វិទ្យាល័យ​ពីរ នៅ​កំពង់​ចាម ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល ពី​គ្រូ​ជំនាញ​ពី​​សិង្ហ​បុរី

វិទ្យាល័យ​ពីរនៅ​ខេត្ត​កំពង់​ចាម គឺ​វិទ្យាល័យ ន.រណ​ឬ​ទ្ធិ-គន្ធបុប្ផា និង វិទ្យាល័យ​ហ៊ុនសែន​ព្រៃទទឹង​ ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល ភាពជា​អ្នកដឹកនាំ និង សិល្បៈ​ស្គរ ពី​គ្រូ​ជំនាញ​មកពី​ប្រទេស​សិង្ហ​បុរី។ នេះ​ជា​លើក​ទី១ ដែល​សិស្សានុសិស្ស​នៅ​ជនបទ​ នៃ​វិទ្យាល័យ​ទាំងពីរ​នេះ មាន​ឱកាស​ស្វែង​យល់ និង​ទទួល​បាន​ចំណេះ​ដឹង​លើ​ជំនាញ​ទាំង​នេះ​ពី​លោក Roy Lai និង លោក Syed Ibrahim។

 
លោក Roy Lai ជា​អ្នក​ជំនាញ​បណ្ដុះ​បណ្ដាល​ភាពជា​អ្នកដឹកនាំ ជា​គ្រូ បង្វឹក និង​ជា​វាគ្មិន​សិង្ហ​បុរី​ដ៏​ល្បីល្បាញ​មួយរូប ដែលមាន​បទពិសោធន៍​ជិត២០ឆ្នាំ និងលោក Syed Ibrahim ជា​គ្រូ​ជំនាញ​ផ្នែក​សិល្បៈ​ស្គរ ដែលមាន​បទពិសោធន៍​ដឹកនាំ​ផ្នែក​ត​ន្រី្ត៣០ឆ្នាំ។

 

វិទ្យាល័យ​ពីរ នៅ​កំពង់​ចាម ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល ពី​គ្រូ​ជំនាញ​ពី​​សិង្ហ​បុរី

( លោក Roy Lai អ្នក​ជំនាញ​បណ្ដុះ​បណ្ដាល​ភាពជា​អ្នកដឹកនាំ និងជា​គ្រូបង្វឹកមកពីប្រទេស​​សិង្ហ​បុរី)​

កម្មវិធី​នេះ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ ពង្រឹង​ភាពជា​អ្នកដឹកនាំ​របស់​លោក​គ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស   បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ការងារ​ជា​ក្រុម បណ្ដុះ​សិល្បៈ​នៃ​ការធ្វើទំនាក់ទំនង វិធីសាស្ត្រ​នៃ​ការលើកទឹកចិត្ត​ក្រុមការងារ។ ដោយឡែក​សិល្បៈ​ស្គរ​នេះ​ក៏​នឹងចូលរួម​យ៉ាងខ្លាំង​ដល់​ការបង្កើត​ឲ្យ​មាន​សិល្បៈសាមគ្គីភាព និង​ស្នាមញញឹម​បន្ថែម​នៅក្នុង​សាលា។

 
ជាទូទៅ​គេ​តែង​យល់ថា​វគ្គ​បណ្ដុះ​បណ្ដាល​ ភាពជា​អ្នកដឹកនាំ គឺ​សម្រាប់​តែ​អ្នក​ដែល​ត្រូវ​ទទួលស្គាល់ និង​តែងតាំង​ឲ្យ​ធ្វើជា​មេក្រុម អ្នក​បង្គាប់បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្ដល់​គំនិត​យោបល់ ឬ​ចាត់ចែង​ការងារ​របស់​ក្រុម អង្គការ សហគមន៍ ប្រទេស។ល។  ប៉ុន្តែ​ទាំងនេះ​ត្រូវបាន​លោក Roy Lai បដិសេធ​ដោយ​លោក​លើកឡើងថា «ភាពជា​អ្នកដឹកនាំ​គឺជា​ជំនាញ​ទន់​ដែល​មនុស្ស​គ្រប់រូប​គម្បី​ត្រូវមាន ​ឬ​បណ្ដុះ​តាំងពី​វ័យក្មេង ហើយ​នេះ​ជា​អ្វីដែល​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី​កំពុង​អនុវត្ត »  ។

 

វិទ្យាល័យ​ពីរ នៅ​កំពង់​ចាម ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល ពី​គ្រូ​ជំនាញ​ពី​​សិង្ហ​បុរី

(លោក Syed Ibrahim  ​គ្រូ​ជំនាញ​ផ្នែក​សិល្បៈ​ស្គរមកពីប្រទេស​សិង្ហបុរី )

កម្មវិធី​បណ្ដុះបណ្ដាល​ទាំង២នេះ មាន​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី ៨ ដល់ទី១០ ខែ កញ្ញា ២០១៦ ដោយមាន​ការ សហការ​​រៀបចំ​ដោយ សមាគម​អតីត​សិស្ស​អូរ​ដា ដែល មាន​លោក ឃឹម ប៊ុន​ឡែ​ន ជា​ប្រធាន ជាមួយនិងអង្គការ Choice Family Singapore មាន​លោក Ashok Kurma ជា​ប្រធាន។

 

វិទ្យាល័យ​ពីរ នៅ​កំពង់​ចាម ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល ពី​គ្រូ​ជំនាញ​ពី​​សិង្ហ​បុរី

 

លើស ពី​ការ​ផ្ដល់​នូវ​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​សិល្បៈ​ប្រគំ​តន្ត្រី​ស្គ លោក Syed Ibrahim ក៏បាន​ឧបត្ថម្ភ​ឧបករណ៍​ស្គរ​១ឈុត​ធំ​យ៉ាង​ថ្មីស្រឡាង ដែល​គិត​ជា​ទឹកប្រាក់​ជាង៤ពាន់​ដុល្លារ សម្រាប់​ជា​ការ​ប្រើប្រាស់ និង​សម្ដែង​ជាប្រចាំ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូផងនៃ​វិទ្យាល័យ ន.រណ​ឬ​ទ្ធិ-គន្ធបុប្ផា និងវិទ្យាល័យ​ហ៊ុនសែន​ព្រៃទទឹង​ផងដែរ។

 

វិទ្យាល័យ​ពីរ នៅ​កំពង់​ចាម ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល ពី​គ្រូ​ជំនាញ​ពី​​សិង្ហ​បុរី

(លោក ឃឹម ប៊ុន​ឡែ​ន ប្រធាន​ក្រុម​អតីត​សិស្សសាលា​អូរ​ដា​)

លោក ឃឹម ប៊ុន​ឡែ​ន ប្រធាន​ក្រុម​អតីត​សិស្សសាលា​អូរ​ដា​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​អង្គការ Choice Family Singapore ជ្រើសរើស​សាលា​ទាំងពីរ​នេះ​ដើម្បី​ផ្ដល់​ជូន​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ គឺ​ដោយសារ​កន្លងមក​ក្រុម​អតីត​សិស្ស​របស់លោក​បាន​ប្រឹងប្រែង​ក្នុងការ​វិលត្រឡប់​ទៅ​ជួយ​សាលា​ស្ថិតនៅ ក្នុង​ស្រុកកំណើត​ខ្លួន។ លោកថា «កន្លងមក​យើង​បាន​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​នូវ​បណ្ដា​ល័យ បន្ទប់​កុំព្យូទ័រ និង ការដាំ​ដើមឈើ ជាដើម។ ជាពិសេសអង្គ​ការ​នេះ​បានឃើញ​នូវ​សក្ដានុពល​របស់​សិស្ស​ដែល ចេះ​ជួយ​ខ្លួនឯង ក្នុង​ការខិតខំ​រៀនសូត្រ ព្រមទាំង​មាន​ក្ដី​សុបិន »។

 

លោក​បាន​បន្ត ថា « ខ្ញុំ​មាន​ក្ដី​សុបិន ថា​ក្នុង​រយៈពេល ៥ទៅ១០ឆ្នាំ​ទៀត ប្អូន​ៗ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ ថ្ងៃនេះ​នឹង​ត្រលប់ មក​សាលា​វិញ ហើយ​ដឹកនាំ​ការងារ​អភិវឌ្ឍ​ធនធានមនុស្ស​បន្តទៀត។ ចលនា​នេះ​គឺជា​ការចូលរួម​ចំណែក​ជាមួយ​លោកគ្រូ​អ្នកគ្រូ ដើម្បី​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍ និង​មិត្តភាព​ប្រកបដោយ​និរន្តរភាព​កាន់តែ​ប្រសើរ នៅ​ស្រុកកំណើត របស់​យើង។ »

 

ក្រុម​អតីត​សិស្ស​អូរ​ដា បង្កើត ឡើង​ដោយ​អតីត​សិស្ស​ដែល​ធ្លាប់​រៀន សូត្រ​នៅ​សាលា​នេះ ជាមួយ នឹង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ ក្នុង​សាលា និង​ស្រុកកំណើត៕