​ឆ្លងកាត់​ការចុះឈ្មោះ​បោះឆ្នោត​ជាង​១០​ថ្ងៃ គ​.​ជ​.​ប រកឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ និពន្ធដោយ : ម៉ៅ សុផា       September-14-2016, 9:39 pm         420

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ឆ្លងកាត់​ការចុះឈ្មោះ​បោះឆ្នោត​ជាង​១០​ថ្ងៃ គ​.​ជ​.​ប រកឃើញ​បញ្ហា​ប្រឈម​មួយចំនួន​​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន ទាក់ទង​នឹង​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ គ​.​ជ​.​ប កំពុង​ខ្នះខ្នែង ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​ការចុះឈ្មោះ​បោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅ កាន់តែ​ល្អប្រសើរ​។​

​បញ្ហា​ដែល​គ​.​ជ​.​ប កំពុង​ជួបប្រទះ មានដូចជា ការខ្វះខាត​ធន​ធន​មនុស្ស ការខូចខាត​សម្ភារ​បច្ចេកទេស​ដែល​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត និង​ការយាយី​ពី​ធម្មជាតិ ជាដើម​។ នេះ​បើតាម​ការអះអាង​របស់​លោក ទេព នីថា អគ្គលេខាធិការ​របស់​គ​.​ជ​.​ប​។ 

​អគ្គលេខាធិការ​របស់​គ​.​ជ​.​ប រូបនេះ បាន​រៀបរាប់​ពី​បញ្ហា​ទាំងនោះ​ថា​៖«​យើង មានការ​លំបាក​ដែរ​។ ទីមួយ បញ្ហា​ធម្មជាតិ មាន​ភ្លៀង និង​មាន​ទឹកជំនន់​ខ្លះៗ​។ បញ្ហាលំបាក​ទី​ពីរ គឺ​ការខ្វះខាត​ខាត​ធនធានមនុស្ស ដែល​យើង​ត្រូវបំពេញ​បន្ថែម ហើយ​យើង​មិនអាច​ធ្វើបាន​ភ្លាមៗ​ទេ ត្រូវ​ប្រើ​ពេលវេលា​។ ទី​បី បញ្ហា​បច្ចេកទេស ដែល​យើង​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​»​។

​លោក ទេព នីថា បាន​បកស្រាយ​លម្អិត​ថា គ​.​ជ​.​ប បាន​ពិនិត្យឃើញ ភាពខ្វះខាត​ជាច្រើន​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ទាក់ទង​នឹង​សមត្ថភាព​ផ្នែក​បច្ចេកទេស​។ លោក បន្តទៀតថា មន្ត្រី​ទាំងនោះ នៅតែ​ទាមទារ​ឲ្យ​មានការ​ណែនាំ​និង​ការកែតម្រូវ​បន្ថែមទៀត​។

​បើតាម លោក ទេព នីថា ដដែល សម្ភារ​បច្ចេកទេស ក៏​ជា​បញ្ហា​ប្រឈម​មួយ​រប​ស់គ​.​ជ​.​ប ផងដែរ​។ មន្ត្រីជាន់ខ្ពស់​របស់​គ​.​ជ​.​ប ខាងលើ បានលើកឡើង​ទៀតថា សម្ភារ​បច្ចេកទេស​មួយចំនួន ដូចជា​កំ​ព្យូ​ទ័​រ​ជាដើម បាន​ខូចខាត ក្នុង​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត រយៈពេល​ជាង​១០​ថ្ងៃ មកនេះ​។ តែ​លោក ប្រាប់ថា គ​.​ជ​.​ប បាន​សហការ​យ៉ាង​ល្អ​ជាមួយនឹង ភាគី​អឺរ៉ុប​និង​ភាគី​ជប៉ុន ដែលជា​ម្ចាស់ជំនួយ ដើម្បី​ជួសជុល​និង​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ទាំងអស់នេះ​។

​លោក ទេព នីថា បង្ហាញ​ឧបសគ្គ​មួយទៀត ដែល​គ​.​ជ​.​ប កំពុង​ព្រួយបារម្ភ គឺ​ផល​លំបាក​ពី​ធម្មជាតិ ដែល​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ លោក សង្កត់ធ្ងន់ថា កន្លងមក ទឹកជំនន់ បាន​រារាំង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​មួយចំនួន មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។

​យ៉ាងណាក៏ដោយ លោក ទេព នីថា នៅតែ​វាយតម្លៃ​បែប​វិជ្ជមាន​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ដែល​ប្រព្រឹត្តទៅ​រយៈពេល​១៣​ថ្ងៃ​មកនេះ ទទួលបាន​លទ្ធផល​ល្អ ដោយសារតែ​មន្ត្រី​ជំនាញ​របស់​គ​.​ជ​.​ប អាច​ប្រើប្រាស់​កុំព្យូទ័រ​បាន​ប្រសើរ​ជាង​មុន គួបផ្សំ​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ផងដែរ​។ លោក​បញ្ជាក់ថា ដោយ​គិត​ត្រឹម​ថ្ងៃទី​១៣​កញ្ញា​នេះ ប្រជាពលរដ្ឋ​ជិត​២​លាន​នាក់​ហើយ បាននាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដែល​ចំនួន​នេះ លើស​ការរំពឹងទុករ​ប​ស់គ​.​ជ​.​ប ទៅទៀត​។ 

​ការ​ថ្លែង​របស់លោក ទេព នីថា ខាងលើ ធ្វើឡើង​ក្នុង «​កិច្ចប្រជុំ ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​» នៅ​ព្រឹក​ថ្ងៃទី​១៤ កញ្ញា ឆ្នាំ​២០១៦​នេះ ដោយមាន​ការចូលរួម​ពី​ភាគី​ផ្សេងៗ ដូចជា តំណាង​គណបក្សនយោបាយ តំណាង​សង្គម​ស៊ីវិល និង​ម្ចាស់ជំនួយ​ជាដើម​។ កិច្ចប្រជុំ​នេះ បាន​ផ្តោតទៅលើ​របៀបវារៈ​ចំនួន​៣ រួមមាន​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​, លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ការដោះស្រាយ​បណ្តឹង​អំពី​ការចុះឈ្មោះ​បោះឆ្នោត​៕