ក្រសួងសុខាភិបាលផ្តើមយុទ្ធនាការទប់ស្កាត់ហ្ស៊ីកាទូទាំងប្រទេស

ក្រសួងសុខាភិបាលបានផ្តើមយុទ្ធនាការទប់ស្កាត់ជំងឺហ្ស៊ីកានៅថ្ងៃនេះ តាមរយៈការអប់រំសុខភាពទូទាំងប្រទេស និងបំពាក់ម៉ាស៊ិនស្ទង់សីតុណ្ហភាពមនុស្សគ្រប់ច្រកអន្តរជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។ យុទ្ធនាការនេះធ្វើឡើង ក្រោយពេលហ្ស៊ីកាកំពុងតែវាយលុកប្រទេសក្នុងតំបន់ ដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ីជាដើម។

លោកលី សូវ៉ាន់អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការទប់ស្កាត់ទាំងនោះរួមមានការដាក់មន្ត្រីប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ និងដាក់ម៉ាស៊ិនស្ទង់កម្តៅអ្នកដំណើរ ចែកប័ណ្ឌអប់រំសុខាភាពដល់អ្នកដំណើរ។

ចំពោះយុទ្ធនាការក្នុងស្រុកវិញ លោកលី សូវ៉ាន់ បញ្ជាក់ថាក្រសួងសុខាភិបាលបានផ្តល់ព័ត៌មានទៅឲ្យមន្ទីរសុខាភិបាលគ្រប់ខេត្តក្រុងទាំងអស់ ធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោះពុម្ពប័ណ្ណព័ត៌មានពីជំងឺហ្ស៊ីកាបិទលើរថយន្តរបស់រដ្ឋ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ភូមិឃុំដាច់ស្រយាលទូទាំងប្រទេស។

សូមបញ្ជាក់ថាជំងឺហ្ស៊ីកាត្រូវបានរកឃើញក្នុងប្រទេសកម្ពុជាចំនួន៧ករណី កាលពីឆ្នាំ២០០៧ និងឆ្នាំ២០១០ ហើយករណីទាំងអស់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ន ពុំមានករណីហ្ស៊ីកាកើតមានក្នុងប្រទេសកម្ពុជាទេ។

កាលពីថ្ងៃទី១៣ កញ្ញា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយពីការបង្ការជំងឺហ្ស៊ីកាសម្រាប់ស្រ្តីមានផ្ទៃពោះ និងប្រជាពលរដ្ឋទូទៅក្នុងប្រទេស។ ក្នុងសេចក្តីប្រកាសនោះបានឲ្យដឹងថា វិធីការពារ ដែលល្អបំផុតពីជំងឺហ្ស៊ីកា គឺត្រូវធ្វើកិច្ចការពារដូចគ្នានឹងករណីជំងឺគ្រុនឈាមដែរ ដូចជាការការពារខ្លួនកុំឲ្យមូសខ្លាខាំ។

បច្ចុប្បន្នជំងឺហ្ស៊ីកាកំពុងតែវាយលុកប្រទេសក្នុងតំបន់។ ក្នុងនោះប្រទេសសិង្ហបុរីបានរកឃើញករណីជំងឺហ្ស៊ីកាថ្មី កើនឡើងដល់៣៣៣ករណី ហើយបានកើតលើស្ត្រីមានផ្ទៃពោះ៨នាក់។ ចំណែកប្រទេសថៃរហូតមកដល់ពេលនេះគឺមានករណីហ្ស៊ីកា២០០ករណី។

នៅថ្ងៃទី១៤ កញ្ញានេះ កាសែត The Nation របស់ថៃ បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃនឹងធ្វើការជាមួយនឹងរដ្ឋមន្ត្រីនៃប្រទេសជាសមាជិកអាស៊ានដទៃទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺហ្ស៊ីកាក្នុងតំបន់អាស៊ាន។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថារដ្ឋមន្ត្រីសុខាភិបាលថៃនឹងបើកិច្ចប្រជុំ នៅសប្តាហ៍ក្រោយនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ហ្សីកាតាមព្រំដែនជាមួយប្រទេសក្នុងតំបន់៕

ប្រភព៖ rfi


Related Posts