វិបត្តិ​លី​ប៊ី​៖ កំហុស​គ្រប់យ៉ាង​ធ្លាក់​លើ​លោក ដេវីដ ខេ​មេ​រ៉ូ​ន​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-14-2016, 7:39 pm         610

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វិបត្តិ​លី​ប៊ី​៖ កំហុស​គ្រប់យ៉ាង​ធ្លាក់​លើ​លោក ដេវីដ ខេ​មេ​រ៉ូ​ន​?​គណកម្មាធិការ​ការបរទេស​នៃ​សភា​អង់គ្លេស​បានចេញ​របាយ​ការណ៍​មួយ​បន្ទោ​សលោក ដេវីដ ខេ​មេ​រ៉ូ​ន អតីត​នាយករដ្ឋមន្ត្រី និង​ជា​អតីត​សមាជិកសភា​ចំពោះ​អន្តរាគមន៍​យោធា​នៅ​លី​ប៊ី​ឆ្នាំ ២០១១ ។  របាយការណ៍​នេះ​គូសបញ្ជាក់ថា រដ្ឋាភិបាល​លោក ខេ​មេ​រ៉ូ​ន មិនបាន​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ពី​ចលនា​ក្រុម​ឧទ្ទាម​នៅ​លី​ប៊ី និង​កំណត់​ក្រុម​ជ្រុលនិយម​ឥស្លាម​ដែល​ស្ថិតក្នុង​សមាសភាព​ក្រុម​ឧទ្ទាម​ឡើយ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការចោទប្រកាន់​រដ្ឋាភិបាល ហ្កា​ដា​ហ្វី ថា​បាន​គំរាមកំហែង​អាយុជីវិត​ប្រជាជន​លី​ប៊ី​ក៏​មិនមាន​អំណះអំណាង​ត្រឹមត្រូវ​ដែរ​។ កន្លងមក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​បន្ទោ​សលោក ដេវីដ ខេ​មេ​រ៉ូ​ន ដែរ​ពាក់ព័ន្ធ​ភាពចលាចល​នៅ​លី​ប៊ី  ហើយ​លោក​អះអាងថា អង់គ្លេស​ក្តី និង​បារាំង​ក្តី សុទ្ធតែ​ជិះសេះ​លែងដៃ និង​អាង​អាមេរិក​ពេក​។ 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​បញ្ហា​លី​ប៊ី​ក្លាយជា​រឿង​ច​ម្រូ​ស​ចម្រាស​ជាថ្មីទៀត ក្រោយ​ក្រុម​សមាជិក​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​អង់គ្លេស បញ្ចេញ​របាយការណ៍​ថ្មី​មួយ ដែល​ពាក់ព័ន្ធ​ការសម្រេចចិត្ត ប្រើ​យោធា​ផ្តួលរំលំ​របប​ដឹកនាំ​លោក Muammar Gaddafi កាលពី​ឆ្នាំ ២០១១ របស់​រដ្ឋាភិបាល​លោក ដេវីដ ខេ​មេ​រ៉ូ​ន​។ ការបញ្ចេញ​របាយការណ៍​រិះគន់​នេះ​កើតឡើង ក្រោយ​ពេលដែល​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេ​វី​ដេ ខេ​មេ​រ៉ូ​ន លាលែង​ពី​តំណែង​សមាជិកសភា​នៅ​ដើម​សប្តាហ៍​នេះ​។​

​ត្រឡប់​ទៅ​ឆ្នាំ ២០១១ មេដឹកនាំ​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន និង មេដឹកនាំ​បារាំង នី​កូ​ឡា សា​កូ​ហ្ស៊ី បាន​ក្លាយជា​បងធំ​ដែល​ដឹកនាំ​អន្តរាគមន៍​យោធា​តាមផ្លូវ​អាកាស​ដើម្បី​កម្ទេច​កងទ័ព​លី​ប៊ី និង​ជួយ​ឲ្យ​ក្រុម​ឧទ្ទាម​ផ្តួលរំលំ​របប​ដឹកនាំ​លោក Muammar Gaddafi ។ អន្តរាគមន៍​នេះ​ធ្វើឡើង​ក្រោម​ហេតុផល​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាជន​លី​ប៊ី​ដែល​ស្ថិតក្នុង​គ្រោះមហន្តរាយ និង​ដើម្បី​សាប​ព្រួស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​អាហ្វ្រិក​ខាងជើង​នេះ​។ ប៉ុន្តែ​ជា​អកុសល ក្រោយ​ការអន្តរាគមន៍ លី​ប៊ី​ធ្លាក់​ក្នុងស្ថានភាព​ចលាចល​, ក្លាយជា​ជម្រក​សុខសាន្ត​របស់​ក្រុម​ជី​ហាត​រួមទាំង​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​ប្រដាប់អាវុធ​ផ្សេងទៀត​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ការប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​នៅ​បន្ត​កើត​ឡើងជា​ហូរហែ​រហូតដល់​បច្ចុប្បន្ន​។ ទោះ​ជាមាន​រដ្ឋាភិបាល​រួបរួម​ជាតិ​ជ្រោមជ្រែង​ដោយ​អង្គការសហប្រជាជាតិ​ក៏ដោយ ការ​ឈានទៅ​បង្រួបបង្រួម​ជាតិ​និង​ផ្សះផ្សា​ជាតិ​លី​ប៊ី​នៅតែ​មិនអាច​ធ្វើទៅ​ដោយ​ងាយស្រួល​ដែរ​។​

១.​របាយការណ៍​ថ្មី​៖ កំហុស​គ្រប់យ៉ាង​ធ្លាក់​លើ​លោក ខេ​មេ​រ៉ូ​ន​
​និយាយ​ទៅ កំហុស​គ្រប់យ៉ាង​ត្រូវគេ​ទម្លាក់​លើ លោក ដេវីដ ខេ​មេ​រ៉ូ​ន និង​មនុស្ស​ពាក់ព័ន្ធ​ក្នុងការ​សម្រេចចិត្ត​ក្នុង​រដ្ឋបាល​របស់លោក​ផ្ទាល់​។ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស Crispin Blunt ដែល​ដឹកនាំ​បង្កើត​របាយការណ៍​នេះ បាន​ពន្យល់ថា របាយការណ៍​បង្ហាញ​ច្បាស់​ថា​សកម្មភាព​របស់​អង់គ្លេស​នៅ​លី​ប៊ី​ជា​ផ្នែក​មួយ​នៃ​អន្តរាគមន៍​គ្មាន​ការរៀបចំ​ត្រឹមត្រូវ និង​បង្កើតជា​លទ្ធផល​ដូច​រាល់ថ្ងៃ​នៅ​លី​ប៊ី​។​

​លោក​បាន​បកស្រាយ​បន្តថា គោលនយោបាយ​អង់គ្លេស​នៅ​លី​ប៊ី មុន​និង​ក្នុងពេល​អន្តរាគមន៍​ក្នុង​ខែមីនា ឆ្នាំ ២០១១ ត្រូវបាន​បង្កើតឡើង​ដោយ​ការវាយតម្លៃ​និង​ប៉ាន់ស្មាន​ខុស ហើយ​មិន​យល់​ពី​ស្ថានភាព​នៅ​លី​ប៊ី​ច្បាស់លាស់​។​

​ចំណុច​ខ្វះចន្លោះ​ធំ​បំផុត​ក្នុង​គោលនយោបាយ​អង់គ្លេស​នេះ​គឺ រដ្ឋាភិបាល​លោក ខេ​មេ​រ៉ូ​ន មិនបាន​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ពី​ចលនា​ក្រុម​ឧទ្ទាម​នៅ​លី​ប៊ី និង​កំណត់​ក្រុម​ជ្រុលនិយម​ឥស្លាម​ដែល​ស្ថិតក្នុង​សមាសភាព​ក្រុម​ឧទ្ទាម​ឡើយ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ការយក​លេស​ចោទប្រកាន់​រដ្ឋាភិបាល ហ្កា​ដា​ហ្វី ថា​គំរាមកំហែង​អាយុជីវិត​ប្រជាជន​ខ្លាំង​ក៏​មិនមាន​អំណះអំណាង​ត្រឹមត្រូវ​ដែរ​។ វា​អាចពាក់ព័ន្ធ​ការសម្រេចចិត្ត​ដែល​ពឹង​ផ្អែកលើ​របាយការណ៍​ចារកម្ម​ដែល​មិន​ត្រឹមត្រូវ​និង​ខ្វះចន្លោះ​ច្រើន​។ 

​វា​ហាក់ដូចជា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា លោកខាងលិច​ធ្វេសប្រហែស និង​សម្រេចចិត្ត​អន្តរាគមន៍​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង​គ្មាន​ការត្រៀមខ្លួន​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាច​កើតមានឡើង​ឡើយ​។ 

២.​លោក អូ​បា​ម៉ា ក៏​ធ្លាប់​បន្ទោ​សលោក ដេវីដ ខេ​មេ​រ៉ូ​ន តែ​លោក​ការពារ​ការអន្តរាគមន៍
​ដោយឡែក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បន្ទោស​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន រួមទាំង​បារាំង និង​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​កន្លងមក​ដែរ ពាក់ព័ន្ធ​ការអន្តរាគមន៍ និង​វិបត្តិ​លី​ប៊ី​ដែល​បន្ត​កើត​ដល់​បច្ចុប្បន្ន​។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Atlantic លោក អូ​បា​ម៉ា បាន​បញ្ជាក់ថា អង់គ្លេស បារាំង និង​សម្ព័ន្ធមិត្ត​អាមេរិក​រដ្ឋ​ឈូង​សមុទ្រ​មិនបាន​ផ្ចង់អារម្មណ៍​ដោះស្រាយ​បញ្ហា​កើតឡើង​ក្រោយ​ការអន្តរាគមន៍​ឡើយ​។ លោក​បន្ថែម គ្រប់គ្នា​ជិះសេះ​លែងដៃ​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក​ខ្លាំងពេក ហើយ​គ្មាន​អ្នកណា​រៀបចំ​ផែនការ​ល្អប្រសើរ​ដើម្បី​ជួយ​លី​ប៊ី ក្រោយ​គាស់​រំលើង​របប​ផ្តាច់ការ​ឡើយ​។​

​ប៉ុន្តែ ទោះជា​លោក​ទទួលស្គាល់​ពី​កំហុសឆ្គង​របស់​សម្ព័ន្ធ​មិត្ត​លោក​ដែល​មិនបាន​ជួយ​លី​ប៊ី​ឲ្យ​ផុតពី​ស្ថានភាព​ចលាចល​ក៏ដោយ លោក អូ​បា​ម៉ា នៅតែ​ជឿជាក់ថា អន្តរាគមន៍​នៅ​លី​ប៊ី​ជា​រឿង​មិនអាច​ខ្វះ​បាន​។ លោក​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ពិតជា​បានធ្វើ​រឿង​ត្រឹមត្រូវ ពោលគឺ​ទប់ស្កាត់​ការសម្លាប់​រង្គាល​ប្រជាជន​ស៊ីវិល​នៅ​លី​ប៊ី​តែម្តង​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​ទទួលស្គាល់​ផងដែរ​ថា ទាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត​សុទ្ធតែ​ថ្លោះធ្លោយ​ក្នុងការ​បង្កើត​ស្ថាប័ន​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ដឹកនាំ​និង​រក្សា​សន្តិសុខ​ដែលជា​រឿង​ចាំបាច់​សម្រាប់​លី​ប៊ី​៕