តួ​ក​ម៉េ​នី​ស្ថាន កែ​រដ្ឋធម្មនុញ្ញ​បើកផ្លូវ​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​មួយជីវិត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-14-2016, 8:39 pm         443

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​ម៉េ​នី​ស្ថាន កែ​រដ្ឋធម្មនុញ្ញ​បើកផ្លូវ​ឲ្យ​ប្រធានាធិបតី​កាន់អំណាច​មួយជីវិត​​ប្រទេស​អាស៊ី​កណ្ដាល តួ​ក​ម៉េ​នី​ស្ថាន បាន​លុបចោល​មាត្រា​រដ្ឋធម្មនុញ្ញ​ដែល​រារាំង​ប្រធានាធិបតី Kerbanguly Berdymukhamedov ពី​ការ​ក្ដោប​អំណាច​អស់​មួយជីវិត​ហើយ​។ ចាប់ពីពេលនេះ លោក Berdymukhamedov ដែលមាន​វ័យ ៥៩​ឆ្នាំ​មកហើយ​នោះ អាច​ក្លាយជា​ប្រធានាធិបតី​តួ​ក​ម៉េ​នី​ស្ថាន​រហូតដល់​អស់​ជីវិត ដូច​អតីត​មេដឹកនាំ​ប្រទេស​លោក Saparmurat Niyazov ដែរ​។​

​រដ្ឋ​សម្បូរ​ឧស្ម័ន តួ​ក​ម៉េ​នី​ស្ថាន នៅ​ថ្ងៃទី​១៤ ខែកញ្ញា បាន​កែ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ដើម្បី​បើកផ្លូវ​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន លោក Kerbanguly Berdymukhamedov នៅ​កាន់អំណាច​រហូត​អស់​ជីវិត​។ មុននេះ លោក Berdymukhamedov មិន​អាចធ្វើ​ប្រធានាធិបតី​មួយជីវិត​ឡើយ ដ្បិត​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ កំណត់​អាយុ​មេដឹកនាំ​ប្រទេស​នៅត្រឹម​អាយុ​៧០​ឆ្នាំ​ប៉ុណ្ណោះ​។​

​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​សភា​ប្រទេស​នេះ​។ ភ្លាមៗ​បន្ទាប់ពី​ការអនុម័ត​នេះ លោក​ប្រធានាធិបតី Berdymukhamedov ក៏​ចុះហត្ថលេខា​យល់ព្រម​ដែរ​។ ការកែប្រែ​នេះ បាន​លុបចោល​បទបញ្ញត្តិ​ដែល​កំណត់​អាយុ ត្រឹម​៧០​ឆ្នាំ សម្រាប់​បេក្ខជន​ប្រធានាធិបតី និង​បន្ថែម​អាណត្តិ​ប្រធានាធិបតី​ពី​៥​ឆ្នាំ ទៅ​៧​ឆ្នាំ​វិញ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ការកំណត់​អាយុ​ត្រឹម​៧០​ឆ្នាំ គឺជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ប្រធានាធិបតី Berdymukhamedov ពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី និង​ការ​ឈ្នះឆ្នោត​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ទៀត​។ លោក Berdymukhamedov ដែលមាន​អាយុ​៥៩​ឆ្នាំ កាន់អំណាច​តាំងពី​ឆ្នាំ​២០០៦ ហើយ​អាណត្តិ​របស់លោក នឹង​ចប់​នៅ​ឆ្នាំ​២០១៧​។ នេះ​មានន័យថា ចាប់ពីពេលនេះ គ្មានអ្វី​មករា​រាំង​ការ​ក្ដោប​អំណាច​លោក​ទៀត​ទេ​។​

​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី Berdymukhamedov ឡើង​ធ្វើជា​ប្រធានាធិបតី​តួ​ក​ម៉េ​នី​ស្ថាន បន្តវេន​ពី​ប្រធានាធិបតី​អស់​មួយជីវិត​លោក Saparmurat Niyazov ដែល​ស្លាប់​ក្នុង​ឆ្នាំ​២០០៦​។ លោក Niyazov កាន់អំណាច​ពេញដៃ​នៅ​តួ​ក​ម៉េ​នី​ស្ថាន មុនពេល​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៩១ ទៅទៀត ដែល​ក្រោម​ការគ្រប់គ្រង​របស់លោក គ្មាន​ឡើយ​បក្សប្រឆាំង សំឡេង​ប្រឆាំង និង​ពោរពេញ​ដោយ​ការ​រឹតត្បិត​។ 

​មិន​ខុសគ្នា​ពី​លោក Niyazov ដែរ លោក​ប្រធានាធិបតី Berdymukhamedov ក៏​កាន់អំណាច​ដោយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ដែរ​។ យ៉ាងណាមិញ ដោយសារតែ​ហូរហៀរ​ដោយ​ភោគទ្រព្យ​ស្ម័ន​នោះ ប្រជាជន​ប្រទេស​នេះ ទទួល​ការប្រើប្រាស់​អគ្គីសនី ទឹក និង​ឧស្ម័ន ដោយ​មិន​គិតថ្លៃ​ឡើយ ស្របពេល​ដែល​តួ​ក​ម៉េ​នី​ស្ថាន គឺជា​ប្រទេស​មាន​ឧស្ម័ន​បម្រុង​ទុក​ច្រើនជាងគេ​លំដាប់​ទី​បួន​លើ​ពិភពលោក​៕