ប្រទេស​ចំនួន​៣៦​ប្រកាស​កង្វល់​រួមគ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ប្រទេស​ចំនួន​៣៦ ចេញ​សេចក្ដី​ប្រកាស​កង្វល់​រួមគ្នា​មួយ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា នេះ លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ប្រទេស​ទាំង​នោះ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ចំពោះ​​ភាព​តានតឹង​នយោបាយ ដែល​ជា​ការ​គំរាម​កំហែង​ដល់​សកម្មភាព​ស្របច្បាប់​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​សិទ្ធិមនុស្ស។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ផ្សាយ​សេចក្ដី​ប្រកាស​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ថា សេចក្ដី​ប្រកាស​រួម​គ្នា​នេះ ទើប​តែ​ចេញ​ផ្សាយ​នៅឯ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ត្រូវ​បាន​អាន​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក កេត ហាភើ (Keith Harper) តាង​នាម​អោយ​ប្រទេស​អាល់បានី(Albania) អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី (Macedonia) ន័រវេសន៍ (Norway) ស្វីស (Switzerland) អ៊ុយក្រែន (Ukraine) និង​ប្រទេស​ចំនួន ២៨ ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

សេចក្ដី​ប្រកាស​នោះ​បន្ត​ថា ប្រទេស​ទាំង​៣៦​នេះ ខ្វល់​ជា​ពិសេស​ចំពោះ​បណ្ដឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល នឹង​ស្ថានភាព​វប្បធម៌​សន្ទនា​របស់​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះជាតិ​លែង​ដំណើរការ។ បន្ថែម​ពី​នេះ ប្រទេស​ទាំង​នោះ ក៏​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​និង​សំឡេង​ឯករាជ្យ​ក្នុង​ប្រទេស មាន​ការ​ភ័យ​ព្រួយ។

មួយ​វិញ​ទៀត ប្រទេស​ទាំង​នោះ ក៏​លើក​ឡើង​ជា​ថ្មី​ទៀត នូវ​ការ​អំពាវនាវ​កន្លង​មក​របស់​តំណាង​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ សុំ​ឲ្យ​មាន​ការ​ធានា​បរិយាកាស​អនុគ្រោះ​គ្នា និង​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។