិន​ដល់​តុលាការអន្តរជាតិ ដែល​ទើបតែ​សម្រេច​ឲ្យ​ចិន ចាញ់ក្តី​ទៀតផង​។​

​យ៉ាងណាក៏ដោយ ក្រោយ​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​ដែល​ទើបតែ​កាន់អំណាច​តាំងពី​ចុងខែ​មិថុនា​កន្លងមក ការប្រឈមមុខគ្នា​រវាង​ភាគី​ទាំងពីរ បាន​ស្ងៀមស្ងាត់ ជំនួស​ដោយ​ឆន្ទៈ​នៃ​ការចង់​ជជែក​គ្នា​វិញ​។ ហើយ​នោះ​គឺ លោក​ប្រធានាធិបតី បានប្រកាសថា លោក ចង់​ចរចា​ទ្វេភាគី​ឡើងវិញ​ជាមួយនឹង​ចិន ដើម្បី​បែងចែក​ផលប្រយោជន៍ និង​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

​ក្រៅពី​ការ​ថ្លែងការណ៍​ចង់​ចរចា​ជាមួយ​ចិន លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏​ទើបតែ​បញ្ជូន​បេសកជន​ពិសេស គឺ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វី​ឌែ​ល រ៉ា​ម៉ូ​ស ទៅកាន់​ចិន​ដើម្បី​ជា​ជំហាន​ដំបូង​ក្នុងការ​រៀបចំ និង​ស្ទាបស្ទង់​ពី​ដំណើការ​ចរចា​ផ្លូវការ​ផងដែរ​៕