ហួសចិត្ត​!​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ បែ​ជា​យក​ទៅ​បញ្ចាំ​បាត់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាប់ចោទ​ពី​បទ​ឆបោក​ម៉ូតូ​របស់​មិត្តភក្តិ​ខ្លួន​ម្នាក់ ត្រូវ​បាន​បុរស​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ ហើយ​បាន​ចាប់ខ្លួន​យក​មក​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ក្រោយ​ពី​រូបគេ​បាន​ខ្ចី​ម៉ូតូ​ម៉ាក ហុងដា មួយ​គ្រឿង​ដោយ​ប្រាប់​ថា យក​ទៅ​ឌុ​ប​មិត្តភក្តិ​ម្នាក់​ទៀត ហើយ​យក​ទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន ១០០ ដុល្លារ បាន​រត់គេច​ខ្លួន​បាត់​មួ​យស​ប្តា​ហ៍​មក​ហើយ​នោះ​។

ការ​ឃាត់ខ្លួន​នេះ​ដែរ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​យក​ម​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន នៅ​វេលា​ម៉ោង ៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ដដែល​នេះ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ហេង សុភាព ហៅ​ដេ​វីត អាយុ​៣៤​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សួ​ស នរិន្ទ អាយុ​១៨​ឆ្នាំ មុខរប​ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​។

កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។ បុរស​ជា​ជនជាប់ចោទ​បាន​ខ្ចី​ម៉ូតូ​ម៉ាក ហុងដា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CJ-៧៣៩៩ មួយ​គ្រឿង​ពី​បុរស​រង​គ្រោះ ដោយ​ប្រាប់​ថា ខ្ចី​យក​ទៅ​ឌុ​ប​មិត្តភក្តិ​ម្នាក់​ទៀត​នៅ​ម្តុំ​ខាង​មុខ​រ៉ុ​ក​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ជា​ជនសង្ស័យ​បាន​យក​ម៉ូតូ​តោ​បាត់​ស្រមោល​មិនឃើញ​មក​វិញ ហើយ​ទូរស័ព្ទ​ក៏​មិន​ចូល​នោះ បុរស​ជា​ម្ចាស់​ម៉ូតូ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ដើម្បី​ឲ្យ​ជួយ​ជ្រាវ​ជ្រាវ​រក​ឃាត់ខ្លួន និង​រក​ម៉ូតូ​របស់​ខ្លួន​យក​មក​វិញ​ផង​ដែរ​។ លុះ​រហូត​មក​ដល់​រសៀល​ថ្ងៃនេះ បុរស​ជា​ជន​រង​គ្រោះ​ក៏​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​រូប​នោះ ហើយ​ក៏​បាន​ចាប់​មក​ប្រគល់​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​តែ​ម្តង​។

ពេល​ដែល​ឃាត់ខ្លួន​បាន​ហើយ ត្រូវ​បាន​បុរស​ជា​ជនសង្ស័យ​សារភាព​ថា ម៉ូតូ​មួយ​គ្រឿង​នោះ​ត្រូវ​បាន​រូបគេ​យក​ទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន ១០០​ដុល្លារ តែ​បាន​យក​ទៅ​ចាយវាយ​អស់រលីង​ទៅ​ហើយ​។ ក្រោយ​ពី​ទទួល​បានការ​សារភាព​ពី​បុរស​ជា​ជនសង្ស័យ​រួច​ហើយ និង​រក​ប្រាក់​មក​លោះ​ម៉ូតូ​មក​វិញ​មិន​បាន​នោះ នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លួ​វ​ច្បាប់​ជា​បន្ត​ទៀត​៕